លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិ ស្ថានបានអះអាងកាលពីពេលថ្មីៗនេះថា ករណីវិវាទដីធ្លីទាំងអស់នៅទូទាំងប្រទេសត្រូវបានដោះស្រាយរួចហើយ ប៉ុន្តែរបាយ ការណ៍មួយដែលចេញផ្សាយដោយក្រសួងរៀបចំដែនដី កាលពីម្សិលមិញបង្ហាញថា បណ្ដឹងមានការកើនឡើង ហើយការដោះ ស្រាយមានការធ្លាក់ចុះកាលពីឆ្នាំមុន។
របាយការណ៍ដដែលនេះលើកឡើងថា កាលពីឆ្នាំ២០១៦ក្រសួងទទួលបានវិវាទដីធ្លី៧៥៧ករណី ដោះស្រាយបាន៤៤ករណី និងចាប់ផ្ដើមដោះស្រាយ១១៥ករណីទៀត ដែលក៏ត្រូវបានផ្សព្វផ្សាយនៅកិច្ចប្រជុំបូក សរុបការងារប្រចាំឆ្នាំរបស់ក្រសួងកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញផងដែរ។ ទិន្នន័យកាលពីឆ្នាំមុនបង្ហាញថា ក្រសួង និងអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីទទួលបានបណ្ដឹងរួមគ្នា៦៣៧ករណី ហើយដោះ ស្រាយបាន៣៧៦ករណី។

របាយការណ៍ថ្មីនេះលើកឡើងថា អាជ្ញាធរដោះស្រាយវិវាទដីធ្លីទទួលបានបណ្ដឹងដោយឡែកចំនួន២៣៥ករណីពីប្រជាពលរដ្ឋ១.២៧១គ្រួសារកាលពីឆ្នាំមុន ប៉ុន្តែមិនបានផ្ដល់តួលេខសរុបនៃពាក្យបណ្ដឹងដែលស្ថាប័ននេះទទួលបាននោះឡើយ។
កាលពីដើមខែនេះ លោក សាយ សំអាល់ បានលើកឡើងបន្ទាប់ពីត្រូវបានសាកសួរដោយគណៈកម្មការបរិស្ថាននៃរដ្ឋសភាថា មិនមានវិវាទដីធ្លីដែលនៅមិនទាន់ដោះស្រាយនោះឡើយ។ លោកថ្លែងថា “បន្ទាប់ពីយើងបានបង្កើតគណៈកម្មការដោះស្រាយវិវាទដីធ្លីមក យើងបានដោះស្រាយអស់ហើយ”។
លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ជាអង្គការមិនមែនរដ្ឋាភិបាលសិទ្ធិដីធ្លីបានមានប្រសាសន៍កាលពីម្សិលមិញថា ចំនួននៃវិវាទដីធ្លីបានកើនឡើងខណៈដែលផែនការអភិវឌ្ឍន៍របស់ពាណិជ្ជករមានទ្រព្យស្ដុកស្ដម្ភ និងក្រុមហ៊ុនបរទេសមួយចំនួនបានរំលោភបំពានសិទ្ធិមនុស្ស។
លោក សៀ ភារម្យ បានមានប្រសាសន៍ថា “វាជាបញ្ហាដ៏រាលដាលនៅក្នុងប្រទេសកម្ពុជា ដោយសារការអភិវឌ្ឍកើនឡើង…ហើយបញ្ហាគឺថា សិទ្ធិមនុស្សមិនត្រូវបានគោរព”។ លោកបានបន្ថែមថា រដ្ឋាភិបាលក៏មានការយឺតយ៉ាវក្្នុងការឆ្លើយតបទៅនឹងការទាមទាររបស់អ្នកដាក់ពាក្យបណ្ដឹងផងដែរ។

លោកបានមានប្រសាសន៍ថា “ប៉ុន្តែដោយខិតកាន់តែជិតទៅរកការបោះឆ្នោតនៅឆ្នាំក្រោយ យើងប្រហែលជាឃើញថា ពាក្យបណ្ដឹងបន្ថែមទៀតត្រូវបានដោះស្រាយជាមិនខាន។ ពួកគេត្រូវស្វែងរកសំឡេងឆ្នោតនៅគ្រប់ទីកន្លែង”។
នៅកិច្ចប្រជុំក្រសួងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានជំរុញឱ្យមន្ត្រីរៀបចំដែនដីខេត្ត និងរាជធានីប្រឹងប្រែងធ្វើការដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិដីដល់អ្នកភូមិ ហើយទន្ទឹមនឹងនោះដែរក៏បានព្រមានប្រឆាំងនឹងការទទួលសំណូកជាថ្នូរផងដែរ។
លោកបានថ្លែងថា “ប័ណ្ណកម្មសិទ្ធិដី ប្រជាពលរដ្ឋគ្រប់រូបត្រូវតែមាន ពួកគាត់ត្រូវការវាសម្រាប់ធ្វើស្រែចម្ការ និងសង់លំនៅដ្ឋាន”។
យោងតាមតួលេខក្រសួងបានឱ្យដឹងថា ប័ណ្ណកម្មសិទ្ធិដី៤,៤៥លានប័ណ្ណ ត្រូវបានផ្ដល់ជូនចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្ដើមផ្ដល់ដីសម្បទានផ្លូវការក្រោមច្បាប់ភូមិបាលឆ្នាំ២០០១ ហើយវិវាទដីធ្លីចំនួន៣,៥៥៨ករណីក្នុងចំណោម៧.៥២៩ករណីត្រូវបានដោះស្រាយ៕ សារុន (រាយការណ៍បន្ថែមដោយ Hannah Hawkins)