35 C
Phnom Penh

គណបក្ស​ប្រជាជន​​​ថា នឹង​គ្មាន​​​ការ​ចរចា​​ទាក់​ទិន​អ្នក​ទោស​ ខណៈ​​​​​លោក សម រង្ស៊ី បន្ត​វាយ​ប្រហារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សកាន់អំណាចកំពុងតែបដិសេធមិនបន្តការចរចាឡើយទាក់ទិនការដោះលែងអ្នករិះគន់រដ្ឋាភិបាលយ៉ាងតិច៥រូប ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបន្តប្រមាថមកលើគណបក្សប្រជាជនកម្ពុជា នេះបើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញ។

លោក ខៀវ សុភ័គ ដែលជាអ្នកនាំពាក្យ និងជាប្រធានខុទ្ទកាល័យរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការរិះគន់របស់លោក សម រង្ស៊ី ក្នុងន័យរើសអើងជាតិសាសន៍មកលើគណបក្សប្រជាជនកម្ពុជាទាក់ទិនការប្រារព្ធអបអរសាទរថ្ងៃ៧មករា ជាថ្ងៃដែលកងកម្លាំងវៀតណាមបានផ្ដួលរំលំខ្មែរក្រហមនៅឆ្នាំ១៩៧៩ បានធ្វើឱ្យប៉ះពាល់ដល់ការព្យាយាមបង្កើតការជឿទុកចិត្តគ្នារវាងគណបក្សទាំងពីរ។

នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងដូច្នេះថា ”ពូចង់និយាយអញ្ចេះ ការសន្ទនាគ្នា វាទាល់តែយើងមានកម្រិតដូចគ្នា ឯកភាពគ្នា មិនប៉ែងជើងគ្នា”។

លោក ស ខេង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៧ ខែធ្នូ ហើយហាក់បានព្យាយាមចាប់ផ្ដើមដំណើរការចរចាដើម្បីដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូបមកពីសមាគមអាដហុក និងមន្ត្រីជាន់ខ្ពស់ គ.ជ.ប.មួយរូបដែលសុទ្ធតែត្រូវបានចាប់ខ្លួនកាលពីខែឧសភាពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ដើម្បីឱ្យនាងបដិសេធមិនទទួលស្គាល់ស្នេហាលួចលាក់របស់ខ្លួន។

គណបក្សសង្គ្រោះជាតិបានដើរចេញពីជំនួបនោះមកវិញដោយជឿថា មន្ត្រីទាំងប្រាំរូបនេះនឹងទទួលបានការដោះលែងត្រឹមដំណាច់ខែធ្នូ ខណៈលោក ស ខេង ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ពួកគាត់ប្រហែលជាត្រូវបានដោះលែងត្រឹមពេលនោះ។

ប៉ុន្តែខណៈឆ្នាំថ្មីចូលមកដល់ អ្នកទោសទាំងប្រាំរូបដែលយោងតាមអង្គការសិទ្ធិមនុស្សលីកាដូថា ស្ថិតក្នុងចំណោមអ្នកទោសនយោបាយទាំង២៧រូបនៅកម្ពុជា បន្តជាប់ពន្ធនាគារនៅឡើយ ដែលរហូតមកទល់ពេលនេះមានរយៈពេល២៥៨ថ្ងៃហើយ។

លោក ខៀវ សុភ័គ បានថ្លែងថា ការប្រើប្រាស់របស់លោក សម រង្ស៊ី នូវថ្ងៃ៧មករា ដើម្បីវាយប្រហារគណបក្សកាន់អំណាចចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ដែលបានលើកបន្តុបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នឱ្យឡើងកាន់អំណាច នៅពេលវៀតណាមចាប់ផ្ដើមត្រួតត្រាកម្ពុជារយៈពេល១០ឆ្នាំនោះ បង្ហាញថា ការចរចាជាមួយគណបក្សសង្គ្រោះជាតិគឺគ្មានប្រយោជន៍ឡើយ។

លោកបានចោទសួរថា “អ្នកឯងចោទគេថា អាយ៉ងយួន ប៉ុន្តែនៅតែចង់ចរចាជាមួយអាយ៉ងយួនទៀត? បើយើងនៅតែមិនឯកភាពទស្សនៈគ្នាផង តើចរចាបានប្រយោជន៍អី?”។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការលើកឡើងថា លោកជាអ្នកធ្វើឱ្យជាប់គាំងដំណើរការចរចាដោះលែងអ្នកទោសទាំងប្រាំរូបជាភ័ស្តុតាងបង្ហាញថា ពួកគាត់ជាអ្នកទោសនយោបាយដែលត្រូវគេប្រើប្រាស់ធ្វើជាលក្ខខណ្ឌដោះដូរ ជាការអះអាងដែលគណបក្សកាន់អំណាចបានច្រានចោលម្ដងហើយម្ដងទៀត។

cam-photo-sokha-800x533លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា “សំណួររបស់លោកស្ដីពីទំនាក់ទំនងរវាងការអត្ថាធិប្បាយនយោបាយដែលខ្ញុំបានធ្វើឡើង និងស្ថានភាពនៃការចរចាដើម្បីដោះលែងមន្ត្រីអាដហុកទាំងប្រាំរូបចេញពីពន្ធនាគារបង្ហាញថា វាជាការពិត និងមិនអាចប្រកែកបានថា យើងកំពុងដោះស្រាយបញ្ហាអ្នកទោសនយោបាយដែលគណបក្សប្រជាជនកម្ពុជារបស់ ហ៊ុន សែន ចាប់ធ្វើជាចំណាប់ខ្មាំងដើម្បីជំរុញរបៀបវារៈនយោបាយរបស់ខ្លួនទៅមុខ។ ទង្វើនេះពិតជាមិនអាចទទួលយកបានឡើយ ហើយគួរតែត្រូវបានពិភពលោកទាំងមូលថ្កោលទោស។ ពេលនេះគណបក្សប្រជាជនកម្ពុជាបង្ហាញមុខមាត់ពិតរបស់ខ្លួនហើយថា ខ្លួនជាដៃគូចរចាដែលមិនអាចជឿទុកចិត្តបាន និងគ្មានតម្លៃឱ្យគោរព ខណៈបន្តឃុំខ្លួនមន្ត្រីអាដហុកទាំងប្រាំរូប ហើយអះអាងថា សំណុំរឿងអ្នកទោសទាំងនោះ ‘ស្ថិតក្នុងដៃតុលាការ’ និង ‘ហួសពីសមត្ថភាពរបស់ខ្លួន’។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពួកគេឱ្យគណបក្សសង្គ្រោះជាតិដឹងថា អ្វីៗអាចប្រែប្រួល បើយើងចុះញ៉មធ្វើតាមការគំរាមរបស់ពួកគេ”។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងជាអតីតទីប្រឹក្សាផ្នែកច្បាប់របស់គណបក្សប្រឆាំងបានមានប្រសាសន៍ថា ចាប់តាំងពីលោក កឹម សុខា ទទួលបានការលើកលែងទោសពីការជាប់ពន្ធនាគាររយៈពេល៥ខែទាក់ទិនសំណុំរឿង “សញ្ចរកម្ម” របស់លោកកាលពីដើមខែធ្នូមក រាល់ចំណាត់ការរបស់គណបក្សប្រជាជនកម្ពុជាសុទ្ធតែមានបំណងបង្កឱ្យមានការបែកបាក់សាមគ្គីនៅក្នុងជួរគណបក្សសង្គ្រោះជាតិ។

លោកថ្លែងថា ជំហរចុងក្រោយដែលលោក ខៀវ សុភ័គ បានបញ្ជាក់ទាក់ទិនការដោះលែងអ្នកទោស គឺជាការព្យាយាមបង្វែរកំហឹងរបស់សាធារណជនទាក់ទិនមន្ត្រីសិទ្ធិមនុស្សដែលជាប់ពន្ធនាគារទៅលើប្រធានគណបក្សប្រឆាំង។

លោកបានបន្តថា “គេកំពុងតែប្រើប្រាស់វាធ្វើជាលេសដោះសារចំពោះការមិនធ្វើតាមការសន្យារបស់ខ្លួន។ សាធារណជននឹងបន្ទោសការជាប់ពន្ធនាគាររបស់សកម្មជនទាំងនេះទៅលើលោក សម រង្ស៊ី”។

លោកលើកឡើងទៀតថា ច្បាស់ណាស់ថា មន្ត្រីផ្សេងៗទៀតនៅក្នុងជួរគណបក្សសង្គ្រោះជាតិកំពុងតែព្យាយាមរក្សាសង្វៀននយោបាយឱ្យស្ងប់ស្ងាត់នៅមុនការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខ ប៉ុន្តែការគិតថា លោក សម រង្ស៊ី នឹងធ្វើតាម គឺជាការរវើរវាយហើយ។

លោកបានធ្វើការកត់សម្គាល់ថា “ជាមួយលោក សម រង្ស៊ី ខ្ញុំគិតថា គាត់មិនអាចនៅស្ងៀមទេ។ ដូចអ្នកនយោបាយគ្រប់រូបអញ្ចឹង គឺគាត់ធ្វើហាក់ចង់បង្ហាញថា ’ខ្ញុំនៅទីនេះ ហើយខ្ញុំនៅតែរឹងមាំ’។ វាមិនល្អទេសម្រាប់គណបក្សរបស់គាត់នៅស្ងាត់ស្ងៀម បើមិនដូច្នេះទេ សាធារណជននឹងបំភ្លេចពួកគេចោល”។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយ និងជាទីប្រឹក្សារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា “គណបក្សប្រឆាំងគួរតែផ្ដោតយកចិត្តទុកដាក់លើបញ្ហាជាក់លាក់ និងភាពអយុត្តិធម៌នានាជាជាងធ្វើការប្រមាថផ្ទាល់ខ្លួនទៅលើគណបក្សកាន់អំណាច។

លោកបន្តថា “ខ្ញុំយល់ស្របតាមរដ្ឋាភិបាលថា លោក សម រង្ស៊ី បន្តរិះគន់គេ ហើយការចរចាមិនគួរកើតឡើងទេ ព្រោះគាត់ប្រឆាំងគេ។ អ្វីដែលគណបក្សប្រឆាំងត្រូវធ្វើ គឺផ្ដោតលើស្ថានភាពអយុត្តិធម៌ ការគ្រប់គ្រង ការអនុវត្តមិនយុត្តិធម៌ឱ្យដូចការដាក់គុកមនុស្សដែរ”។

លោកមានប្រសាសន៍ទៀតថា ការវាយប្រហារផ្ទាល់ខ្លួនទៅលើលោក ហ៊ុន សែន និងទំនាក់ទំនងរបស់លោកជាមួយវៀតណាម ទទួលបានការគាំទ្រខ្លាំងក្នុងចំណោមអ្នកបោះឆ្នោតហើយជួយឱ្យបន្តទទួលបានការបរិច្ចាគពីអ្នកគាំទ្រដែលរស់នៅឯបរទេស ប៉ុន្តែទីបំផុតមិនបានកែប្រែស្ថានភាពនយោបាយនៅក្នុងប្រទេសឡើយ។

លោកបានបន្តថា “ឱ្យប្រជាពលរដ្ឋចូលរួមផង ហើយទាមទារឱ្យមានការផ្លាស់ប្ដូរដើម្បីសម្រេចឧត្ដមគតិនោះ។ កុំចេះតែវាយប្រហារគេដើម្បីទទួលបានការគាំទ្រ និងបានលុយពីប្រជាពលរដ្ឋ។ នៅកម្ពុជា ប្រឆាំងនឹងជនផ្ដាច់ការ នយោបាយប្រភេទនេះគឺខ្សោយណាស់”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស