27 C
Phnom Penh

ILO ព្រមាន​ពី​ការ​​គំរាម​កំហែង​​ដល់​​​​វិស័យ​កាត់​ដេរ​ដោយ​សារ​​​​​អង់​គ្លេស ​ដក​​ខ្លួន​​​​​ពី​​​​សហ​ភាព​អឺរ៉ុប​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការពលកម្មអន្តរជាតិ ILO បានព្រមានថា វិស័យនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់ប្រទេសកម្ពុជា អាចប្រឈមហានិភ័យធំទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងដោយសារការបោះឆ្នោតគួរឲ្យភ្ញាក់ផ្អើលរបស់ចក្រភពអង់គ្លេស កាលពីឆ្នាំមុនដើម្បីដកខ្លួនចេញពីសហភាពអឺរ៉ុប។

អង្គការនេះបានលើកឡើងទៀតថា ខណៈការនាំចូលរួចពន្ធទៅកាន់សហរដ្ឋអាមេរិក សម្រាប់ទំនិញមួយចំនួនផ្តល់ក្តីសង្ឃឹមតិចតួច ការឡើងឋានៈរបស់កម្ពុជា កាលពីពេលថ្មីៗនេះទៅជាប្រទេសចំណូលមធ្យមកម្រិតទាបក៏អាចបន្ថែមទៅលើបញ្ហាប្រឈមរបស់ខ្លួនដែរក្នុងរយៈពេលពីរបីឆ្នាំ។

នៅក្នុងព្រឹត្តិបត្រព័ត៌មានចុងក្រោយបង្អស់របស់ខ្លួនស្តីពីឧស្សាហកម្មកាត់ដេរ របស់កម្ពុជា អង្គការ ILO គាំទ្ររបាយការណ៍មុនៗដែលលើកឡើងថា ការនាំចេញបានបន្តកំណើនរឹងមាំរបស់ខ្លួនក្នុងឆមាសទី១ដើមឆ្នាំ២០១៦ គឺកើនឡើង១០,៨ភាគរយឆ្នាំធៀបនឹងឆ្នាំដល់៣,៥ពាន់លានតោន។

ប៉ុន្តែវាព្យាករថា អាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរចំនួនពីរកើតឡើងពីការដកខ្លួនរបស់អង់គ្លេស ចេញពីសមាជិកសហភាពអឺរ៉ុបកាលពីខែមិថុនានោះគឺ៖ រូបិយប័ណ្ណផោនធ្លាក់ថ្លៃ និងការបាត់បង់សិទ្ធិនាំចូលដោយអនុគ្រោះសម្រាប់កម្ពុជា។

ដោយសារតែគម្រោងពាណិជ្ជកម្មមានឈ្មោះថា “ទំនិញគ្រប់មុខលើកឡើងតែអាវុធ” របស់សហភាពអឺរ៉ុប អឺរ៉ុបបានក្លាយជាទីផ្សារនាំចេញសម្លៀកបំពាក់លេខ១របស់កម្ពុជា ចាប់តាំងពីឆ្នាំ២០១៤មក ដោយចក្រភពអង់គ្លេសស្ថិតនៅកំពូលតារាង។ ប៉ុន្តែការធ្លាក់ថ្លៃរបស់រូបិយប័ណ្ណផោនធៀបនឹងរូបិយប័ណ្ណដុល្លារ គឺប្រមាណ២០ភាគរយចន្លោះពីត្រីមាសទី៣នៃឆ្នាំ២០១៥ដល់ឆ្នាំ២០១៦ កំពុងធ្វើឲ្យការនាំចេញទាំងនោះកាន់តែមានតម្លៃថ្លៃ និងអាចឈានទៅដល់ការធ្លាក់ចុះការបញ្ជាទិញ។

cam-photo-ilo-channa-800x533ព្រឹត្តិបត្រព័ត៌មានខាងលើបញ្ជាក់ថា “ទោះបីជាអង់គ្លេស មិនទាន់បានដកខ្លួនចេញ ពីសហភាពអឺរ៉ុបក្តី ក៏ការធ្លាក់ចុះអត្រាប្តូរប្រាក់របស់វាកាន់តែលំបាកទៅហើយសម្រាប់វិស័យសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា។ បើការធ្លាក់ចុះនេះមានរយៈពេលវែងការលំបាកនេះនឹងមានរយៈពេលវែង”។

ក្រោយការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប ប្រហែលជាប្រឈមនឹងបញ្ហារយៈពេលវែង ប្រសិនបើវាបាត់បង់ការនាំចូលដោយការអនុគ្រោះដែលខ្លួនអាស្រ័យ ផលក្រោមគម្រោងទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ។ អង្គការ ILO និយាយថា ចក្រភពអង់គ្លេស អាចរក្សាការនាំចូលនោះបានសម្រាប់កម្ពុជា និងបណ្តាប្រទេសដែលមានការរីកចម្រើនតិចតួចបំផុត ឬក៏ត្រឡប់ទៅរកវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក។ នៅក្នុងករណីក្រោយ កម្ពុជា នឹងបាត់បង់សិទ្ធិពិសេសរបស់ខ្លួនក្នុងការនាំចូលដោយទទួលបានការអនុគ្រោះ ប្រសិនបើរដ្ឋាភិបាលមិនរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មរួចពន្ធថ្មីជាមួយប្រទេសអង់គ្លេសទេនោះ។

អង្គការ ILO និយាយថា ការនាំចូលរួចពន្ធដែលសហរដ្ឋអាមេរិក បានផ្តល់សម្រាប់ការនាំចូលទំនិញទេសចរណ៍របស់កម្ពុជាដូចជាកាបូបលុយបុរស កាបូបយួរដៃ និងវ៉ាលិសជាដើម អាចជួយឲ្យឧស្សាហកម្មនេះរីកចម្រើនបាន ដែលត្រូវបានចាត់ចំណាត់ថ្នាក់ជាអនុវិស័យនៃការផលិតសម្លៀកបំពាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ តែទោះជាយ៉ាងណា វាស្ថិតក្នុងដំណាក់កាលទើបចាប់ផ្តើមនៅឡើយ ហើយបច្ចុប្បន្នមានចំនួនត្រឹមតែ១,៣ភាគរយប៉ុណ្ណោះនៃការនាំចេញសម្លៀកបំពាក់សរុប។

ក្នុងពេលជាមួយគ្នានេះ ការចាកចេញរបស់កម្ពុជា កាលពីឆ្នាំមុនពីប្រទេសមានចំណូលទាបទៅជាប្រទេសចំណូលមធ្យមកម្រិតទាបធ្វើឲ្យកម្ពុជា អាចបាត់បង់ឋានៈជាប្រទេសដែលមានការរីកចម្រើនតិចតួចបំផុត បន្ទាប់ពីរយៈពេល៣ឆ្នាំ ព្រមទាំងសិទ្ធិនាំចូលពិសេសដែលខ្លួនទទួលបានទៅកាន់ផ្នែកផ្សេងទៀតនៃតំបន់អឺរ៉ុបជាមួយគ្នា។

អង្គការ ILO លើកឡើងថា “វិស័យសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា មានពេលខ្លះដើម្បីត្រៀមខ្លួនសម្រាប់បរិយាកាសមួយដែលអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ខ្លួនត្រូវបានកាត់បន្ថយតាមរយៈការបាត់បង់ឋានៈ [ទំនិញគ្រប់មុខលើកលែងតែអាវុធ]។បុន្តែកម្ពុជា នឹងត្រូវសម្របខ្លួនទៅតាមការពិតនេះក្នុងរយៈពេលមធ្យម”។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឲ្យរោងចក្រនាំចេញក្នុងវិស័យនេះ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោកស្រី សឹង សុផារី អ្នកនាំពាក្យពាណិជ្ជកម្មបាននិយាយសម្រាលចំពោះការធ្លាក់ថ្លៃរូបិយប័ណ្ណផោននេះ។ លោកស្រីថ្លែងថា “វាមិនប៉ះពាល់ដល់កម្ពុជា ខ្លាំងពេកទេ” ដោយលោកស្រីបានគូសបញ្ជាក់ថា ការធ្លាក់ថ្លៃនេះក៏ធ្វើឲ្យប៉ះពាល់ដល់គូប្រកួតប្រជែងរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបដែរ។

ហើយប្រសិនបើកម្ពុជា បាត់បង់ការនាំចូលរួចពន្ធរបស់ខ្លួនទៅកាន់ចក្រភពអង់គ្លេស នៅពេលការចាកចេញរបស់អង់គ្លេស មកដល់យ៉ាងពិតប្រាកដនោះ លោកស្រីមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីគឺ “អាចទៅរួច”។

ក្នុងរយៈពេលវែងជាងនេះ លោកស្រី សឹង ផារី ថ្លែងថា រដ្ឋាភិបាលក៏ត្រូវតាក់តែងច្បាប់ និងបទប្បញ្ញត្តិនានាដើម្បីបន្តការធ្វើពិពិធភាវូបនីកម្មសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឲ្យវាកាន់តែពឹងផ្អែកលើតម្រូវការក្នុងស្រុក “ដើម្បីឲ្យឧស្សាហកម្មកាត់ដេរមិនសូវសំខាន់ ហើយយើងមិនរងការគំរាមកំហែងពីទីផ្សារនាំចេញ”។

បច្ចុប្បន្នសម្លៀកបំពាក់មានចំនួនប្រមាណ៨០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា ហើយបានក្លាយជាកម្លាំងចលករជំរុញកំណើនដែលគួរឲ្យពឹងផ្អែកបានបំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ប្រទេសកម្ពុជា បានព្យាយាមធ្វើពិពិធភាវូបនីយកម្មសេដ្ឋកិច្ចរបស់ខ្លួនឲ្យហួសពីវិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងសំណង់៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស