អ្នកបោះឆ្នោតដែលចុះឈ្មោះរួចហើយរាប់រយនាក់ ត្រូវបានអញ្ជើញឲ្យមកចូលរួមសវនាការដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញក្នុង សប្តាហ៍នេះដើម្បីប្រឈមការសាកសួរថា តើពួកគេជាពលរដ្ឋខ្មែរដែលមានឯកសារគ្រប់គ្រាន់សម្រាប់ចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខឬយ៉ាងណា។
នៅក្នុងយុទ្ធនាការមួយដែលដឹកនាំដោយ គណបក្សសង្គ្រោះជាតិ មានពាក្យបណ្តឹងរាប់រយត្រូវបានដាក់ប្តឹងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដោយអះអាងថា ជនបរទេសដែលភាគច្រើនមកពីប្រទេសវៀតណាម បានចុះឈ្មោះរួចហើយទោះបីជាខ្វះឯកសារបញ្ជាក់ពីការផ្តល់ សញ្ជាតិក៏ដោយ។
នៅចំពោះមុខក្រុមមន្ត្រីគ.ជ.ប.នៅឯទីស្នាក់ការរបស់គណៈកម្មាធិការនេះ ក្នុងអគារ H នៅក្រសួងមហាផ្ទៃ អ្នកដាក់ពាក្យប្តឹង និងអ្នករងបណ្តឹងបានប្តូរវេនគ្នាផ្តល់សក្ខីកម្មម្តងម្នាក់ៗនៅក្នុងសប្តាហ៍នេះដើម្បីផ្តល់ហេតុផលអំពីសុពលភាពនៃសិទ្ធិរបស់អ្នកដែលនឹងក្លាយជាអ្នកបោះឆ្នោតនាពេលខាងមុខ។
កាលពីថ្ងៃច័ន្ទបណ្តឹងដែលដាក់ប្តឹងអ្នកបោះឆ្នោត១៨១នាក់ត្រូវបានយកមកបើកសវនាការ ហើយបណ្តឹងទាំងអស់សុទ្ធតែត្រូវបានច្រានចោល។ក្នុងចំណោមអ្នកដែលត្រូវបានអញ្ជើញឲ្យមកផ្តល់សក្ខីកម្មកាលពីម្សិលមិញ គឺ អ្នកស្រី គី សុវ៉ាង អាយុ៤៣ឆ្នាំមកពីខេត្តត្បូងឃ្មុំ។ អ្នកស្រី បានប្រាប់ក្រុមមន្ត្រីគ.ជ.ប.ថា អ្នកស្រីកើតនៅក្នុងខេត្តក្រចេះហើយថា ឪពុករបស់អ្នកស្រីគឺខ្មែរ ហើយម្តាយជាខ្មែរកាត់វៀតណាម។
អ្នកស្រីបាននិយាយតាមម៉ៃក្រូហ្វូនថា “ខ្ញុំមិនមែនជាវៀតណាមទេ។ ម្តាយរបស់ខ្ញុំគាត់មានជាប់សាច់ឈាមជីដូនជីតាវៀតណាមប៉ុន្តែ ខ្ញុំកើតក្នុងប្រទេសខ្មែរ”។
អ្នកស្រី គី សុវ៉ាង បានលើកឡើងទៀតថា អ្នកស្រីមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងប័ណ្ណបោះឆ្នោតចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៨។
អ្នកស្រីបាននិយាយថា “ខ្ញុំចង់រក្សាសិទ្ធិបោះឆ្នោតរបស់ខ្ញុំ ព្រោះខ្ញុំគឺជាខ្មែរ”។
លោក វិញ នី មេឃុំទ្រមួង នៅក្នុងស្រុកមេ៉មត់ ជាកន្លែងដែលអ្នកស្រី គី សុវ៉ាង រស់នៅនោះ បានផ្តល់សក្ខីកម្មដោយនិយាយការពារអ្នកស្រី គី សុវ៉ាង ។
លោកបានមានប្រសាសន៍ថា “គាត់មានឯកសារគ្រប់គ្រាន់។ ហើយយើងស្គាល់គាត់ច្រើនឆ្នាំមកហើយ”។
អ្នកស្រី ឯក សំណាង មកពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាស្ត្រីម្នាក់ទៀតដែលត្រូវបានអញ្ជើញឲ្យមកបង្ហាញខ្លួននៅចំពោះមុខសវនាការកាលពីម្សិលមិញដែរនោះ ទំនងជាមានការអាក់អន់ស្រពន់ចិត្តចំពោះពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលដាក់ប្តឹងអ្នកស្រី។
ដោយប្រើពាក្យដែលគេជួនកាលបានប្រើដើម្បីប្រមាថរើសអើងជនជាតិវៀតណាមនោះ អ្នកស្រីបានសួរថា “ហេតុអ្វីអ្នកឯងចោទខ្ញុំថា ជាយួន?”។អ្នកស្រីបានបន្ថែមថា “ខ្ញុំអាចនិយាយបានបីភាសា គឺខ្មែរ ចិន និងអង់គ្លេស។ តើមានភ័ស្តុតាងអ្វីឲ្យពិតប្រាកដ ដែលបង្ហាញថា ខ្ញុំជាយួន?”។
លោក កក់ គុម្ភា តំណាងគណបក្សសង្គ្រោះជាតិនៅតែលើកឡើងអំឡុងសវនាការថា អ្នកដែលរងការចោទប្រកាន់សុទ្ធតែជាជនជាតិវៀតណាម ហើយគួរតែលុបចេញ ពីបញ្ជីឈ្មោះបោះឆ្នោត។
លោកបានមានប្រសាសន៍ថា “ហេតុផលផ្អែកលើភ័ស្តុតាង គឺអ្នកសង្កេតការណ៍របស់យើងបានរាយការណ៍ថា ពួកគេនិយាយខ្មែរអត់ច្បាស់ទេ”។
អ្នកយកព័ត៌មាននៅកន្លែងបើកសវនាការនេះកាលពីម្សិលមិញ បានលើកឡើងថា អ្នកស្រី គី សុវ៉ាង និងអ្នកស្រី ឯក សំណាង និយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។
ទោះបីជារងការចោទប្រកាន់ថា បានឃោសនាឲ្យមានការរើសអើងពូជសាសន៍ក៏ដោយ តែគណបក្សប្រឆាំងមួយនេះបានជំទាស់ថា ពាក្យបណ្តឹងរបស់ខ្ញួនគឺជារឿងចំបាច់ដែលត្រូវធ្វើដើម្បីតម្កល់ច្បាប់ ដោយសារអ្នកឃ្លាំមើលបានឃើញថា អាជ្ញាធរបានចុះឈ្មោះឲ្យអ្នកដែលគ្មានឯកសារផ្លូវការបញ្ជាក់ពីសញ្ជាតិរបស់ពួកគេ។
ភាពមិនប្រក្រតីនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតគឺជាបញ្ហាដ៏សំខាន់អំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ដោយមានបាត់ឈ្មោះ ឈ្មោះជាន់គ្នា និងឈ្មោះខ្មោចរាប់សែន។
ការចរចាក្រោយការបោះឆ្នោតរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានផ្តោតសំខាន់លើការធ្វើកំណែទម្រង់ស្ថាប័នបោះឆ្នោត និងការបង្កើតបញ្ជីឈ្មោះថ្មីដ៏ស្អាតស្អំ ជាដំណើរការចុះឈ្មោះបោះឆ្នោតដែលគេដឹងឮគ្រប់គ្នាកាលពីឆ្នាំមុន ចាប់ពីកញ្ញារហូតដល់ខែវិច្ឆិកា ដោយប្រើកុំព្យូទ័រដែលផ្តល់ដោយសហភាពអឺរ៉ុប និងប្រទេសជប៉ុន។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានលើកឡើងថា ការបើកសវនាការរយៈពេលមួយសប្តាហ៍ដើម្បីដោះស្រាយបណ្តឹងអំពីបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលចេញ កាលពីដើមខែនេះ បានធានាអំពីតម្លាភាពក្នុងដំណើរការបោះឆ្នោត។ ករណីមួយចំនួនត្រូវបានបើកសវនាការដោយកំបាំងមុខ។
លោកបានមានប្រសាសន៍ថា “វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែ យើងត្រូវធានាថា គណបក្សដែលដាក់ពាក្យបណ្តឹងទទួលបានតម្លាភាព ដែលពួកគេអាចទទួលយកបាន”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Michael Dickison)