33 C
Phnom Penh

HRW ៖ រដ្ឋាភិបាល​ព្យាយាម​ឆ្លើយ​ដាក់​​ CNRP ​ក្នុង​ឃាតកម្ម​លើ កែម ឡី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅកាត់ HRW បានលើកឡើងក្នុងរបាយការណ៍ទូទាំងពិភពលោកចុងក្រោយបង្អស់របស់ខ្លួនដែលបានចេញកាលពី យប់មិញថា មន្ត្រីរដ្ឋាភិបាលបានប៉ុនប៉ងឆ្លើយដាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្នុងករណីឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ។

របាយការណ៍ដែលសង្កត់ធ្ងន់លើកម្ពុជានេះ បានរិះគន់រដ្ឋាភិបាលចំពោះការរំលោភបំពានយ៉ាងច្រើនដែលបានប្រព្រឹត្តក្នុងឆ្នាំកន្លងមក  ក្នុងនោះរួមមានទាំងការដោះស្រាយរបស់ខ្លួនក្នុងករណីឃាតកម្មលើលោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងស្តាម៉ាតមួយកន្លែងនៅរាជធានីភ្នំពេញកាលពីខែកក្កដាផងដែរ។

អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះអះអាងថា  ខ្លួនមានភ័ស្តុតាងបញ្ជាក់ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាបានប៉ុនប៉ងទម្លាក់កំហុសឃាតកម្មដែលមជ្ឈដ្ឋានទូទៅជឿថារដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នងនេះ មកលើថ្នាក់ដឹកនាំគណបក្សប្រឆាំង។ រហូតមកទល់ពេលនេះ ការស៊ើបអង្កេតករណីឃាតកម្មលើអ្នករិះគន់រូបនេះបានស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ហើយត្រូវបានបិទបញ្ចប់កាលពីខែមុន ដែលធ្វើឱ្យក្រុមគ្រួសារ និងមិត្តភក្ដិរបស់លោក កែម ឡី មានកំហឹងយ៉ាងខ្លាំង។

cam-photo-kem-ley_jump-3របាយការណ៍ដដែលលើកឡើងថា “យោងតាមប្រភពដែលដឹងពីការស៊ើបអង្កេតឃាតកម្មលើលោក កែម ឡី ដោយផ្ទាល់ឱ្យដឹងថា ការចោទប្រកាន់ និងការឃុំខ្លួនខ្មាន់កាំភ្លើងត្រូវបានធ្វើឡើងអមដោយមន្ត្រីប៉ុនប៉ងឆ្លើយដាក់លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថាជាអ្នករៀបចំការធ្វើឃាត ខណៈគេចវេះមិនតាមដានតម្រុយដែលអាចបង្ហាញភ័ស្តុតាងបញ្ជាក់ពីការពាក់ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជា”។

ប៉ុន្មានថ្ងៃបន្ទាប់ពីឃាតកម្មនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជាបានចុះផ្សាយអត្ថបទដែលបង្ហាញថា គណបក្សសង្គ្រោះជាតិទំនងជាពិរុទ្ធជន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ចេញទ្រឹស្ដីស្រដៀងគ្នាដែរ។

អំឡុងសុន្ទរកថាមួយកាលពីខែកក្កដា លោក ហ៊ុន សែន បានចោទសួរថា “តើអ្នកណាជាអ្នកចំណេញ ហើយអ្នកណាជាអ្នកខាតពីសោកនាដកម្មនេះ?”។ លោកបញ្ជាក់ថា រដ្ឋាភិបាលមានការឈឺចាប់ “ខណៈភាគីម្ខាងនិយាយថា ខ្លួនគ្មានសមត្ថភាពផ្ដល់សន្តិសុខជូនប្រជាពលរដ្ឋ ហើយអ្នកផ្សេងទៀតនិយាយថា ឧប្បត្តិហេតុនេះគឺជារឿងនយោបាយ”។

លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា លោកមិនអាចទម្លាយអត្តសញ្ញាណនៃប្រភពព័ត៌មាននោះឡើយ។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា “យើងមានប្រភពរបស់យើង ប៉ុន្តែយើងគ្មានសិទ្ធិទម្លាយប្រភពទាំងនោះទេ។ ប៉ុន្តែមានតែមន្ត្រីដែលមិនដឹងពីការឃោសនារបស់គណបក្សប្រជាជនកម្ពុជាទេ ដែលហា៊ននិយាយដោយទឹកមុខមាំថា គណបក្សប្រឆាំងចំណេញច្រើនជាងលោក ហ៊ុន សែន ពីការស្លាប់របស់លោក កែម ឡី ជាបុគ្គលដែលតែងតែរឹងមាំ និងតែងតែរិះគន់អំពើពុករលួយរបស់ថ្នាក់ដឹកនាំកំពូលៗក្នុងជួររដ្ឋាភិបាលជាសាធារណៈ។ ពួកគេមិនបានជោគជ័យទេនៅក្នុងការឆ្លើយដាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពីព្រោះការអះអាងទាំងនោះពិតជាគួរឱ្យអស់សំណើចដែលមិនសមនឹងឱ្យយកមកពិចារណាផង។ គ្មានអ្នកណាជឿលើអ្វីដែលពួកគេនិយាយទេ ហើយនៅពេលរដ្ឋាភិបាលដឹងថាប្រជាពលរដ្ឋជាច្រើនមានកំហឹងចំពោះឃាតកម្មនយោបាយនេះ ពួកគេក៏សម្រេចថា យកល្អត្រូវបញ្ឈប់ការប្រឌិតអំពីការពាក់ព័ន្ធរបស់គណបក្សប្រឆាំង”។

អង្គការសិទ្ធិមនុស្សមួយនេះបានបញ្ជាក់ថា ខ្លួនមានប្រភពគួរឱ្យជឿទុកចិត្តនៅក្នុងជួររដ្ឋាភិបាល ប៉ុន្តែជាញឹកញាប់ប្រភពទាំងនោះត្រូវបានដកស្រង់ដោយអនាមិក។

នៅក្នុងរបាយការណ៍ទូទាំងពិភពលោកចុងក្រោយរបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញមុខនិយាយមុនគេថា ជនសង្ស័យបីនាក់នៅក្នុងហេតុការណ៍ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅខាងក្រៅរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ គឺជាអង្គរក្សមកពីអង្គភាពកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន។

ក្រោយមក នៅក្នុងតុលាការបញ្ជាក់ថា បុរសឈ្មោះ ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត វណ្ណនី ពិតជាអង្គរក្សមកពីអង្គភាពកងអង្គរក្សផ្ទាល់របស់នាយករដ្ឋមន្ត្រីប្រាកដមែន។ ពួកគេត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំកាលពីខែឧសភា ប៉ុន្តែភាគច្រើននៃទោសរបស់ពួកគេត្រូវបានព្យួរ ហើយរយៈពេលមិនដល់៦ខែក្រោយផង ពួកគេក៏មានសេរីភាពឡើងវិញ។

មិនតែប៉ុណ្ណោះពីរនាក់ក្នុងចំណោមជនល្មើសទាំងបីខាងលើថែមទាំងទទួលបានការដំឡើងឋានន្តរស័ក្តិនៅក្នុងជួរយោធាទៀតផងក្រោយពីការប្រើអំពើហិង្សានោះ នេះបើយោងតាមព្រះរាជក្រឹត្យមួយដែលបានចេញផ្សាយជាសាធារណៈកាលពីខែមុន។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកមិនអាចសន្និដ្ឋានបានទេថាតើអ្នកណាជាអ្នកស្ថិតនៅពីក្រោយឃាតកម្មលើអ្នកវិភាគនយោបាយដែលបានបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅឆ្នាំ២០១៥រូបនេះ ហើយលើកឡើងថា  គួរតែទុកឱ្យសាធារណជនជាអ្នកវិនិច្ឆ័យទៅចុះ។

ដោយបញ្ឆិតបញ្ឆៀងដល់ការព្រួយបារម្ភនៅក្នុងជួរគណបក្សសង្គ្រោះជាតិថា លោក កែម ឡី នឹងក្លាយជាគូប្រជែងនយោបាយ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា ”គាត់បានបង្កើតគណបក្សមូលដ្ឋាន ហើយបន្ទាប់មកគាត់ក៏ត្រូវគេធ្វើឃាត ដូច្នេះវាស្រេចលើសាធារណជនពិចារណាទៅចុះ។ ខ្ញុំមិនអាចធ្វើការសន្និដ្ឋានណាមួយបានទេ ព្រោះខ្ញុំមិនមែនជាមន្ត្រីអនុវត្តន៍ច្បាប់”។

អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា លោកមិនភ្ញាក់ផ្អើលទេចំពោះរបាយការណ៍ដែលរិះគន់ធ្ងន់ៗនេះ ហើយលោកជឿថា ឥរិយាបថរបស់អង្គការនេះដាក់គណបក្សកាន់អំណាចនឹងមិនកែប្រែឡើយ ដរាបណាលោក ប្រែ៊ដ អាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីនៅតែធ្វើការក្នុងស្ថាប័ននេះ។

លោកបន្ថែមទៀតថា ”តាំងពីដំបូងម្លេ៉ះ វាគ្មានអ្វីចម្លែកទេសម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ជាពិសេសមេរបស់អង្គការនេះ មានកំហឹង ហើយសងសឹកមកលើគណបក្សប្រជាជនកម្ពុជា ព្រមទាំងរដ្ឋាភិបាល។ វាប្រហែលជាការស្អប់ខ្ពើមសួរពូជ។ បើគាត់មិនស្លាប់ គាត់នឹងមិនឈប់និយាយបែបនេះទេ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស