35 C
Phnom Penh

ស្ត្រី​​​ជំនួយ​​​ការ​​​មេផ្ទះ​​​១៥នាក់​​​ទៀត​​​​​​ដែល​​​រង​​​ការ​​​ជួញ​​​ដូរ​​​​​ត្រូវ​​​បាន​​​បញ្ជូន​​ត្រឡប់​​​មកពី​​​ម៉ាឡេស៊ីវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅសប្ដាហ៍នេះប្រទេសកម្ពុជាបានធ្វើមាតុភូមិនិវត្តស្ត្រី១៥នាក់ដែលត្រូវបានឃុំខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានជួញដូរទៅធ្វើការដោយខុសច្បាប់ក្នុងប្រទេសម៉ាឡេស៊ីជាស្ត្រីជំនួយការមេផ្ទះ ដោយប្រទេសទាំងពីរមិនទាន់សម្រេចបានសេចក្តីលម្អិតដើម្បីចាប់ផ្ដើមបញ្ជូនស្ត្រីជំនួយការមេផ្ទះស្របច្បាប់ឡើងវិញនៅឡើយទេ។

យោងតាមសេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញដោយក្រសួងការបរទេសបានឱ្យដឹងថា ស្ត្រីទាំងនេះដែលមានអាយុពី២០ឆ្នាំដល់៣៧ឆ្នាំ ត្រូវបានបញ្ជូនតាមយន្តហោះមកកម្ពុជាកាលពីថ្ងៃពុធ រយៈពេល១ឆ្នាំបន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនចំពោះការទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។

សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា ស្ត្រីទាំងនេះត្រូវបានក្រុមហ៊ុនមួយក្នុងប្រទេសកម្ពុជាបញ្ជូនឲ្យទៅធ្វើការជាស្ត្រីជំនួយការមេផ្ទះឱ្យក្រុមហ៊ុន H2O Cleaning Services របស់ម៉ាឡេស៊ីក្នុងឆ្នាំ២០១៥។ សេចក្តីថ្លែងនេះបន្ថែមថា ពួកគេត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០១៦ នៅផ្ទះរបស់មនុស្សម្នាក់ដែលគេប្រាប់ថាឈ្មោះ ជិន ចំពោះការទៅធ្វើការងារដោយគ្មានលិខិតឆ្លងដែន ឬប័ណ្ណការងារ ហើយត្រូវបានបើកសវនាការជំនុំជម្រះ។

សេចក្ដីថ្លែងការណ៍ដដែលនេះឱ្យដឹងទៀតថា “បន្ទាប់ពីទទួលបានព័ត៌មានពីការឃុំខ្លួន នេះ ស្ថានទូតកម្ពុជាបានចាត់តាំងមន្ត្រីឱ្យចុះទៅពិនិត្យមើលកន្លែងស្នាក់នៅ អាហារហូបចុក និងសុខភាពរបស់ពួកគេ ហើយចូលរួមគ្រប់សវនាការជំនុំជម្រះដែលពួកគេត្រូវបានតុលាការកោះហៅ។

ដោយរង់ចាំការចេញសាលក្រមនៅឡើយនោះ ”តុលាការបានយល់ព្រមតាមសំណើរបស់ស្ថានទូតអនុញ្ញាតឱ្យស្ត្រីទាំង១៥នាក់នេះមកកាន់កម្ពុជាវិញបន្ទាប់ពីទទួលបានរបាយការណ៍ចុងក្រោយរបស់ពួកគេកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។ ស្ថានទូតនឹងតំណាងឱ្យស្ត្រីទាំង១៥នាក់នេះដើម្បីទាមទារប្រាក់ឈ្នួលរបស់ពួកគេដែលនៅសេសសល់ពីនិយោជក”។

សេចក្ដីថ្លែងការណ៍នេះមិនបានលើកឡើងថា តើប្រាក់ឈ្នួលប៉ុន្មានដែលនិយោជកមិនទាន់បើកឱ្យស្ត្រីទាំងនេះ ឬថាតើក្រុមហ៊ុននៅក្នុងប្រទេសម៉ាឡេស៊ីដែលបានជួលពួកគេ ឬក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដែលបានបញ្ជូនពួកគេទៅ នឹងត្រូវផ្ដន្ទាទោស នោះឡើយ។ ក្រុមហ៊ុនកម្ពុជានេះមិនត្រូវបានបង្ហាញអត្តសញ្ញាណទេ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបម្រាមហាមមិនឱ្យបញ្ជូនពលរដ្ឋកម្ពុជាទៅធ្វើការជាស្ត្រីជំនួយការមេផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១១ នៅពេលមានរបាយការណ៍កើនឡើងពីការមិនបើកប្រាក់ឈ្នួលឱ្យ ការបង្ខំឱ្យធ្វើការថែមម៉ោង អាហារហូបចុកមិនគ្រប់គ្រាន់ រងការរំលោភបំពានលើរាងកាយ និងផ្លូវភេទជាដើម។

ប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់មួយកាលពីខែធ្នូ ឆ្នាំ២០១៥ ដកបម្រាមនេះចេញវិញ។ ប៉ុន្តែព័ត៌មានលម្អិតទាក់ទិនផែនការថ្មីក្នុងគោលបំណងធានាដល់សុវត្ថិភាពរបស់ពួកគេនោះមិនទាន់ព្រាងបញ្ចប់នៅឡើយទេ ដោយធ្វើឱ្យបម្រាមនេះនៅរក្សាទុកដដែល។

ទោះជាដូច្នេះក្ដី ពលរដ្ឋកម្ពុជាជាច្រើនបានបន្តទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ីជាស្ត្រីជំនួយការមេផ្ទះដដែល ជូនកាលមានជំនួយពីក្រុមហ៊ុនជ្រើសរើសពលករក្នុងប្រទេស។

កាលពីឆ្នាំមុន ស្ត្រីជំនួយការមេផ្ទះជនជាតិខ្មែរពីររូបដែលត្រូវបានចាប់យកទៅឃុំខ្លួននៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានបញ្ជូនត្រឡប់មកវិញនោះបាននិយាយថា ពួកគេបានឃើញអ្នកដែលត្រូវគេឃុំខ្លួនដូចគ្នារួមទាំងពលរដ្ឋខ្មែរដទៃទៀតរងការវាយដំយ៉ាងធ្ងន់ធ្ងរពីសំណាក់សន្តិសុខ ហើយបានស្លាប់អំឡុងពេលឃុំខ្លួន។ អាជ្ញាធរម៉ាឡេស៊ីបានបដិសេធការអះអាងនេះ ប៉ុន្តែពួកគេលើកឡើងថា ស្ត្រីកម្ពុជាម្នាក់នៅមណ្ឌលឃុំខ្លួននេះបានស្លាប់ដោយមិនដឹងថាមានជំងឺអ្វីឱ្យច្បាស់ឡើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស