31 C
Phnom Penh

សារ​ហ្វេសប៊ុក​​បាន​សង្គ្រោះ​​ស្ត្រី​កម្ពុជា​​ដែល​ត្រូវ​គេ​ជួញដូរ​ឱ្យ​បម្រើ​សេវា​​ផ្លូវ​ភេទ​នៅ​ជប៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបានឱ្យដឹងកាលពីម្សិលមិញថា ស្ត្រីកម្ពុជាប្រាំពីរនាក់ដែលត្រូវគេល្បួងឱ្យទៅធ្វើការនៅឯភោជនីយដ្ឋានមួយនៅលើកោះហុនស៊ុ (Honshu) និងបង្ខំឱ្យបម្រើសេវាផ្លូវភេទនោះ ត្រូវបានជួយសង្គ្រោះបន្ទាប់ពីផ្ញើសារហ្វេសប៊ុកទៅស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន។

យោងតាមសេចក្ដីថ្លែងការណ៍មួយដែលក្រសួងការបរទេសបានចេញផ្សាយកាលពីម្សិលមិញឱ្យដឹងថា ជនរងគ្រោះប្រាំមួយនាក់កំពុងស្នាក់នៅស្ថានទូតក្នុងក្រុងតូក្យូ រង់ចាំការធ្វើមាតុភូមិនិវត្តនៅថ្ងៃព្រហស្បតិ៍ ចំណែកឯស្ត្រីទី៧ត្រូវបានបញ្ជូនមកកម្ពុជាវិញកាលពីចុងខែមុន ដើម្បីទទួលការព្យាបាលដែលគេមិនបញ្ជាក់។

សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ស្ត្រីទាំងនោះត្រូវបានម្ចាស់ភោជនីយដ្ឋានជប៉ុនម្នាក់ដែលបានជួយរៀបចំទិដ្ឋាការ  និងចេញថ្លៃយន្តហោះសម្រាប់ពួកគេ ល្បួងឱ្យទៅកាន់ភោជនីយដ្ឋានរបស់ខ្លួនដោយសន្យាឱ្យប្រាក់បៀវត្សរ៍ខ្ពស់។ ទោះជាយ៉ាងណា នៅពេលទៅដល់ទីនោះកាលពីខែមេសា ស្ត្រីទាំងនេះនិយាយថា គេមិនបើកប្រាក់ខែឱ្យខ្លួនឡើយ ហើយថែមទាំងត្រូវគេបង្ខំឱ្យបម្រើសេវាផ្លូវភេទទៀតផង។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ថា សមត្ថកិច្ចបានដឹងពីស្ថានភាពដ៏អាក្រក់របស់ពួកគេកាលពីចុងខែមុន នៅពេលម្នាក់ក្នុងចំណោមស្ត្រីទាំងនោះទាក់ទងមកស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតចន្លោះពីដើមខែដល់ពាក់កណ្ដាលខែធ្នូ។

cam-photo-japan-WEB-ONLYលោកលើកឡើងថា បន្ទាប់មកបុគ្គលិកស្ថានទូតបានទាក់ទងទៅសមត្ថកិច្ចពាក់ព័ន្ធនៅតំបន់ហ្គុនម៉ា (Gunma) ដែលបាននាំ “ស្ត្រីទាំងប្រាំពីរនាក់ចេញពីភោជនីយដ្ឋាននោះទៅកាន់ស្ថានទូត”។ លោកបានបន្តថា ស្ថានទូតបានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចជប៉ុនចាប់តាំងពីពេលនោះមកដើម្បីឱ្យបើកការស៊ើបអង្កេតលើករណីនេះ និងទាមទារប្រាក់ខែមិនទាន់បើក ព្រមទាំងសំណងសម្រាប់ស្ត្រីទាំងនេះ។

លោកបានគូសបញ្ជាក់ថា “យើងមិនអាចត្រឹមតែបញ្ជូនពួកគាត់មក [កម្ពុជា] ភ្លាមៗនោះទេ។ យើងត្រូវបញ្ចប់នីតិវិធីតុលាការសិន គឺដាក់ពាក្យបណ្ដឹងទៅតុលាការ និងទាមទារសំណង”។

សេចក្ដីថ្លែងការណ៍របស់ក្រសួងនេះបានលើកឡើងថា ស្ថានទូត “កំពុងសហការជាមួយសមត្ថកិច្ចតំបន់ហ្គុនម៉ា សាកសួរជនរងគ្រោះដើម្បីរៀបចំឯកសារតុលាការ និងស្វែងរកជនសង្ស័យ ព្រមទាំងភាគីពាក់ព័ន្ធមកផ្ដន្ទាទោសនៅចំពោះមុខច្បាប់”។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា “ស្ថានទូតកំពុងផ្ដល់អាហារ ការថែទាំ និងសម្ភារចាំបាច់ផ្សេងទៀត [ដល់ជនរងគ្រោះ]” ហើយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ហៅកាត់ IOM បានព្រមព្រៀងចេញថ្លៃសំបុត្រយន្តហោះរបស់ជនរងគ្រោះ និងជួយឱ្យពួកគេតាំងលំនៅថ្មីនៅកម្ពុជា។

លោក ចូ ឡូវរី (Joe Lowry) អ្នកនាំពាក្យអង្គការ IOM ប្រចាំតំបន់បានបញ្ជាក់ថា អង្គការនេះពិតជាលូកដៃពាក់ព័ន្ធក្នុងករណីនេះមែន ប៉ុន្តែបានបដិសេធមិនបញ្ជាក់លម្អិតទេដោយសារអង្គការមានគោលការណ៍រក្សាការសម្ងាត់។

លោក សូ វណ្ឌី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានសុំអ្នកយកព័ត៌មានកុំឱ្យចុះផ្សាយករណីនេះ ដើម្បីចៀសវាងការប៉ះពាល់ដល់ការស៊ើបអង្កេតដែលលោកកំពុងតែធ្វើ ថ្វីបើរដ្ឋាភិបាលបានបញ្ជូនសេចក្ដីថ្លែងការណ៍មួយទៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនក្ដី។ លោកបានមានប្រសាសន៍ថា ”យើងកំពុងតាមប្រមាញ់មេខ្លោង”។

អ្នកនាំពាក្យស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ខ្លួនមិនដឹងពីករណីនេះទេ។

របាយការណ៍ឆ្នាំ២០១៦មួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានហៅប្រទេសជប៉ុនថាជា “គោលដៅ ប្រភព ប្រទេសឆ្លងកាត់សម្រាប់បុរស និងស្ត្រីដែលរងការបង្ខិតបង្ខំឱ្យធ្វើការ និងការជួញដូរផ្លូវភេទ” ហើយបានអះអាងថា រដ្ឋាភិបាលជប៉ុន “មិនបំពេញឱ្យបានពេញលេញតាមស្ដង់ដារអប្បបរមាសម្រាប់ការលុបបំបាត់ការជួញដូរនោះទេ” ថ្វីបើខ្លួន “ខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលុបបំបាត់វា” យ៉ាងណាក្ដី។

ទោះជាយ៉ាងណា លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់សង់ត្រាល់ បានមានប្រសាសន៍ថា លោកមិនធ្លាប់ឮទេថាប្រជាពលរដ្ឋកម្ពុជាត្រូវបានជួញដូរទៅជប៉ុនឱ្យបម្រើសេវាផ្លូវភេទ។

លោកបានថ្លែងថា “កន្លងមក មានស្ត្រីខ្មែរចាញ់បោកគេទៅធ្វើការខាងបម្រើសេវាផ្លូវភេទនៅប្រទេសម៉ាឡេស៊ី ប្រទេសចិន ប៉ុន្តែចំពោះជប៉ុនវាជារឿងថ្មី”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស