40.9 C
Phnom Penh

លោក ហ៊ុន សែន តាំង​ខ្លួន​ជា​សាស្ត្រាចារ្យ​​សារព័ត៌មាន​ក្នុង​ពិធី​ជួប​ជុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គេដឹងច្បាស់តាំងពីមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងលើវេទិកាកាលពីថ្ងៃសៅរ៍ម្លេ៉ះថា ពិធីជួបជុំលើកដំបូងរបស់លោកជាមួយក្រុមអ្នកកាសែតក្នុងស្រុកនៅរាជធានីភ្នំពេញ នឹងមិនមានការប្រឈមមុខដាក់គ្នាឡើយ។

អ្នកកាសែតរាប់ពាន់នាក់ និងមន្ត្រីរដ្ឋាភិបាលបានទះដៃយ៉ាងស្រុះគ្នា នៅពេលលោក ហ៊ុន សែន ចូលទៅដល់សាលធំនៃសណ្ឋាគារសុខា ដែលមានការប្រគំតន្ត្រីប្រពៃណីដើម្បីទទួលស្វាគមន៍ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ស្ថាប័នវិទ្យុដែលទទួលបានមូលនិធិពីសហរដ្ឋអាមេរិក និងស្ថាប័នសារព័ត៌មានដែលមានមូលដ្ឋាននៅបរទេសមិនត្រូវបានអញ្ជើញឱ្យចូលរួមពិធីនេះឡើយ។

អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋាភិបាលចូលរួមក្នុងពិធីជួបជុំលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។ ហ្វេសប៊ុក
អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋាភិបាលចូលរួមក្នុងពិធីជួបជុំលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។ ហ្វេសប៊ុក

ក្តីសង្ឃឹមថា ពិធីទទួលទានអាហារពេលល្ងាចនេះប្រហែលជាផ្ដល់ឱកាសដ៏កម្រឱ្យអ្នកសារព័ត៌មានសួរសំណួរទៅនាយករដ្ឋមន្ត្រីបានរលាយបាត់ភ្លាមៗ នៅពេលលោក ហ៊ុន សែន ធ្វើដំណើរទៅដល់ ដោយមានការបម្រើស្រាជាហូរហែ និងអាហារច្រើនវគ្គអមដោយការប្រគំតន្ត្រីពីសំណាក់តារាចម្រៀងនានាក្រោយសុន្ទរកថារបស់លោក។

ជាកិច្ចចាប់ផ្ដើមសុន្ទរកថារយៈពេល១ម៉ោងដើម្បីប្រាប់ទៅបណ្ដាអ្នកសារព័ត៌មាន  និងមន្ត្រីរដ្ឋាភិបាលពីរបៀបធ្វើការងាររបស់ខ្លួន លោក ហ៊ុន សែន មានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំសូមបញ្ជាក់ថា នេះមិនមែនជាសន្និសីទសារព័ត៌មាននោះទេ  ហើយនេះក៏មិនមែនជាពិធីជួបជុំដើម្បីអបអរសាទរពិធីខួបលើកទី៣២នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីនោះដែរ”។

លោកបន្តថា “ឥឡូវនេះ ខ្ញុំចង់និយាយទៅដល់បញ្ហាផ្នែកខាងអ្នកយកព័ត៌មានយើងវិញម្តង កាញារីទ្ធ កុំខឹងខ្ញុំ ខ្ញុំនិយាយត្រង់ណា។ ចុះបើនិយាយមិនត្រង់ ធ្វើជានាយករដ្ឋមន្ត្រីធ្វើអីវុី។ ដោយសារតែអាត្រង់ហ្នឹងហើយធ្វើជានាយករដ្ឋមន្ត្រីបាន៣២ឆ្នាំហ្អ ហើយ [ពួកប្រឆាំង] កុំមកចង់ផ្ដួលលេងៗ អាហ្នឹងផ្តួលវាមិនងាយទេ កុំសូវពេក ហើយកុំចង់បដិវត្តន៍ អាបដិវត្តន៍កំពុងងាប់ហ្អ។ ឥឡូវដូចស្ងាត់វុី? ម៉េចក៏មិនចេញមកអបអរសាទរ មនុស្សស្លាប់ច្រើនណាស់ៗ អបអរសាទរ? ម៉េចក៏មិនចេញមកទៀត បាត់ឲ្យឈឹងតាហ្មង?”។

(អង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូបានបញ្ជាក់ថា ចំនួនអ្នកទោសនយោបាយនាពេលបច្ចុប្បន្នដែលរួមទាំងសកម្មជន និងមន្ត្រីគណបក្សប្រឆាំងផង មានចំនួន២៦នាក់។)

ងាកទៅបាឋកថារបស់លោកស្តីពីសារព័ត៌មានវិញ លោកបានសួរខ្លួនឯងថា អ្វីទៅដែលធ្វើឱ្យស្ថាប័នសារព័ត៌មានមួយក្លាយជាស្ថាប័នដែលឆ្លាតបំផុត។ លោកបានឆ្លើយថា “វាជាសារព័ត៌មានដែលនិយាយការពិត និងទាន់ហេតុការណ៍”។

លោកបានផ្ដល់អនុសាសន៍ដល់ស្ថាប័នសារព័ត៌មាននានាឱ្យបង្កើតគេហទំព័រផ្ទាល់ខ្លួន ចុះផ្សាយការកែតម្រូវនៅពេលការចុះផ្សាយខុសឆ្គង កុំទទួលការសូកប៉ាន់ដើម្បីបិទព័ត៌មានដែលទាក់ទិនអ្នកមានលុយ និងមានអំណាច កុំកំហែងទារប្រាក់ពីជនកាប់ឈើខុសច្បាប់ ឬបង្កើតប៉ុស្តិ៍ឆែកឆេរតាមផ្លូវដោយខុសច្បាប់ ហើយកុំធ្វើអ្វីឱ្យហួសពីតួនាទីរបស់ខ្លួនក្នុងនាមជា “កញ្ចក់ឆ្លុះបញ្ចាំង” សម្រាប់សង្គម។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្នកកាសែតមួយចំនួន “ដើរតួនាទីជាអ្នកនយោបាយថា បក្សនេះគួរតែធ្វើអញ្ចេះៗ។ កុំធ្វើអាហ្នឹងអី មិនមែនជាតួនាទីរបស់ខ្លួនទេ តួនាទីរបស់ខ្លួនត្រឹមតែបញ្ចេញការពិត។ ត្រង់សន្និដ្ឋានបែបណា ទុកឱ្យអ្នកអាន បើរឿងហ្នឹងវាឡើងក្ដីដល់តុលាការ ទុកឱ្យតុលាការធ្វើការសន្និដ្ឋាន ធ្វើការស៊ើបអង្កេត។ យើងម្នាក់ឯងត្រឹមតែជាអ្នកធ្វើអត្ថាធិប្បាយប៉ុណ្ណោះ មិនមែនជាចៅក្រមស៊ើបអង្កេត មិនមែនជាចៅក្រមកាត់ក្ដី ហើយក៏មិនមែនជាព្រះរាជអាជ្ញាដើម្បីធ្វើការចោទប្រកាន់នោះទេ”។

សូម្បីក្រសួងព័ត៌មានដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ ក៏លោក ហ៊ុន សែន មិនលើកលែងដែរ ដោយលោកបានរិះគន់ និងចម្អកក្រសួងនេះដែលមិនបានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ខ្លួនចាប់តាំងពីខែវិច្ឆិកា។

ប្រាប់ឱ្យក្រសួង និងរដ្ឋអំណាចមូលដ្ឋានចែករំលែកព័ត៌មានបច្ចុប្បន្នភាពស្ដីពីការងាររបស់ខ្លួនតាមគេហទំព័រ ឬទំព័រហ្វេសប៊ុករបស់ខ្លួន លោកមានប្រសាសន៍ថា “មុននឹងលាងគូទឲ្យគេ លាងគូទខ្លួនឯងឲ្យស្អាតសិន”។

អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋាភិបាលចូលរួមក្នុងពិធីជួបជុំលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។ ហ្វេសប៊ុក
អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋាភិបាលចូលរួមក្នុងពិធីជួបជុំលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។ ហ្វេសប៊ុក

លោកនាយករដ្ឋមន្ត្រីថ្លែងថា  អ្នកសារព័ត៌មានដែលមិនត្រូវបានអញ្ជើញឲ្យចូលរួមនៅឆ្នាំនេះសូមកុំសង្ឃឹម ពីព្រោះព្រឹត្តិការណ៍នេះនឹងពង្រីកកាន់តែធំដើម្បីទទួលស្វាគមន៍អ្នកកាសែតរហូតដល់ប្រមាណ៤.០០០នាក់ឆ្នាំក្រោយដែលប្រហែលជាតម្រូវឱ្យរៀបចំឡើងនៅសួនសាធារណៈ។

លោកមានប្រសាសន៍ថា ”ឆ្នាំក្រោយខ្ញុំនឹងអញ្ជើញអ្នកកាសែតប្រឆាំងឱ្យចូលរួមដើម្បីបង្ហាញពីសាមគ្គីភាពរវាងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងគ្មានវិជ្ជាជីវៈ ទោះបីជាយើងមានទស្សនៈខុសគ្នាក៏ដោយ” ប៉ុន្តែលោកបានបញ្ជូនសារផ្សេងពីនេះទៅកាន់អ្នកសារព័ត៌មានដែលធ្វើការឱ្យស្ថាប័នសារព័ត៌មានបរទេស។

លោកថ្លែងទៀតថា “អ្នកសារព័ត៌មានដែលស៊ីបាយបរទេស បន្តស៊ីបាយរបស់បរទេសទៀតចុះ”។លោកបានគូសបញ្ជាក់ថា កាសែតដែលទទួលបានមូលនិធិពីបរទេសនៅកម្ពុជា មិនគោរពតាមស្ដង់ដារអន្តរជាតិឡើយនៅក្នុងការបំពេញការងាររបស់ខ្លួន។លោកមានប្រសាសន៍ថា “ទុកឱ្យខ្ញុំប្រាប់អំពីស្ដង់ដារអន្តរជាតិ។ រឿងនយោបាយ កុំនិយាយរឿងស្ដង់ដារអន្តរជាតិខ្មោចអី” ស្តង់ដារអន្តរជាតិមានតែនៅក្នុងវិស័យមួយចំនួនដូចជាកីឡា និងចំណីអាហារតែប៉ុណ្ណោះ។

លើកឡើងពីនយោបាយសហរដ្ឋអាមេរិក ម្ដងហើយម្ដងទៀត លោក ហ៊ុន សែន បានអួតអំពីការគាំទ្ររបស់ខ្លួនចំពោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ហើយថា សហរដ្ឋអាមេរិក គឺជាអ្នកនៅពីក្រោយការប្រឹងប្រែងធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ នៅកម្ពុជាមិនស្របច្បាប់។

លោកបន្តថា ”រឿងដែលមាននៅកម្ពុជា ប៉ុន្មានទៅវិញអស់រលីង។ បោះឆ្នោតរួចហើយធ្វើបាតុកម្ម ក៏ទៅកើតនៅអាមេរិកវិញ បោះឆ្នោតរួចហើយទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ក៏ទៅកើតនៅអាមេរិកវិញ បោះឆ្នោតរួចហើយថាមានការបន្លំសន្លឹកឆ្នោតក៏ទៅកើតនៅអាមេរិកវិញ។ រឿងកើតនៅអាមេរិក គឺបានបង្ហាញថា អ្វីដែលកើតនៅកម្ពុជា អ្វីដែលអាមេរិកបង្កើតនៅកម្ពុជា ឥឡូវអាមេរិក បាននាំទៅអាមេរិកវិញហើយ”។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានបដិសេធថា ការដែលកាសែតមកពីវិទ្យុអាស៊ីសេរី (RFI) និងវិទ្យុ VOA ឱ្យចូលរួមក្នុងពិធីនេះមិនមែនមកពីហេតុផលនយោបាយណាមួយឡើយ។

លោកថ្លែងថា “អ្នកចូលរួមដល់ចំនួនកំណត់ទៅហើយ” ហើយថា ស្ថាប័នសារព័ត៌មានដែលមិនចាត់ទុកថាប្រឆាំងរដ្ឋាភិបាលក៏មិនទទួលបានការអញ្ជើញដែរ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះស្ថាប័នទាំងនោះទេ។

លោកបន្ថែមទៀតថា ស្ថាប័នសារព័ត៌មានដែលគាំទ្រដោយសហរដ្ឋអាមេរិក នឹងទទួលបានការអញ្ជើញនៅឆ្នាំក្រោយ ប៉ុន្តែចំពោះស្ថាប័នសារព័ត៌មាននៅបរទេសមិនប្រាកដទេ។ “ពិតណាស់ យើងត្រូវអង្គុយជជែកគ្នា ហើយទទួលការណែនាំពីរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីដើម្បីអញ្ជើញមនុស្សឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស