31 C
Phnom Penh

CNRP ផ្តោតលើ​​​​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ក្នុង​​​​​​​បណ្ត​​​ឹងទាក់ទងការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួនកំពុងរៀបចំពាក្យបណ្ដឹងដើម្បីដាក់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អំពីអ្នកបោះឆ្នោតជនជាតិវៀតណាមជិត៥.០០០នាក់ ដែលគណបក្សនេះនិយាយថា ត្រូវបានចុះឈ្មោះដោយគ្មានលិខិតបញ្ជាក់សញ្ជាតិជាចំណាត់ការដែលត្រូវបានរិះគន់ថាជាការបន្តប្រពៃណីវាយប្រហារជនជាតិវៀតណាមរបស់គណបក្សនេះ។

ទោះជាយ៉ាងណា លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានប្រឆាំងចំពោះការធ្វើបែបនេះ ដោយលើកឡើងថា បញ្ហានេះគឺជាបញ្ហាគោលការណ៍ ហើយថា គណបក្សសង្គ្រោះជាតិត្រូវបានចាត់ទុកដោយមិនត្រឹមត្រូវថា ជាគណបក្សប្រឆាំងវៀតណាមដោយសារ “ជនបរទេសដែលមិនចេះអក្សរ និងមិនមានបទពិសោធន៍”។

រយៈពេលពីរសប្ដាហ៍បន្ទាប់ពីការផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតបណ្ដោះអាសន្នកាលពីដើមខែនេះ អនុញ្ញាតឱ្យគណបក្ស និងក្រុមអ្នកឃ្លាំមើលដាក់ពាក្យបណ្ដឹងជាមួយស្ថាប័នរៀបចំការបោះឆ្នោតអំពីភាពមិនប្រក្រតីណាមួយដែលខ្លួនបានដឹង។

លោកស្រី ម៉េង សុភារី ប្រធានកិច្ចការបោះឆ្នោត និងនីតិកម្មរបស់គណបក្សសង្គ្រោះ ជាតិបានមានប្រសាសន៍ថា គណបក្សបានស្នើឱ្យអាជ្ញាធរមូលដ្ឋានឆូតឈ្មោះជនបរទេសទាំងនោះចេញ។ លោកស្រី ថ្លែងថា នៅតាមបណ្ដាខេត្តមួយចំនួនដែលសំណើរបស់ខ្លួនត្រូវបានបដិសេធនោះ គណបក្សនេះនឹងនាំយកពាក្យបណ្ដឹងទាំងនេះទៅកាន់ គ.ជ.ប.។

លោកស្រី ម៉េង សុភារី មានប្រសាសន៍ថា “ក្រុមសង្កេតការណ៍របស់យើងកត់សម្គាល់ឃើញថា មានជនបរទេស៤.៨៩៣នាក់ដែលបានចុះឈ្មោះបោះឆ្នោត។ ពួកគេភាគច្រើនជាជនជាតិវៀតណាម”។ លោកស្រីបានបន្ថែមថា ភាពមិនប្រក្រតីទាំងនេះត្រូវបានអ្នកឃ្លាំមើលរបស់គណបក្សរកឃើញអំឡុងពេលចុះឈ្មោះដែលមានរយៈពេល៣ខែ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា។

លោកស្រីបានមានប្រសាសន៍ថា “យើងមិនទាន់ប្រាកដថាតើពួកគេទទួលបានសញ្ជាតិ ខ្មែរស្របច្បាប់ឬយ៉ាងណានោះឡើយ។ ទី១ពួកគេនិយាយមិនច្បាស់។ ទី២ពួកគេស្គាល់អាជ្ញាធរមូលដ្ឋាន” ដោយធ្វើឱ្យបញ្ហានេះទំនងជាថា ពួកគេស៊ុំគ្រលំ ដើម្បីគេចពីច្បាប់។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានមានប្រសាសន៍ថា ពាក្យបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិវាស្មើនឹង “ការរើសអើងជាតិសាសន៍”។

លោកបានថ្លែងថា “នរណាក៏ដោយដែលមានអត្តសញ្ញាណប័ណ្ណ គ.ជ.ប.នឹងអនុញ្ញាតឱ្យពួកគេចុះឈ្មោះហើយ ពីព្រោះគ.ជ.ប.មិនធ្វើការវាយតម្លៃថាអ្នកនោះជាជនជាតិបារាំង ចិន ឬវៀតណាមនោះឡើយ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ថា វាជាឥរិយាបថដដែលៗ របស់គណបក្សសង្គ្រោះជាតិ៖ “ទី១ពួកគេចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាជាអាយ៉ងយួន។ ទី២ពួកគេលើកឡើងថា ជនជាតិវៀតណាមត្រូវបានចុះឈ្មោះសម្រាប់ការបោះឆ្នោត”។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ ថា គណបក្សប្រឆាំងកំពុងឆ្លៀតយកប្រយោជន៍ពី “មនោសញ្ចេតនាជាតិនិយមក្នុងចំណោមពលរដ្ឋកម្ពុជា”។ លោកបានបន្ថែមថា លោកជឿថា “បញ្ហាថ្នាក់ដឹកនាំ” ទីបំផុតនឹងធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការប្រជានិយមរបស់គណបក្សសង្គ្រោះជាតិ។

លោក មាស នី អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា ការផ្ដោតទៅលើបញ្ហាទាក់ទងនឹងជនជាតិវៀតណាម គឺជាផ្នែកនៃ “វប្បធម៌របស់គណបក្សសង្គ្រោះជាតិ”។

ដោយកត់សម្គាល់ថា មនុស្សជាច្រើនក្នុងប្រទេសកម្ពុជានៅតែមានគំនិតអវិជ្ជមានអំពីទំនាក់ទំនងកម្ពុជា-វៀតណាម រួមមានការបារម្ភពីការធ្វើអន្តោប្រវេសន៍របស់ជនជាតិវៀតណាមនោះ លោក មាស នី បានថ្លែងថា “យ៉ាងណាមិញវាផ្តល់ផលប្រយោជន៍ដល់ពួកគេ។ អ្វីដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើគឺតាមច្បាប់ ពីព្រោះគោលនយោបាយធ្វើចំណាកស្រុកមិនទាន់ត្រូវបានអនុវត្តឱ្យបានខ្លាំងក្លានៅឡើយទេ ដូច្នេះហើយគេអាចចូលមកបានធម្មតា”។

បើទោះជារដ្ឋាភិបាលច្រានចោលការអះអាងដែលថា ខ្លួនរណបក្រុងហាណូយដែលបានលើកបន្តុបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាឱ្យកាន់អំណាចបន្ទាប់ពីផ្ដួលរំលំរបបខ្មែរក្រហមក៏ដោយក្តី តែបញ្ហាពាក់ព័ន្ធនិងការចោទប្រកាន់មួយចំនួននៅតែជាបញ្ហាដ៏រសើប។

កាលពីដើមសប្ដាហ៍នេះ លោក សម រង្ស៊ី បានទម្លាយសេចក្ដីថ្លែងការណ៍មួយដែលប្រហែលជាត្រូវបានផ្ញើទៅឱ្យលោក កឹម សុខា អនុប្រធានគណបក្សនេះដោយគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យចុះហត្ថលេខាជាថ្នូរនឹងការដោះលែងមន្ត្រីសិទ្ធិមនុស្សដែលជាប់ពន្ធនាគារ។

ដោយសារសេចក្ដីថ្លែងការណ៍នោះ វាបានធ្វើឲ្យ លោក កឹម សុខា ថ្កោលទោស និងគំរាមបណ្ដេញសមាជិកគណបក្សសង្គ្រោះជាតិណាដែលបានចោទលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាកូនបង្កើតរវាងលោកស្រី ប៊ុន រ៉ានី ជាមួយឧត្ដមសេនីយ៍វៀតណាម។

កាលពីចុងសប្ដាហ៍ ខណៈដែលគណបក្សកាន់អំណាចបានប្រារព្ធខួប៣៨ឆ្នាំចាប់តាំងពី”ការរំដោះ” ប្រទេសកម្ពុជាដោយកងទ័ពវៀតណាមនោះ លោក សម រង្ស៊ី បានបង្ហោះរូបត្លុកអមដោយសារនិយាយពីប្រវត្តិនៃការជ្រៀតជ្រែករបស់វៀតណាមនៅក្នុងនយោបាយកម្ពុជា។

នៅពេលសួរកាលពីម្សិលមិញអំពីការផ្ដោតរបស់គណបក្សនេះទៅលើការលូកដៃរបស់វៀតណាមនោះ លោក សម រង្ស៊ី បានថ្លែងថា ពាក្យបណ្ដឹងពាក់ព័ន្ធអ្នកចុះឈ្មោះបោះឆ្នោតគឺជា “បញ្ហាគោលការណ៍នៅពេលវានិយាយអំពីនីតិរដ្ឋដោយមិនគិតដល់សញ្ជាតិ”។

លោកបានលើកឡើងតាមអីុម៉េលថា       “បញ្ហារបស់អ្នកទាក់ទងទៅនឹងលក្ខណៈដូចគ្នានេះដែលសន្មតមិនត្រឹមត្រូវចំពោះគណបក្សសង្គ្រោះជាតិដោយអ្នកកាសែត ឬអ្នកសង្កេតការណ៍បរទេសដែលទទួលបានព័ត៌មានមិនគ្រប់គ្រាន់ដែលគ្មានមូលដ្ឋានចោទប្រកាន់គណបក្សរបស់ខ្ញុំថា រើសអើងជាតិសាសន៍ប្រឆាំងវៀតណាម”។

ដោយសំដៅដល់ភាពចម្រូងចម្រាសជុំវិញការប្រើពាក្យ “យួន” ជាពាក្យដែលគេប្រើទៅលើជនជាតវៀតណាមដែលចាត់ទុកជាពាក្យប្រមាថនោះ លោក សម រង្ស៊ី បានថ្លែងថា “ជនបរទេសមួយចំនួនដែលមិនចេះអក្សរ ឬគ្មានបទពិសោធន៍នៅពេលវាយតម្លៃពីអត្ថន័យពាក្យខ្មែរជាក់លាក់នៅក្នុងបរិយាកាសនយោបាយជាក់់លាក់នោះ មិនអាចញែកឱ្យដាច់ពីគ្នារវាងពាក្យប្រមាថ និងពាក្យមិនត្រឹមត្រូវខាងនយោបាយឡើយ”។

លោកបានបន្ថែមថា “សូមបញ្ជាក់ពាក្យនេះឱ្យបានច្បាស់ដល់អ្នកអានកាសែត ខេមបូឌា ដេលី ផងដើម្បីកុំឱ្យពួកគេមានការយល់ខុសទៀត”៕ សារុន (រាយការណ៍បន្ថែមដោយ Michael Dickison និង Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស