31 C
Phnom Penh

ស្រប​​​ពេល​​​មាន​​​ការ​​​តវ៉ា​​​​​​ឲ្យ​​​ដោះ​​​លែង​​​​​​មន្ត្រី​​​ CNRP ដែលជាប់​​​ពន្ធនាគារ ​​​អភិ​​​បាល​​​​​​​​​ខេត្ត​​​​​​លុប​​​ចោល​​​ការ​​​យក​​​ថ្លៃ​​​ឆ្លង​​​ដែន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាលខេត្តមួយរូបបានលុបចោលការយកថ្លៃចេញចូលព្រំដែនតាមច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតកាលពីម្សិលមិញ នៅក្នុងចំណាត់ការមួយដែលធ្វើឲ្យកើតមានការសង្ស័យថា វាគ្រាន់តែជាការព្យាយាមដើម្បីផ្គាប់ផ្គុនអ្នកភូមិមូលដ្ឋានដែលផ្ទុះកំហឹងដោយសារការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សប្រឆាំងប្រចាំមូលដ្ឋានមួយរូប ដែលក៏ជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាដែរនោះ។

មន្ត្រីនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារនេះត្រូវបានបង្គាប់ឲ្យឈប់យកថ្លៃ១.០០០រៀលបណ្តោះអាសន្នពីប្រជាពលរដ្ឋខ្មែរដែលឆ្លងកាត់ព្រំដែនទៅប្រទេសថៃ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចុះហត្ថលេខាដោយលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ។

សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ការសម្រេចនេះធ្វើឡើងតាមអនុសាសន៍ណែនាំរបស់លោក កែ គឹមយ៉ាន ជាឧបនា យករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី ដែលជាអភិបាលរងខេត្ត បានលើកឡើងថា ការផ្អាកយកថ្លៃនេះគ្មានអ្វីជាប់ពាក់ព័ន្ធនឹងភាពតានតឹងដែលកើតចេញពីការចាប់ខ្លួនលោក ម៉ង់ ពុទ្ធី អនុប្រធាន គណបក្សសង្គ្រោះជាតិប្រចាំក្រុងប៉ោយបែ៉ត ដែលត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបានបើករថយន្តរបស់ខ្លួនបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីខែមុននោះឡើយ ។

លោកបានលើកឡើងបន្តថា ផ្ទុយទៅវិញ ការផ្លាស់ប្តូរគោលនយោបាយភ្លាមៗនេះ គឺជាការខិតខំប្រឹងប្រែងមួយទៀតរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលដឹងថា ពលរដ្ឋខ្មែរកំពុងប្រឈមបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ហេតុដូច្នេះពួកគាត់មិនចាំបាច់បង់ថ្លៃចេញចូលព្រំដែនរាល់ពេលពួកកគាត់ឆ្លងកាត់ព្រំដែននោះឡើយ”។

ដោយបដិសេធមិនបកស្រាយពីពេលវេលានៃការសម្រេចនេះ លោកបានថ្លែងបន្តថា “វាមិនជាប់ពាក់ព័ន្ធនឹងបញ្ហាផ្ទាល់់ខ្លួននោះទេ”។

រូបភាពវីដេអូស្តីពីឧប្បត្តិហេតុេនះដែលត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហាញថា លោក ឈាន ពិសិដ្ឋ បានដួលទៅលើថ្នល់ភ្លាមៗទោះបីជាស្ទើរតែមិនប៉ះជាមួយរថយន្តរបស់លោក ម៉ង ពុទ្ធី ក៏ដោយ។

មន្ត្រីរូបនេះដែលមានពាក់រណបកបន្ទាប់ពីឧប្បត្តិហេតុនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសថៃភ្លាមៗ ប៉ុន្តែ រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបញ្ចេញប៉ុន្មានថ្ងៃកន្លងមកបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា គាត់កំពុងដើរយ៉ាងរំភើយនៅក្នុងផ្ទះសំណាក់ក្នុងប្រទេសថៃ។

លោក ម៉ង់ ពុទ្ធី ប្រឈមនឹងការដែលអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ មេធាវីរបស់លោកបានលើកឡើងថា ការបើកសវនាការជុំវិញសំណើសុំនៅក្រៅឃុំរបស់លោកនឹងធ្វើឡើងនៅសាលាឧទ្ធរណ៍ក្នុងថ្ងៃនេះ។

លោក សង សាកន ដែលជាប្រធានក្រុមកម្មករក្រៅប្រព័ន្ធមួយរូបទៀតនៅខេត្តបន្ទាយមានជ័យបានលើកឡើងថា លោកមិនជឿការបកស្រាយរបស់រដ្ឋាភិបាលពាក់ព័ន្ធការផ្អាកយកថ្លៃឆ្លងកាត់ព្រំដែននេះឡើយ។

ដោយប្រើឈ្មោះ មួយទៀតរបស់លោក ម៉ង់ ពុទ្ធី នោះ លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលកំពុងលួងលោមប្រជាពលរដ្ឋឲ្យឈប់ខឹង បន្ទាប់ពីលោក ឌិន ពុទ្ធី ត្រូវបានចាប់ខ្លួន”។

លោកបានលើកឡើងទៀតថា ទោះបីជាលោកទទួលស្គាល់ថា ការផ្លាស់ប្តូរនេះនឹងផ្តល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្រីក្រជាច្រើនដែលឆ្លងកាត់ព្រំដែនជាប្រចាំទៅធ្វើការងារនៅប្រទេសថៃក៏ដោយ តែហេតុផលនេះ គឺជារឿងនយោបាយសុទ្ធសាធ។ លោកបាននិយាយថា “ខ្ញុំជឿថា វាមានអត្ថប្រយោជន៍នយោបាយសម្រាប់រដ្ឋាភិបាលព្រោះការបោះឆ្នោតជិតមកដល់ហើយ”។

លោក សង សាកន បានលើកឡើងទៀតថា អ្នកតវ៉ាដែលគាំទ្រលោក ម៉ង់ ពុទ្ធី ចាប់តាំងមានការចាប់ខ្លួនលោក និងមានការបញ្ចេញវីដេអូស្តីពីការដួលរបស់លោកឈាន ពិសិដ្ឋ នោះ នឹងនៅតែបន្តគាំទ្រ លោក ម៉ង់ ពុទ្ធី បន្តទៅមុខទៀត ដោយសារការតស៊ូមតិជាយូរមកហើយរបស់លោកជួសមុខឲ្យពលរដ្ឋខ្មែរនៅតាមព្រំដែន។

សម ឃឿន អាយុ៥៨ឆ្នាំជាអ្នកអូសរទេះដែលឆ្លងកាត់ព្រំដែន៦ទៅ៧ដងក្នុងមួយថ្ងៃអស់រយៈពេល១៥ឆ្នាំមកហើយនោះបានលើកឡើងថា អ្នកស្រីនឹងនៅតែគាំទ្រសកម្មជនរូបនេះ។

អ្នកស្រីបាននិយាយថា “ខ្ញុំនឹងចូលរួមការតវ៉ាដើម្បីលោក ម៉ង់ ពុទ្ធី ។ គាត់តែងតែជួយយើងពេលអាជ្ញាធរថៃជេរប្រមាថយើង”។ អ្នកស្រីបានបន្ថែមថា ទោះជាយ៉ាងណា អ្នកស្រីស្វាគមន៍ការឈប់យកថ្លៃការឆ្លងកាត់ព្រំដែន។

អ្នកស្រីបាននិយាយថា “ខ្ញុំសង្ឃឹមថា ពួកគេនឹងឈប់យកថ្ងៃរហូតព្រោះពេលខ្លះពួកគេប្រកាសថា នឹងមិនយកទេ ប៉ុន្តែ ក្រោយមកនៅតែយកដដែល”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស