34 C
Phnom Penh

នាយក​​​រដ្ឋ​​​មន្ត្រីចុះទៅ​​​ការដ្ឋាន​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​ឡាវ ហើយ​​​សន្យា​​​​​​ជា​​​ថ្មី​​​ថា​​​នឹង​​​ផ្តល់​​​ថាម​​​ពល​​​ក្នុង​​​តម្លៃ​​​ថោក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមដំណើរជាមួយសមភាគីឡាវគឺលោក ថងលូន  ស៊ីស៊ូលីត (Thongloun Sisoulith) ចុះទៅពិនិត្យកន្លែងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសនៅក្បែរព្រំដែនកាលពីម្សិលមិញ ដោយកត់សម្គាល់ឲ្យឃើញថា ដំណើរចុះពិនិត្យនេះគឺជាការរំឭកពីការតាំងចិត្តរបស់ប្រទេសឡាវក្នុងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋខ្មែរប្រសើរឡើង។

លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពិធីសម្ពោធច្រកទ្វារអន្តរជាតិត្រពាំងគ្រាលក្បែរកន្លែងសាងសង់ទំនប់វារីអគ្គិសនីនេះថា “ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលឡាវដែលលក់អគ្គិសនីក្នុងតម្លៃថោកមកឲ្យកម្ពុជាជាពិសេសខេត្តស្ទឹងត្រែងនិងព្រះវិហារ”។

សកម្មជននិងសហគមន៍ដែលរស់នៅផ្នែកខាងក្រោមខ្សែទឹកនៃទំនប់វារីអគ្គិសនីដនសាហុង និងទំនប់វារីអគ្គិសនីដែលកំពុងត្រូវបានសាងសង់កាត់ទន្លេមេគង្គក្នុងប្រទេស ឡាវបានលើកឡើងថា ពួកគាត់មានអារម្មណ៍ថា ទទួលរងផលប៉ះពាល់រួចហើយ ក្នុងនោះដូចជាត្រីបានងាប់ចំនួនត្រីផ្សោតថយចុះបន្តិចម្តងៗ ហើយទឹកប្រែក្លាយជាល្អក់ និងបង្កឲ្យមានជំងឺរាករូស និងមានការរោលកន្ទួលជាដើម។

WP-LastImage-19-800x533ទោះជាយ៉ាងណា លោក ហ៊ុន សែន បានសំដែងការឯកភាពចំពោះគម្រោងទាំងនេះដែលអនុវត្តដោយប្រទេសឡាវ ទោះបីជាមានក្តីបារម្ភក្នុងចំណោមប្រទេសផ្សេងៗដែលពឹងផ្អែកលើទន្លេមេគង្គក៏ដោយ ដោយស្របតាមមាគា៌របស់រដ្ឋាភិបាលឡាវដែលថា គម្រោងទាំងនេះមានសារៈសំខាន់ដើម្បីបំពេញតម្រូវការថាមពល។

ដោយពលរដ្ឋជាច្រើននៅក្នុងខេត្តស្ទឹងត្រែងបានទិញអគ្គិសនីក្នុងតម្លៃថោករួចហើយពីប្រទេសឡាវនោះ លោក ធៀមឧត្តម អ្នកផ្តល់ប្រឹក្សាផ្នែកបរិស្ថាន បានលើកឡើងថា ពលរដ្ឋខ្មែរគួរតែត្រូវបានជម្រាបឲ្យបានច្បាស់លាស់ថា តើអ្វីទៅដែលពួកគាត់គួរតែអរគុណចំពោះ ហើយថា តើទំនប់វារីអគ្គិសនីដនសាហុង នឹងកែប្រែការទទួលបានអគ្គិសនី និងតម្លៃអគ្គិសនីដោយរបៀបណា។

លោកបានមានប្រសាសន៍ថា “ពួកគេបាននិយាយថា ពេលពួកគេសាងសង់ទំនប់វារីអគ្គិសនីកាន់តែច្រើនឡើងៗ អគ្គិសនីនឹងមានតម្លៃថោក។ ប៉ុន្តែ គេមិនដឹងច្បាស់ទេថា តើវាមានតម្លៃថោកក្នុងកម្រិតណា”។

លោក ធៀម ឧត្តម មានមន្ទិលថា ការរៀបចំក្នុងពេលបច្ចុប្បន្នដែលប្រទេសកម្ពុជាបានទិញថាមពលពីស្ថានីយដ៏សំខាន់របស់ប្រទេសឡាវនោះ នឹងមិនធ្វើឲ្យមានការផ្លាស់ ប្តូរអ្វីទេ ព្រោះខ្សែកាបបញ្ជូនចរន្តអគ្គិសនីថ្មីមានតម្លៃថ្លៃណាស់ ពោលគឺមានន័យថា ការទទួលបានអគ្គិសនីនឹងមិនមានការពង្រីកខ្លាំងនោះឡើយ។

លោកបានមានប្រសាសន៍ថា “ពួកគេនឹងប្រហែលជានៅតែប្រើប្រាស់ម៉ាស៊ីនចាស់ៗដដែល”។

ស្របពេលដំណាលគ្នានេះ សហគមន៍ស្ថិតនៅតាមបណ្តោយទន្លេមេគង្គដែលបាននិងកំពុងធ្វើការតវ៉ាប្រឆាំងនឹងទំនប់វារីអគ្គិសនីជាច្រើនឆ្នាំហើយនោះ បានលើកឡើងថា ពួកគាត់កំពុងតែទទួលរងផលប៉ះពាល់អវិជ្ជមាន។

លោក ជុំ ហួត សកម្មជនការពារបរិស្ថានដែលមានគម្រោងចុះទៅកន្លែងសាងសង់ទំនប់វារីអគ្គិសនីនេះនៅក្នុងថ្ងៃនេះនោះបានលើកឡើងថា “អ្នកភូមិមូលដ្ឋានកំពុងតែមានអារម្មណ៍មិនល្អដោយសារផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីនេះ”។លោកបានបន្ថែមថា អ្នកខ្លះប្រហែលជាត្រូវផ្លាស់លំនៅ ទៅស្វែងរកការងារធ្វើនៅកន្លែងផ្សេង។

លោក ធៀម ឧត្តម បានលើកឡើងទៀតថា កម្ពុជាគួរតែធ្វើការសិក្សាដោយខ្លួនឯងផ្ទាល់លើផលប៉ះពាល់ឆ្លងព្រំដែននៅតំបន់នេះ ជំនួសឲ្យការពឹងផ្អែកតែទៅលើការសិក្សារបស់ប្រទេសឡាវ។

លោក ធៀម ឧត្តម បានមានប្រសាសន៍ថា “រដ្ឋាភិបាលមានធនធានមនុស្ស និងអ្នកជំនាញគ្រប់គ្រាន់។ ពួកគេគួរតែត្រូវបានអនុញ្ញាតឲ្យសិក្សាអំពីទំនប់វារីអគ្គិសនីនេះ ហើយបង្ហាញរបាយការណ៍ដើម្បីឲ្យពលរដ្ឋគ្រប់រូបស្ងប់ចិត្ត”៕  ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Aisha Down)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស