30 C
Phnom Penh

ការ​​​ពិភាក្សា​​​អំពី​​​អ្នកទោស​​​​​​លុប​​​ចេញ​​​ពី​​​​​​របៀប​​​វារៈ​​​កិច្ច​​​ប្រជុំនៅពេល​​​ខាង​​​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានស្នើរបៀបវារៈមួយចំនួនកាលពីចុងសប្ដាហ៍សម្រាប់ជំនួបរវាងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ ទោះជាយ៉ាងណា ការដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រីរៀបចំការបោះឆ្នោតមួយរូបដែលជាប់ពន្ធនាគារមិនមានក្នុងរបៀបវារៈរបស់គណបក្សណាមួយឡើយនេះបើយោងតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។

អ្នកនាំពាក្យគណបក្សប្រឆាំងបានលើកឡើងថា ចំណុចពិភាក្សារបស់លោក កឹម សុខា ទូលំទូលាយ តែលោកបដិសេធមិននិយាយា តើមេដឹកនាំគណបក្សរូបនេះមានគម្រោងពិភាក្សាអំពីអ្នកទោសទាំងនេះដែរឬយ៉ាងណានោះឡើយ។

លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា “ខាងគណបក្សប្រជាជនកម្ពុជាស្នើរបៀបវារៈពីរ ទី១ពាក់ព័ន្ធក្រុមមតិភាគច្រើន និងក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ទី២អំពីថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ”។

លោកបានមានប្រសាសន៍បន្ថែមថា “ខាងគណបក្សសង្គ្រោះជាតិ លោកបន្ថែមពីរទៀតគឺទី១ពាក់ព័ន្ធវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មួយទៀតអំពីបរិយាកាសមុនការបោះឆ្នោត”។

លោកបានថ្លែងថា គ្មានគណបក្សណាមួយបានលើកឡើងពីការដោះលែងមន្ត្រីបួនរូបដែលបម្រើការងារនៅសមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំការបោះឆ្នោតជាន់ខ្ពស់មួយរូបនោះឡើយ។ អ្នកទាំងនេះត្រូវបានចាប់ខ្លួនកាលពីខែឧសភា ពាក់ព័ន្ធការសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ឱ្យឆ្លើយបដិសេធពីស្នេហាលួចលាក់។

គណបក្សសង្គ្រោះជាតិរំពឹងថា នឹងមានការដោះលែងមន្ត្រីទាំងប្រាំរូបនេះ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាអ្នកទោសនយោបាយនោះ នៅដំណាច់ ឆ្នាំមុន បន្ទាប់ពីលោក កឹម សុខា បានជួបចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង កាលពីថ្ងៃទី៧ ខែធ្នូ។ លោក ស ខេង បានថ្លែងនៅពេលនោះថា អ្នកទាំងនេះប្រហែលជាត្រូវបានដោះលែងនៅដំណាច់ខែនោះ។

cam-photo-meeting-channa-800x533ប៉ុន្តែកាលពីសប្ដាហ៍មុន លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងជាប្រធានខុទ្ទកាល័យលោក ស ខេង បានមានប្រសាសន៍ ថា ការចរចាដោះលែងក្រុមនេះមិនចាំបាច់ទេ ចំពេលមានការរិះគន់ពីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងជុំវិញការរំឭកខួប៧មករា របស់គណបក្សប្រជាជនថា ជាខួបនៃថ្ងៃដែលកងទ័ពវៀតណាមបានបណ្ដេញខ្មែរក្រហមក្នុងឆ្នាំ១៩៧៩។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាគួរតែទុកការលើកឡើងរបស់លោក សម រង្ស៊ី មួយឡែកនៅក្នុងការសន្ទនានៅពេលខាងមុខដែលរួមមាន “បរិយាកាសនយោបាយ” ស្តីពីរបៀបវារៈដែលអនុញ្ញាតឱ្យមានការពិភាក្សាលើបញ្ហាជាច្រើន។

លោកបានមានប្រសាសន៍ថា “យើងធ្វើការរួមគ្នា ដូច្នេះគណបក្សណាមួយអាចលើកឡើងពីបញ្ហាណាមួយបាន។ យើងពិចារណានូវបញ្ហាទាំងអស់…។ យើងតំណាងឱ្យប្រជាពលរដ្ឋទាំងមូលនៅក្នុងប្រទេស។ នេះជាការទទួលខុសត្រូវរបស់យើង៖ ដោះស្រាយយុត្តិធម៌សង្គម និងដោះស្រាយជនរងគ្រោះផ្នែកនយោបាយ។ នេះក៏ជាការងាររបស់សមាជិកសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ”។

លោកបានបន្ថែមថា “គេមិនគួរយកចិត្តទុកដាក់ខ្លាំងពេកអំពីអ្វីដែលលោក សម រង្ស៊ី បានលើកឡើងនោះទេ។ គណបក្សទាំងពីរយល់ស្របថា គេគួរដោះស្រាយបញ្ហានេះ និងការដោះលែងអ្នកទោសនយោបាយ។ មេដឹកនាំគណបក្សទាំងពីរបានលើកឡើងអំពីបញ្ហានេះដល់សាធារណជន ដូច្នេះខ្ញុំគិតថា យើងគួរតែបន្ត”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សទាំងពីរ “គួរចៀសវាងក្នុងការលើកយកករណីអ្នកជាប់ចោទល្មើសច្បាប់មកដោះស្រាយក្នុងនាមគណបក្សនយោបាយ”។ លោកបានថ្លែងថា ជំនួសវិញគណបក្សកាន់អំណាចនឹងស្វះស្វែងឲ្យមានការទទួលខុសត្រូវបន្ថែមទៀតសម្រាប់សមាជិកសភានៅក្នុងការពិភាក្សាគ្នាទាំងនេះ។

លោកបានមានប្រសាសន៍ថា “យើងជជែកលើបញ្ហា តួនាទី ភារកិច្ច របៀបរបបធ្វើការរបស់ថ្នាក់ដឹកនាំតំណាងរាស្ត្រមតិភាគតិច និងតំណាងរាស្ត្រមតិភាគច្រើន…ដើម្បីរៀបចំរបៀបរបបការងារ ដើម្បីកុំឱ្យធ្វើការទៅវាថ្លោះធ្លោយដោយប្រការណាមួយ”។

លោក សុខ ឥសាន បានមានប្រសាសន៍ថា មិនទាន់កំណត់ពេលសម្រាប់ជំនួបនៅឡើយទេ ប៉ុន្តែប្រហែលជានៅដើមខែក្រោយនេះ។

លោក សំ ចាន់គា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកបានយល់ស្របថា អ្នកជាប់ឃុំទាំងប្រាំនាក់នេះមិនគួរលើកយកមកពិភាក្សានៅក្នុងជំនួបនយោបាយឡើយ ប៉ុន្តែលោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាគួរធ្វើតាមការសន្យារបស់ខ្លួនកាលពីខែមុនក្នុងការដោះលែងអ្នកទាំងនេះ។

លោកបានថ្លែងថា “ខ្ញុំគិតថា មិនគួរដាក់បញ្ចូលក្នុងរបៀបវារៈឡើយ ពីព្រោះអ្នកទាំងនេះមិនពាក់ព័ន្ធនយោបាយឡើយ។រដ្ឋាភិបាលត្រូវតែជំរុញឱ្យតុលាការដោះលែងពួកគាត់ ពីព្រោះពួកគាត់គ្មានកំហុសឡើយ ពួកគាត់គ្រាន់តែបំពេញការងាររបស់ខ្លួនតែប៉ុណ្ណោះ”៕ សារុន (រាយការណ៍បន្ថែមដោយ Janelle Retka)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស