35 C
Phnom Penh

លោក ហ៊ុន សែន ដាក់​​​ពាក្យ​​​ប្តឹង​​​លោក ​​​សម​​​ រង្ស៊ី ទារ​​​សំណងជំងឺចិត្ត​​​ចំនួន​​​១លាន​​​ដុល្លារ​​​​​​​​​ពាក់​​​ព័ន្ធករណី​​​កញ្ញា ធី សុវណ្ណ​​​ថា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី  ប្រធានគណបក្សប្រឆាំងចំពោះសម្តីដែលចោទប្រកាន់លោកថា បានផ្តល់ប្រាក់១លានដុល្លារទៅឲ្យអ្នកបង្កបញ្ហាផ្នែកនយោបាយវ័យក្មេងម្នាក់ដើម្បីឲ្យវាយប្រហារគណបក្សសង្គ្រោះជាតិ ហើយបានទាមទារសំណងជំងឺចិត្តក្នុងចំនួនទឹកប្រាក់ដូចគ្នានេះ ដែលលោកសន្យាថា នឹងប្រើប្រាស់សម្រាប់អំពើមនុស្សធម៌។

ពាក្យបណ្តឹងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីកញ្ញា ធី សុវណ្ណថា ដែលបានក្លាយជាតារាតាមបណ្តាញទំនាក់ទំនងសង្គមក្នុងនាមជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមុនពេលងាកមកវាយប្រហារគណបក្សនេះវិញកាលពីឆ្នាំមុននោះ បានដាក់ពាក្យប្តឹងលោក សម  រង្ស៊ី ពីបទបរិហារកេរ្តិ៍ដោយទាមទារសំណងជំងឺចិត្ត២៥០.០០០ដុល្លារចំពោះសម្តីដដែលនេះ ដែលចោទប្រកាន់នាងថា បានសមគំនិតជាមួយលោកនាយករដ្ឋមន្ត្រី។

ពាក្យបណ្តឹងដែលចុះហត្ថលេខាដោយមេធាវី គី តិច និងដាក់ជូនសាលាដំបូងរាជធានីភ្នំពេញនោះ មានខ្លឹមសារដូច្នេះថា “ខ្ញុំបាទសូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាមេត្តាជ្រាបថា ក្នុងនាមជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេច តេជោ ហ៊ុន សែន ខ្ញុំសុំប្តឹងឈ្មោះ សម រង្ស៊ី ចំពោះសម្តីរបស់គាត់ដែលបាននិយាយនៅក្នុងវេទិកាជាសាធារណៈមួយ នាទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧កន្លងទៅ”។

បន្ទាប់មក ពាក្យបណ្តឹងនេះបានដកស្រង់សម្តីរបស់លោក សម រង្ស៊ី ដែលនិយាយនៅក្នុងវេទិកាក្នុងទីក្រុងប៉ារីស។

cam-photo-lawmaker-immunity_WEB-ONLYពាក្យបណ្តឹងនេះមានខ្លឹមសារបន្តដូច្នេះថា “នៅក្នុងវេទិកានោះឈ្មោះ សម រង្ស៊ី បាននិយាយថា ‘ចុះ ហ៊ុន សែន សូក ធី សុវណ្ណថា ១លានដុល្លារ ម៉េចអាណាធ្វើអី ហ៊ុន សែន ផង?…១លានដុល្លារ និយាយលុយនោះ លុយពុករលួយ…សូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ ឲ្យរករឿងគណបក្សសង្គ្រោះជាតិ ឲ្យធ្វើបាតុកម្ម”។

ពាក្យបណ្តឹងនេះ ទាមទារឲ្យចោទប្រកាន់លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍  និងឲ្យសងជំងឺចិត្តដល់លោក ហ៊ុន សែន ក្នុងចំនួនទឹកប្រាក់៤ពាន់លានរៀល ឬប្រហែល១លានដុល្លារ។

សម្តីរបស់លោក សម រង្ស៊ី សំដៅយ៉ាងច្បាស់ក្រឡែតដល់រូបភាពផ្ទាំងស្គ្រីននៃការសន្ទនាឆ្លើយឆ្លងគ្នាយ៉ាងច្បាស់ក្រឡែតរវាងអ្នកប្រើប្រាស់កម្មវិធី Line ពីរនាក់ដែលហៅគ្នាទៅវិញទៅមកថា “តា” និង “ចៅ” ហើយត្រូវបានបង្ហោះតាមទំព័រហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា  កាលពីខែវិច្ឆិកា មុនពេលត្រូវបានដកចេញវិញយ៉ាងឆាប់រហ័ស។

ការសន្ទនាដែលបែកធ្លាយទាំងនោះលើកឡើងពីការឆ្លើយឆ្លងគ្នា និងបុគ្គលដែលស្និទ្ធនឹងនាយករដ្ឋមន្ត្រី ក្នុងនោះរួមមាននាយខុទ្ទកាល័យរបស់លោក ហ៊ុនសែន គឺលោក ហូ សុទ្ធី ដោយធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនសន្និដ្ឋានថា ការសន្ទនាឆ្លើយឆ្លងគ្នានោះគឺរវាងលោក ហ៊ុន សែន និង កញ្ញា ធី សុវណ្ណថា ។

សារមួយពី “ចៅ” មានខ្លឹមសារដូច្នេះថា “កាលពីមុនចៅចង់បំបែក សម រង្ស៊ី កឹម សុខា ឲ្យបានជោគជ័យមុនឆ្នាំ២០១៨ តែក្រោយពីតាទម្លាក់ កឹម សុខា ចៅមើលឃើញឱកាសច្រើនទៀតបំបែកគាត់ទាំងពីរ”។

សារឆ្លើយតបពី “តា” មានខ្លឹមសារដូច្នេះថា “ពេលនេះឱកាសមានច្រើនជាងមុន។ ចៅអាចជំរុញការងារនេះមុនការកំណត់។ ដោយហេតុនេះទើបតាចង់ឲ្យចៅយកថវិកាទុកក្នុងដៃឲ្យហើយ”។

សារឆ្លើយតបនេះមានខ្លឹមសារបន្តថា  “តាផ្ញើតេលេក្រាមទៅអ៊ុំ ហូ សុទ្ធី ឲ្យបើកជូនចៅ ៦០០.០០០ដុល្លារទៀត។សរុប៤០០.០០០ដុល្លារ+៦០០.០០០ដុល្លារ=១.០០០.០០០ដុល្លារ+ចៅ”។

ការសន្ទនាឆ្លើយឆ្លងគ្នានេះក៏មាននិយាយ ពីការព្រមានអំពីគ្រោះថ្នាក់នៃអំពើភេរវកម្មនិងសារៈសំខាន់នៃការដឹកនាំរបស់លោក ហ៊ុន សែន នៅក្នុងការធានាសន្តិភាពនៅកម្ពុជាផងដែរ។

សារមួយមានខ្លឹមសារដូច្នេះថា ”បញ្ហាភេរវកម្មមិនអាចមើលស្រាលបានទេ។ តាដឹងពីចិត្តសាស្ត្ររបស់ប្រជាពលរដ្ឋ។ ទោះបីជាពលរដ្ឋខ្លះមិនចូលចិត្តគណបក្សប្រជាជន ក៏ដោយ តែពួកគាត់ជឿជាក់លើតានៅក្នុងការរក្សាសន្តិភាព។ ប្រសិនបើតាសម្រាក អ្វីៗអាចកើតឡើង ហេតុដូច្នេះវាពិបាក”។

កញ្ញា ធី សុវណ្ណថា ដាក់ពាក្យប្តឹងលោក  សម រង្ស៊ី កាលពីថ្ងៃអង្គារ ដោយអះអាងថា  លោកបានធ្វើឲ្យប៉ះពាល់ដល់ ”កិត្តិយស កេរ្តិ៍ ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់នាង”។

អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋា ភិបាលធ្លាប់បានលើកឡើងថា ខ្លួនគ្មានគម្រោងសើុបអង្កេតលើសារទាំងនេះឡើយ ដោយវាផ្ទុយពីទង្វើរបស់ខ្លួនដែលធ្លាប់តាមធ្វើបាបលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងពាក់ព័ន្ធការសន្យាទិញកាដូឲ្យស្រីកំណាន់ម្នាក់នៅក្នុងខ្សែអាត់សំឡេងដែលបែក ធ្លាយ។

ពេលទាក់ទង បន្ទាប់ពីដាក់ជូនពាក្យបណ្តឹងទៅសាលាដំបូង លោក គី តិច មេធាវីរបស់លោក ហ៊ុន សែន បានលើកឡើងថា ការចោទប្រកាន់របស់លោក សម រង្ស៊ី គ្មានមូលដ្ឋាន។

លោក គី តិច បានមានប្រសាសន៍ថា “ការចោទប្រកាន់េនះគឺជាការបំផ្លើសការពិត និងជាការនិយាយមួលបង្កាច់សម្តេចតេជោ [លោក ហ៊ុន សែន] ព្រោះសម្តេចគ្មានទំនាក់ទំនងជាមួយ ធី សុវណ្ណថា ទេ”។

លោកបានមានប្រសាសន៍ទៀតថា “វាប្រហែលជា មានគេហែ៊កគណនីហ្វេសប៊ុក [របស់កញ្ញា ធី សុវណ្ណថា ] ដើម្បីបង្កើតឲ្យមានករណីនេះឡើង”។លោកបានបន្ថែមថា នឹងមានពាក្យបណ្តឹងប្តឹងអ្នកចូលហ៊ែកបន្ថែមទៀត ប្រសិនបើពួកគេត្រូវបានកំណត់អត្តសញ្ញាណ។

លោកបានបន្ថែមទៀតថា លោកនាយករដ្ឋមន្ត្រី នឹងប្រើប្រាស់សំណងជំងឺចិត្ត១លានដុល្លារនេះទៅសាងសង់ផ្ទះជូនជនពិការនៅកម្ពុជា។

លោក សម រង្ស៊ី បាននិយាយការពារការលើកឡើងរបស់លោកកាលពីម្សិលមិញ ហើយថា លោកស្វាគមន៍ពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីដែលធ្វើឲ្យគេចាប់អារម្មណ៍បន្ថែមទៀតលើអំពើពុករលួយរបស់លោក។

លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “ខ្ញុំសូមនិយាយបញ្ជាក់ថា ហ៊ុន សែន ផ្តល់លុយ១លានដុល្លារទៅឲ្យក្មេងស្រីម្នាក់នេះផ្អែកលើអ្វីដែលគាត់បានសរសេរដោយខ្លួនឯងនៅក្នុងសារគេដឹងឮគ្រប់គ្នាតាមអីុនធឺណិត ដែលគាត់ ឬបរិវាររបស់គាត់មិនបានបដិសេធនោះ”។

លោក សម រង្ស៊ី បានលើកឡើងទៀតថា “ខ្ញុំស្វាគមន៍ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន នៅចំពោះមុខតុលាការអាយ៉ងក្នុងប្រទេសកម្ពុជា ព្រោះរាល់ការពិភាក្សាលើពាក្យបណ្តឹងនេះ នឹងធ្វើឲ្យសាធារណជនដឹងកាន់តែច្រើនអំពីទង្វើដ៏អាម៉ាស់របស់លោក ហ៊ុន សែន “។

មេដឹកនាំគណបក្សប្រឆាំងរូបនេះ ដែលប្រឈមការចោទប្រកាន់មួយចំនួន អំឡុងពេលនិរទេសខ្លួនលើកចុងក្រោយទៅរស់នៅក្រៅប្រទេសនោះ បានលើកឡើងថា ពាក្យបណ្តឹងថ្មីនេះ មិនទុកថាជាការបដិសេធរបស់លោក ហ៊ុន សែន ទេ។

លោកបានមានប្រសាសន៍ថា “សម្រាប់ខ្ញុំ ឥឡូវ ពាក្យបណ្តឹងនេះមិនអាចចាត់ទុកថា ជាការបដិសេធទេ គឺវាគួរតែបានដាក់ប្តឹងជាយូរមកហើយ។ វាយឺតពេលហើយ មិនអាចសង្គ្រោះស្ថានការណ៍បានទេ”៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស