27.5 C
Phnom Penh

​​​​​​​បំពាន​អនុសាសន៍​នាយករដ្ឋមន្ត្រី​ អតីត​​​មេប្រឆាំងគ្រឿង​​​ញៀននឹងត្រូវ​​​ដោះលែងមុនពេលកំណត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ខែវិច្ឆិកា ហើយទទួលបានកាលពីម្សិលមិញបានឱ្យដឹងថា រដ្ឋាភិបាលបានបន្ធូរបន្ថយទោស៩ខែដល់អតីតនាយនគរបាលប្រឆាំងគ្រឿងញៀនម្នាក់ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីបទជួញដូរគ្រឿងញៀន ដោយបំពានអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

លោក ទូច មុយស័រ អតីតមន្ត្រីនគរបាលជាន់ខ្ពស់មួយរូបក្នុងរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៥ ពីបទមានថ្នាំញៀនមេតំហ្វេតាមីនប្រហែល៨.០០០គ្រាប់ និងធ្លាប់ទទួលសំណូកពីអ្នកចែកចាយគ្រឿងញៀនមួយចំនួនទៀតដើម្បីឱ្យពួកគេរួចផុតពី ការចាប់ខ្លួន។ ក្នុងឆ្នាំ២០១១ ក្នុងអាយុ៤២ឆ្នាំ លោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំ រួមទាំងរយៈពេលអនុវត្តទោសផង។

អំឡុងបុណ្យអំុទូកកាលពីខែវិច្ឆិកា ឆ្នាំមុន លោក ទូច មុយស័រ គឺជាទណ្ឌិតម្នាក់ក្នុងចំណោមទណ្ឌិត១៨នាក់ដែលត្រូវបានបន្ធូរបន្ថយទោស៩ខែ។ ទណ្ឌិត៤៥នាក់ទៀតត្រូវបានបន្ធូរបន្ថយទោស៦ខែរួមមានលោកអាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញដែលអបយសផងដែរ។

រដ្ឋាភិបាលតែងតែរៀបចំឱ្យមានការដោះលែងមុនពេលកំណត់និងការលើកលែងទោសដល់អ្នកទោសអំឡុងពេលបុណ្យជាតិដូចជាបុណ្យអុំទូក និងនិងបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រជាដើម។ ការដោះលែងអ្នកទោសមួយចំនួនដែលជាប់ទោសពីបទរំលោភផ្លូវភេទ និងបទឧក្រិដ្ឋផ្សេងៗទៀតបានធ្វើឱ្យមានការបារម្ភ។

ការដោះលែងលោក ទូច មុយស័រ មុនពេលកំណត់ជាការបំពានអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទិននឹងបទល្មើសគ្រឿងញៀន។

លោក ហ៊ុន សែន មានប្រសាសន៍កាលពីឆ្នាំ២០១៥ថា “ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវពិនិត្យឱ្យបានល្អិតល្អន់កុំចេះតែដោះលែងមុនពេលកំណត់ដល់អ្នកទោសទាំងឡាយណាដែលជាប់ពន្ធនាគារពីបទប្លន់ និងជួញដូរគ្រឿងញៀន ពីព្រោះពួកគេចេញមកប្លន់ទៀតនៅតាមកន្លែងជាច្រើនតែដដែលហ្នឹង”។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក កែវ សាន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានអះអាងថា ការដោះលែងលោក ទូច មុយស័រ មុនពេលកំណត់នឹងមិនបំពានអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីឡើយ ពីព្រោះគាត់ត្រូវបានពិនិត្យយ៉ាងប្រុងប្រយ័ត្នដោយគណៈកម្មាធិការក្រុង និងគណៈកម្មាធិការជាតិដែលមានលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន។

លោកបានមានប្រសាសន៍ថា ”ជាធម្មតា នៅពេលគាត់ឆ្លើយតបតាមលក្ខណវិនិច្ឆ័យ ដូចជាការកែខ្លួនបានល្អជាដើម គាត់ត្រូវបានបន្ធូរបន្ថយទោសហើយ”។

លោក កែវ សាន បានបន្ថែមថា ការពិនិត្យពិច័យយ៉ាងល្អិតល្អន់បានបន្ថយចំនួនអ្នកទោសដែលត្រូវដោះលែងមុនកំណត់ពីចំនួនប្រហែល៥០០នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកមកត្រឹមចំនួនប្រហែល១០០នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន។

លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានី ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ហើយត្រូវបានផ្តន្តាទោសនៅខែកុម្ភៈនៃឆ្នាំបន្ទាប់ពីបទយករថយន្តទំនើបមួយគ្រឿងដែលរឹបអូសបានពីអ្នកចែកចាយគ្រឿងញៀនទៅប្រើប្រាស់ផ្ទាល់ខ្លួនដោយខុសច្បាប់។ លោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែតុលាការបានបង្គាប់ឱ្យលោកអនុវត្តទោសតែ២ឆ្នាំប៉ុណ្ណោះ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស