32 C
Phnom Penh

បុរស​ម្នាក់​នៅខេត្ត​ព្រៃ​​វែង​ស្រមៃ​ចង់​សាកល្បង​ហោះហើរ​​យន្តហោះ​​​​​ដែល​​​ខ្លួន​​​ច្នៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ែន ឡុង នៅចាំបានពេលដែលលោកបានឃើញ “យន្តហោះ” នៅលើមេឃជាលើកដំបូង។

វាគឺនៅក្នុងឆ្នាំ១៩៩៣ ហើយលោកប៉ែន ឡុង ដែលមានអាយុ៦ឆ្នាំនៅពេលនោះបានរត់ក្នុងចម្ងាយរាប់គីឡូម៉ែត្រដើម្បីឲ្យបានទៅដល់កន្លែងចុះចតនៅក្នុងខេត្តស្វាយរៀង។ នៅពេលលោកបានរត់ទៅដល់ យន្តហោះនោះដែលតាមពិតគឺជាឧទ្ធម្ភាគចក្រ ហៀបនឹងហោះឡើងទៅហើយ។

លោកបាននិយាយកាលពីម្សិលមិញថា “ខ្ញុំស្រឡាញ់យន្តហោះតាំងពីខ្ញុំឃើញវាដំបូងម្លេ៉ះ” ។ប៉ុន្តែ គឺប្រព័ន្ធដំណើរមេកានិកដែលធ្វើឲ្យគាត់ចាប់ចិត្តដិតអារម្មណ៍តាំងពីដើមទីមក ហើយការចាប់ចិត្តដិតអារម្មណ៍លើយន្តហោះនេះហើយ ដែលធ្វើឲ្យគាត់ចាប់យកការងារកម្សាន្តខុសប្លែកពីគេ គឺគាត់កំពុងបង្កើតយន្តហោះដោយខ្លួនឯង។

លោក ប៉ែន ឡុង អង្គុយនៅក្នុងយន្តហោះដែលលោកកែច្នៃដោយខ្លួនឯងនៅផ្ទះរបស់លោកក្នុងខេត្តព្រៃវែង។ ប្រសិនបើអ្វីៗដំណើរការតាមការគ្រោងទុក លោកនឹងហោះហើរវាសាកល្បងនៅខែមេសា។ រូបថតៈ ប៉ែន ឡុង
លោក ប៉ែន ឡុង អង្គុយនៅក្នុងយន្តហោះដែលលោកកែច្នៃដោយខ្លួនឯងនៅផ្ទះរបស់លោកក្នុងខេត្តព្រៃវែង។ ប្រសិនបើអ្វីៗដំណើរការតាមការគ្រោងទុក លោកនឹងហោះហើរវាសាកល្បងនៅខែមេសា។ រូបថតៈ ប៉ែន ឡុង

វាប្រហែលជាយានដ៏តូចល្មមមួួយ ប៉ុន្តែវាដូចយន្តហោះអ៊ីចឹង។ វាមានបណ្តោយ៤,៣ម៉ែត្រ និងមានស្លាបប្រវែង៨ម៉ែត្រ។ វាមានកៅអីតែមួយប៉ុណ្ណោះសម្រាប់អ្នកបើកបរ។តួនិងស្លាបយន្តហោះសុទ្ធតែធ្វើពីដែកធុងសាំង។

លោក ប៉ែន ឡុង បានលើកឡើងថា ប្រសិនបើអ្វីៗទាំងអស់នេះដំណើរការទៅមុខតាមការគ្រោងទុកមែន លោកអាចនឹងហោះហើរវាសាកល្បងជាលើកដំបូងនៅខែមេសា។

ប៉ុន្តែ វាគឺជាផ្លូវដ៏វែងឆ្ងាយសម្រាប់បុរសអាយុ៣០ឆ្នាំរូបនេះដែលប្រកបរបរចិញ្ចឹមជីវិតដោយធ្វើជាជាងមេកានិករថយន្តនៅ   ក្នុងភូមិព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លោក ប៉ែន ឡុង បាននិយាយថា “បន្ទាប់ពីខ្ញុំធ្វើយន្តហោះនេះបានប្រហែល ២០ភាគរយ ខ្ញុំស្ទើរតែបោះបង់ចោលទៅហើយ”។ លោកបានបន្ថែមថា ដោយសារធនធានមានកំណត់ ការស្វែងរកសម្ភារ និងព័ត៌មានពាក់ព័ន្ធបច្ចេកវិទ្យាដើម្បីធ្វើឲ្យវាក្លាយជាទៅជាយន្តហោះនោះ មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែ លោកនៅតែបន្តទៅមុខ។

មានពេលមួយ គាត់បានជួបការលំបាកយ៉ាងខ្លាំងពាក់ព័ន្ធបញ្ហាបច្ចេកទេសដែលធ្វើឲ្យគាត់មិនអាចជម្នះទៅមុខបានឡើយបើរកមិនបានគ្រឿងមេកានិកសំខាន់ៗ។ ប៉ុន្តែ គាត់បានលើកឡើងថា គាត់បានរកឃើញ វានៅកន្លែងដែលគេទុកយន្តហោះចោលតាមបណ្តោយផ្លូវជាតិលេខ៣។

WP-LastImage-23-800x594ដោយរៀបការរួចហើយនិងមានកូនពីរនាក់នោះ លោក ប៉ែន ឡុង បានជួបការលំបាកយ៉ាងខ្លាំងក្នុងការការស្វែងរកប្រាក់សម្រាប់គម្រោងនេះ។ តែទោះជាយ៉ាងណារហូតមកទល់ពេលនេះ គាត់អាចរកប្រាក់បានពាក់កណ្តាលហើយនៃប្រាក់ដែលត្រូវការចំនួន១០.០០០ដុល្លារ។

គម្រោងរបស់លោក ប៉ែន ឡុង នេះបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិរបស់លោកព្រួយបារម្ភយ៉ាងខ្លាំង ដោយចាប់ផ្តើមចេញពីប្រពន្ធរបស់គាត់ គឺអ្នកស្រី ហីុង មួយហេង តែម្តង។ ទោះជាយ៉ាងណា ការព្រួយបារម្ភរបស់ប្រពន្ធគាត់មិនមែនរឿងពេលវេលា ឬរឿងប្រាក់ដែលប្តីរបស់គាត់បានចំណាយនោះឡើយ ប៉ុន្តែ គឺរឿងសុវត្ថិភាពរបស់គាត់ផ្ទាល់តែម្តង ពេលលោកទីបំផុតព្យាយាមបើកសាកល្បងយន្តហោះនេះជាលើកដំបូង។

អ្នកស្រីបាននិយាយថា “ខ្ញុំបានសុំឲ្យប្តីរបស់ខ្ញុំបញ្ឈប់ជាច្រើនលើកមកហើយ ប៉ុន្តែ គាត់ចង់បង្ហាញថា គាត់ពិតជាអាចធ្វើបាន។ ឥឡូវនេះខ្ញុំជឿជាក់លើគម្រោងរបស់គាត់”។

អ្នកជិតខាងរបស់លោក ប៉ែន ឡុង គឺអ្នកស្រី លឹម សេង ដំបូងឡើយមិនជឿថា យន្តហោះរបស់បុរសរូបនេះអាចហោះហើរបាននោះឡើយ។ អ្នកស្រី លឹម សេង បាននិយាយថា “ខ្ញុំសួរគាត់ថា តើវាអាចហោះហើរបានមែនអត់ ហើយគាត់បានប្រាប់ខ្ញុំថា ប្រសិនបើមានការអត់ធ្មត់ រាល់គម្រោងនឹងមានដំណើរការទៅមុខ ហើយគាត់ជឿជាក់ថា វានឹងដំណើរការទៅមុខ”។ អ្នកស្រីបានបន្ថែមថា “ឥឡូវវាជិតជោគជ័យហើយ ហើយវាប្រហែលហោះហើរបានល្អ”។

cam-photo-airplane-2លោក សេក ឃាង មេឃុំព្រៃឈរគាំទ្រគម្រោងរបស់លោក ប៉ែន ឡុង ដោយលើកឡើងថា មានមនុស្សម្នាក់មកពីឃុំរបស់លោកព្យាយាមធ្វើអ្វីដែលថ្មី ហើយប្លែកសមនឹងទទួលបានការគាំទ្រ។ លោកបានមានប្រសាសន៍ ថា “ខ្ញុំមិនដឹងថា តើយន្តហោះនេះអាចហោះបាន ឬមិនបាននោះទេ ប៉ុន្តែ យើងត្រូវរង់ចាំមើលសិន”។

កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ គម្រោងរបស់លោក បែ៉ន ឡុង ត្រូវបានផ្សព្វផ្សាយចែករំលែកពាសពេញបណ្តាញទំនាក់ទំនងសង្គម ហើយលោក ជា សុមេធី អភិបាលខេត្តព្រៃវែងក៏បានចុះទៅជួបគាត់ដែរកាលពីរសៀលម្សិលមិញ។

ទោះជាយ៉ាងណា មានការផ្តែផ្តាំឲ្យប្រុងប្រយ័ត្នកាលពីម្សិលមិញ ពីលោក កែវ សីុវនអ្នកនាំពាក្យអាកាសចរណ៍សីុវិល។ លោកបានលើកឡើងថា ទោះបីវាជាគម្រោងដ៏អស្ចារ្យដែលគួរត្រូវបានលើកទឹកចិត្តក៏ដោយ តែលោក បែ៉ន ឡុង គួរតែឲ្យអ្នកជំនាញបច្ចេកទេសពិនិត្យ ជាមុនសិនមុនពេលព្យាយាមហោះហើរជាលើកដំបូងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។ លោកបានបន្ថែមថា ហើយដោយសារតែក្នុងករណីនេះ លោក ប៉ែន ឡុង មិនគួរព្យាយាមហោះហើរជិតយន្តហោះផ្សេងៗទៀតនោះឡើយនៅថ្ងៃសាកល្បង៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស