32.9 C
Phnom Penh

អបអរ​​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ដែល​នៅ​តែរីកលូតលាស់តាមរយៈរបាំបាឡេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាធម្មតា ផ្កាស្លារមែងលាស់ រីក ហើយទីបំផុតប្រែជាស្វិតស្រពោន ហើយងាប់ដូចផ្កាផ្សេងទៀតអញ្ចឹងដែរ។ ប៉ុន្តែជាផ្នែកដ៏សំខាន់មួយនៃពិធីមង្គលការនៅកម្ពុជា ដែលកូនកំលោះហុចឱ្យទៅកូនក្រមុំនៅពេលការដើរហែហមរបស់ពួកគេចាប់ផ្ដើម និមិត្តរូបរបស់វានៅតែរស់រានយូរអង្វែងទោះបីបន្ទាប់ពីលម្អងរបស់វារុះរោយក្ដី។

លោកស្រី សុភីលីន ជាមសាភារ៉ូ អ្នកជំនាញខាងនាដសាស្ត្រ (របាំ) បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ”ការរីករបស់ផ្កាស្លាអាចបន្តមួយជីវិត។ នៅពេលប្ដីប្រពន្ធវ័យចាស់ដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយនៅតែរួមរស់ជាមួយគ្នា នោះយើងអាចនិយាយបានថា ផ្កាស្លារបស់ពួកគាត់បានរីកពេញមួយជីវិតរបស់ពួកគាត់”។

ក្រុមអ្នករបាំហាត់សមឈុតមួយចេញពីរបាំ "ផ្កាស្លា" របស់លោកស្រី សុភីលីន ជាមសាភារ៉ូ អ្នកជំនាញខាងនាដសាស្ត្រកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ក្រុមអ្នករបាំហាត់សមឈុតមួយចេញពីរបាំ ”ផ្កាស្លា” របស់លោកស្រី សុភីលីន ជាមសាភារ៉ូ អ្នកជំនាញខាងនាដសាស្ត្រកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

នៅក្នុងរបាំបុរាណខ្មែររបស់លោកស្រីមានចំណងជើងថា “ផ្កាស្លា” ដែលនឹងត្រូវលើកយកទៅសម្ដែងនៅយប់ថ្ងៃស្អែកក្នុងរាជធានីភ្នំពេញ លោកស្រី សុភីលីន ជាមសាភារ៉ូ អបអរសាទរចំពោះប្ដីប្រពន្ធរៀបការដោយបង្ខំអំឡុងរបបខ្មែរក្រហម ដែលបានរក្សាផ្កាស្លារបស់ពួកគាត់ឱ្យនៅតែរីកស្គុសស្គាយ។

បរិយាកាសនៃអំពើហិង្សា និងការភ័យខ្លាចដែលមាននៅក្នុងសម័យនោះ នឹងត្រូវបង្ហាញក្នុងរបាំនោះតាមរយៈការប្រើប្រាស់ពណ៌ខ្មៅសម្រាប់សម្លៀកបំពាក់ប្រពៃណីរបស់ក្រុមអ្នករបាំ ដើម្បីឆ្លុះបញ្ចាំងពីសម័យកាល ឬតួអង្គសំខាន់ៗ។

ស្នាដៃរបាំដែលមានរយៈពេល៧០នាទីនេះត្រូវបានបង្កើតឡើងក៏ដោយសារតែសក្ខីកម្មនៅសាលាក្ដីខ្មែរក្រហមកាលពីពីរឆ្នាំមុន។ ក្នុងចំណោមចំណុចដែលគេផ្ដោតការចាប់អារម្មណ៍លើសវនាការទី២ប្រឆាំង ខៀវ សំផន និង នួន ជា មេដឹកនាំរបបខ្មែរក្រហម គឺគោលការណ៍ពាក់ព័ន្ធអាពាហ៍ពិពាហ៍ដោយបង្ខំ និងស្ត្រីមួយចំនួននិយាយអំពីការទទួលរងការរំលោភសេពសន្ថវៈពីសំណាក់ “ប្ដី” ដែលពួកគាត់មិនធ្លាប់ស្គាល់ពីមុនមក ឬមន្ត្រីខ្មែរក្រហម នៅពេលពួកគាត់មិនព្រមផ្សំដំណេក។

លោកស្រី ធើរីសា ដឺ លែនជីស (Theresa de Langis) អ្នកស្រាវជ្រាវលេចធ្លោខាងអាពាហ៍ពិពាហ៍ដោយបង្ខំក្រោមរបបខ្មែរក្រហម បានស្នើសុំឱ្យលោកស្រី សុភីលីន ជាមសាភារ៉ូ បង្កើតស្នាដៃមួយទាក់ទិននឹងប្រធានបទនេះ។ លោកស្រីក៏បានយល់ព្រម ហើយបានសរសេរសាច់របាំពាក់ព័ន្ធរឿងរ៉ាវពិតរបស់ប្ដីប្រពន្ធបីគូដែលបានរៀបការអំឡុងរបបខ្មែរក្រហមគឺ៖ អាពាហ៍ពិពាហ៍ពីរដែលបានបញ្ចប់ដោយអំពើហិង្សា និងសោកនាដកម្ម និងអាពាហ៍ពិពាហ៍ទី៣ដែលបានបញ្ចប់ដោយភាពរីករាយក្រោយ ប៉ុល ពត ដួលរលំ។

ក្រុមអ្នករបាំហាត់សមឈុតមួយចេញពីរបាំ "ផ្កាស្លា" របស់លោកស្រី សុភីលីន ជាមសាភារ៉ូ អ្នកជំនាញខាងនាដសាស្ត្រកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ក្រុមអ្នករបាំហាត់សមឈុតមួយចេញពីរបាំ ”ផ្កាស្លា” របស់លោកស្រី សុភីលីន ជាមសាភារ៉ូ អ្នកជំនាញខាងនាដសាស្ត្រកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សម្រាប់សាច់ភ្លេង លោកស្រី សុភីលីន ជាមសាភារ៉ូ បានពឹងពាក់លោក ហ៊ីម សុភី អ្នកនិពន្ធសាច់ភ្លេងខ្មែរ ដែលនិពន្ធទាំងសម្រាប់ឧបករណ៍ភ្លេងបុរាណខ្មែរ និងបស្ចិមប្រទេស។

លោកមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកបានចាប់ផ្ដើមសរសេរជាអក្សរភ្លេងកាលពីខែឧសភាឆ្នាំមុន ហើយទើបតែបញ្ចប់កាលពីពីរបីសប្ដាហ៍មុនប៉ុណ្ណោះ។

ចំណែកឯលោកស្រី សុភីលីន ជាមសាភារ៉ូ បាននិពន្ធសាច់របាំមួយដែលរួមមានអ្នករបាំ១៦នាក់ តន្ត្រីករ៦នាក់ ព្រមទាំងអ្នកពោលរឿង២នាក់។ ដូច្នេះ ការនិពន្ធបទភ្លេងសម្រាប់ឧបករណ៍ភ្លេងបុរាណខ្មែរត្រូវដាក់បញ្ចូលផ្នែកនិយាយ។

ដោយយល់ពីភាពស្មុគស្មាញនៃការងាររបស់ខ្លួន លោកបានលើកឡើងថា “យើងតែងតែជួបឧបសគ្គខ្លះៗ”។

អត្ថបទរឿងនឹងត្រូវអានជាភាសាខ្មែរអំឡុងពេលសម្ដែង ហើយភាសាអង់គ្លេសនឹងត្រូវបង្ហាញជាទូរបទ (Subtitle)។

សម្រាប់លោក ពេជ្រ អង្គ សហមេធាវីកម្ពុជាតំណាងឱ្យជនរងគ្រោះនៅសាលាក្ដីយល់ថា របាំនេះគឺជាសំណងសមរម្យសម្រាប់ជនរងគ្រោះនៃអាពាហ៍ពិពាហ៍ដោយបង្ខំដែលមិនអាចទទួលបានសំណងសម្រាប់ការរងទុក្ខវេទនារបស់ខ្លួន។

លោកបានធ្វើការកត់សម្គាល់ថា “សាធារណជននឹងចាប់អារម្មណ៍ខ្លាំងលើរបាំនេះ ព្រមទាំងខ្លឹមសារនៃសារ។ នេះជាវិធីដ៏មានឥទ្ធិពលសម្រាប់បញ្ជូនសារ ហើយខ្ញុំសង្ឃឹមថា អ្នកទស្សនានឹងចូលចិត្តរបាំនេះ ព្រមទាំងធ្វើការពិចារណាខ្លះៗពាក់ព័ន្ធអ្វីដែលបានកើតឡើង”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស