33 C
Phnom Penh

ក្រុមហ៊ុន​​​​​​ប្រហែល​​​ជា​​​ទិញ​​​យក​​​លំនៅ​​​ដ្ឋាន​​​ពី​ពលរដ្ឋ​​​​នៅអគារ​​​​ប៊ូឌីងស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុនដែលធ្វើការអភិវឌ្ឍប្លុកលំនៅដ្ឋាននៅអគារប៊ូឌីងសក្នុងរាជធានីភ្នំពេញឡើងវិញនោះបាននិយាយថា ខ្លួនប្រហែលជាទិញយកលំនៅដ្ឋានបច្ចុប្បន្នពីពលរដ្ឋមួយចំនួនដែលមិនចង់រង់ចាំគម្រោងនេះសាងសង់រួចរាល់ក្នុងរយៈពេល៤ឆ្នាំនោះឡើយ ជាការផ្លាស់ប្តូរទាំងស្រុងដែលមិនបានធ្វើឱ្យអ្នកជួលផ្ទះមួយចំនួនដែលមិនសប្បាយចិត្តស្ងប់ចិត្តនោះឡើយ។

លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) នាយកប្រតិបត្តិក្រុមហ៊ុនអារ៉ាកាវ៉ាជាក្រុម ហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យរបស់ជប៉ុនទទួលបន្ទុកអភិវឌ្ឍអគារនេះឡើងវិញមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុនសុខចិត្តផ្តល់សំណងហិរញ្ញវត្ថុដើម្បីឱ្យគម្រោងដែលចំណាយទឹកប្រាក់៨០លានដុល្លារនេះដំណើរការទៅមុខ ជាការផ្លាស់ប្ដូរពីជំហរកន្លងមករបស់ខ្លួន។

លោកបានមានប្រសាសន៍ថា “ប្រសិនបើរដ្ឋាភិបាលស្នើឱ្យយើងធ្វើដូច្នេះ យើងប្រហែលជាអាច។ រដ្ឋាភិបាលជាអ្នកគ្រប់គ្រង ហើយយើងជាអ្នកអនុវត្តតាម”។

ប្លុកអគារលំនៅដ្ឋានស្ថិតក្នុងខណ្ឌចំការមននេះមានប្រជាពលរដ្ឋជាង៥០០គ្រួសារស្នាក់នៅ និងជាកន្លែងប្រកបអាជីវកម្មតូចៗមួយចំនួនទៀត។ កាលពីខែកញ្ញា ឆ្នាំ២០១៤ កន្លែងដែលត្រូវបានប្រកាសថា ចាស់ទ្រុឌទ្រោមប្រើការលែងបានហើយព្រោះតែបារម្ភអំពីសុវត្ថិភាពដោយធ្វើឱ្យវាសនារបស់កន្លែងនេះស្ថិតក្នុងភាពមិនច្បាស់លាស់រហូតដល់ខែតុលា ជាពេលដែលរដ្ឋាភិបាលបានប្រកាសអំពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអារ៉ាកាវ៉ា។

អគារប្រាំជាន់ក្នុងចំណោមអគារថ្មីកម្ពស់២១ជាន់គ្រោងផ្ដល់ដល់គ្រួសារស្នាក់នៅបច្ចុប្បន្ន ប៉ុន្តែគ្រួសារជាច្រើនលើកឡើងថា ពួកគាត់ចង់លក់សិទ្ធិរស់នៅក្នុងអគាររបស់ខ្លួនជាង។ ក្រុមមន្ត្រីក្រសួងបានប្រាប់ពួកគាត់ថា ក្រុមហ៊ុនអារ៉ាកាវ៉ានឹងទិញយកលំនៅដ្ឋានទាំងនេះ បើទោះជាបុគ្គលិកក្រុមហ៊ុននិយាយថា ក្រុមហ៊ុនគ្មានបំណងធ្វើដូចនេះក៏ដោយ។

លោក យ៉ាស៊ូម៉ូតូ ថ្លែងថា “ខ្ញុំមិនដឹងថាតើពួកគាត់ចង់លក់ឬក៏ចង់ចូលមកស្នាក់នៅនោះឡើយ។ រដ្ឋាភិបាលជាអ្នកនិយាយជាមួយពួកគាត់ មិនមែនយើងទេ។ ចំណែកសំណងវិញក្រុមហ៊ុនជាអ្នកផ្ដល់ដល់គ្រួសារទាំងនេះ។ យើងនឹងធ្វើតាមការណែនាំរបស់រដ្ឋាភិបាល”។

លោក យ៉ាស៊ូម៉ូតូ បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនទាន់បានពិភាក្សាអំពីលទ្ធផលរបស់ខ្លួនដែលបានមកពីការស្ទង់មតិកាលពីពេលថ្មីៗថាតើមានគ្រួសារប៉ុន្មានចង់ចូលស្នាក់នៅក្នុងអគារថ្មីនេះ ហើយប៉ុន្មានគ្រួសារចង់ឱ្យមានការទិញយកនៅឡើយទេ ដោយធ្វើឱ្យការចាប់ផ្តើមការសាងសង់អគារលំនៅដ្ឋានបណ្តោះអាសន្នដែលស្ថិតនៅខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានការជាប់គាំង។ លោកបានថ្លែងថា លោករំពឹងថា លទ្ធផលនឹងដឹងច្បាស់នៅដំណាច់ខែក្រោយនេះ។ លោកបន្តថា ”កុំប្រញាប់ពេក វាត្រូវចំណាយពេលវេលា”។

លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីបានមានប្រសាសន៍ថា លទ្ធផលនៃការស្ទង់មតិបង្ហាញថា គ្រួសារជាង៤០ភាគរយចង់លក់អាផាតមិនរបស់ខ្លួន។ លោកបានថ្លែងថា “គ្រួសារនៅសល់ជាង៥០ភាគរយទៀតចង់រស់នៅក្នុងអគារថ្មីក្នុងតំបន់នេះ។ ក្រុមហ៊ុនចំាបាច់ត្រូវចរចាអំពីតម្លៃជាមួយគ្រួសារទាំងនេះ បើទោះជាក្រសួងជាអ្នកផ្ដល់ជម្រើសក៏ដោយ”។

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលមិនអាចបង្ខំឱ្យក្រុមហ៊ុនអារ៉ាកាវ៉ាទិញយកលំនៅដ្ឋានដែលគ្រួសារមួយចំនួនចង់លក់បានឡើយ។ ដូច្នេះហើយយើងនឹងព្យាយាមលើកទឹកចិត្តក្រុមហ៊ុន។

អ្នកស្រី ឌី សុផាន់ណារ៉ាម៉ានី តំណាងគ្រួសារដែលរស់នៅអគារប៊ូឌីងសបានជំទាស់លទ្ធផលនៃការស្ទង់មតិនេះ ដោយលើកឡើងថា គ្រួសារជិត៩០ភាគរយចង់ឱ្យមានការទិញយក។ ហើយលោក ខៀវ ប៊ុនធឿន អ្នកតំណាងម្នាក់ទៀតបាននិយាយថា វាឆាប់ពេកដែលរដ្ឋាភិបាលធ្វើការសន្និដ្ឋានពីការស្ទង់មតិរបស់ខ្លួន ពីព្រោះគ្រួសារមួយចំនួនមិនទាន់ត្រូវបានសួរនាំនៅឡើយទេ។

លោកថ្លែងថា “នៅមានគ្រួសារច្រើនទៀតមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិនៅឡើយរួមទាំងខ្លួនខ្ញុំផងដែរ។ ដូច្នេះហើយពួកគេត្រូវតែនិយាយជាមួយពួកយើងអំពីការផ្ដល់សំណងជំនួសឱ្យការចាប់ផ្ដើមគម្រោង”។

លោក ប៊ុនធឿន បន្ថែមថា “ខ្ញុំមិនដែលឃើញក្រុមហ៊ុនមកឱ្យពួកយើងធ្វើដូចនេះ ឬក្រសួងរៀបចំដែនដីមកឡើយ។  ខ្ញុំមិនយល់ហេតុអ្វីបានជាពួកគេមិនមកនិយាយជាមួយពួកយើងអំពីបំណងរបស់ខ្លួន”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស