26.3 C
Phnom Penh

សាលា​រាជធានី​បញ្ជាក់​​ថា​ ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទីតាំង​​​ទៅ​ជាយ​ក្រុង​​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលារាជធានីបានបញ្ជាក់កាលពីម្សិលមិញថា ទីបំផុតទីលានប្រជាធិបតេយ្យសម្រាប់ធ្វើបាតុកម្ម និងជាមូលដ្ឋាននៃមហាបាតុកម្មប្រឆាំងរដ្ឋាភិបាលក្រោយការបោះឆ្នោតឆ្នាំ២០១៣ ត្រូវបានសម្រេចផ្លាស់ប្ដូរទៅទីតាំងថ្មីនៅជាយរាជធានីភ្នំពេញហើយ។

កាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យផ្លាស់ប្ដូរទីតាំងទីលានប្រជាធិបតេយ្យឆ្ពោះទៅភាគខាងជើងទៅកាន់តំបន់ឧស្សាហកម្មមួយក្នុងខណ្ឌឫស្សីកែវ ដោយសារតែទីតាំងបច្ចុប្បន្នរបស់វាដែលស្ថិតនៅចន្លោះវត្តភ្នំ និងអគារវឌ្ឍនៈ ចំកណ្ដាលរាជធានីភ្នំពេញ បង្ក “អនាធិបតេយ្យ” ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថា អាជ្ញាធររាជធានីទទួលបានលិខិតមួយច្បាប់ពីក្រសួងមហាផ្ទៃកាលពីសប្ដាហ៍មុន ប្រាប់មន្ត្រីឱ្យបន្តផែនការត្រៀមទីធ្លាតវ៉ាថ្មីនៅលើសួនច្បារសាធារណៈដែលមានស្រាប់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥។

cam-photo-freedom-park-channaលោកថ្លែងថា “យើងទើបតែទទួលបានលិខិតសម្រេចពីក្រសួងមហាផ្ទៃកាលពីសប្ដាហ៍មុន ហើយពេលនេះយើងនឹងអភិវឌ្ឍកន្លែងនោះ” ហើយអ្នកតវ៉ានៅតែត្រូវបានអនុញ្ញាតឱ្យដាក់សំណើសុំប្រមូលផ្ដុំគ្នានៅទីតាំងបច្ចុប្បន្ន រហូតទាល់តែកន្លែងថ្មីរៀបចំរួចរាល់។

ទីលានប្រជាធិបតេយ្យបានក្លាយជានិមិត្តរូបនៃស្ថានភាពនយោបាយប្រែប្រួលចាប់តាំងពីគណបក្សសង្គ្រោះជាតិមានប្រៀបលើគណបក្សប្រជាជនកម្ពុជាគួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចុងក្រោយ។

អ្នកគាំទ្រគណបក្សប្រឆាំងរាប់ម៉ឺនសែននាក់បាននាំគ្នាទៅកាន់ទីលានប្រជាធិបតេយ្យភ្លូកទឹកភ្លូកដី អំឡុងបាតុកម្មនៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ មុនពេលរដ្ឋាភិបាលប្រើកម្លាំងបោសសម្អាតទីលាននេះ ហើយបន្ទាប់មកបានស្រះលួសបន្លាព័ទ្ធទីនោះជិត។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការតវ៉ាម្ដងម្កាលនៅទីតាំងនេះ ប៉ុន្តែភាគច្រើនវាក្លាយជាកន្លែងសម្រាប់លែងបាល់ទះ និងបាល់ទាត់នៅពេលល្ងាច។

អ្នកស្រី បូ៊វ សោភា សកម្មជនមកពីតំបន់បឹងកក់ដែលរងការបណ្ដេញចេញ បានរិះគន់ខ្លាំងៗចំពោះការសម្រេចផ្លាស់ប្ដូរទីតាំងទីលានប្រជាធិបតេយ្យទៅជាយក្រុង។ ស្ត្រីរូបនេះនិយាយទៀតថា “បើយើងទៅប្រមូលផ្ដុំគ្នានៅទីនោះ វាដូចយើងបញ្ចេញមតិឱ្យដើមឈើ និងផ្លូវស្ដាប់អញ្ចឹង”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស