លោក ញឹក ប៊ុនឆៃ អតីតមេបញ្ជាការយោធាមួយរូបទទួលបានការសរសើរចំពោះការជួយបំផ្លាញគណបក្សហ្វុ៊នស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សដ៏មានអំណាចនោះ បានប្រកាសកាលពីម្សិលមិញអំពីកិច្ចព្រមព្រៀងលើកដំបូងឆ្ពោះទៅរកការបង្កើតសម្ពន្ធភាពជាមួយគណបក្សតូចៗនៅមុនការបោះឆ្នោតនៅឆ្នាំនេះ និងនៅឆ្នាំក្រោយ។
បើទោះជាក្រុមអ្នកសង្កេតការណ៍សន្និដ្ឋានថា គណបក្សមួយចំនួនក្នុងចំណោមគណបក្សថ្មីចំនួនប្រាំបួនដែលបានបង្កើតឡើងចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដើម្បីបំបែកសំឡេងឆ្នោតគណបក្សប្រឆាំងក៏ដោយក៏គណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សគ្មានការបារម្ភពីការគំរាមនេះទេ។
លោក ញឹក ប៊ុនឆៃ ដែលជាមេបញ្ជាការយោធាក្នុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលលោកក្លាយជាអ្នកនយោបាយម្នាក់នៅក្នុងគណបក្សហ្វុ៊នស៊ិនប៉ិច ហើយចាប់ផ្ដើមប្រកួតប្រជែងដណ្ដើមអំណាចគ្នាជាច្រើនឆ្នាំជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះ កាលពីម្សិលមិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់គណបក្សខ្មែររួបរួមជាតិរបស់លោកដើម្បីធ្វើការងារជាមួយគណបក្សយុត្តិធម៌ជាតិខ្មែរ (CNJP)។
អំឡុងពិធីចុះហត្ថលេខាជាមួយលោក ហ៊ាង រិទ្ធី ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរនៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងមានការចងសម្ពន្ធភាពបន្ថែមទៀត។
លោកបានថ្លែងថា “គោលបំណងរបស់យើងគឺច្របាច់បញ្ចូលគ្នាដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨ ប៉ុន្តែសម្រាប់ការងារនេះ គណបក្សរបស់យើងបានបង្កើតក្រុមបច្ចេកទេសរួមគ្នា ដើម្បីពិភាក្សាលម្អិតថាតើយើងត្រូវជួយគ្នាដោយរបៀបណា”។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា “ពីមុន យើងបានពិភាក្សាគ្នា ហើយមានទំនាក់ទំនងជាមួយគណបក្សនយោបាយចំនួនប្រាំមួយ”។ លោកបានបន្ថែមថា គណបក្សមួយទៀតដែលលោកបដិសេធមិនប្រាប់ឈ្មោះនោះ បានប្ដេជ្ញារួចហើយថា នឹងចូលរួមជាមួយសម្ពន្ធភាពបក្សប្រឆាំងដែលមិនមែនជាគណបក្សសង្គ្រោះជាតិ។
គណបក្សខ្មែររួបរួមជាតិរបស់អតីតឧត្ដមសេនីយ៍រូបនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន បន្ទាប់ពីលោកបានចាកចេញពីគណបក្សហ្វុ៊នស៊ិនប៉ិច ដែលត្រូវបានមកដឹកនាំម្ដងទៀតដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
លោក ហ៊ាង រិទ្ធី បានបង្កើតគណបក្សរបស់លោកបន្ទាប់ពីចាកចេញពីគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ដោយលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុដ៏មានប្រជាប្រិយភាពមួយរូប។
សុន្ទរកថារបស់លោក ហា៊ង រិទ្ធី នៅពិធីកាលពីម្សិលមិញបានប្រើវោហារសាស្ត្រប្រជានិយមដូចគ្នាដែលគណបក្សប្រឆាំងធ្លាប់ប្រើជាយូរមកហើយ ដោយលើកឡើងថា កម្ពុជាត្រូវការអ្នកនយោបាយដែលការពារអធិបតេយ្យភាពរបស់ខ្លួនដោយពិតប្រាកដ ដែលមជ្ឈដ្ឋានទូទៅនៅតែមានជំនឿថា គណបក្សប្រជាជនកម្ពុជាជំពាក់គុណវៀតណាម។
លោកបាននិយាយទៅកាន់អ្នកចូលរួមប្រហែល៣០នាក់ថា ”គណបក្សទាំងពីរនឹងរួមគ្នាធ្វើការងារដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលចង់បានឯករាជភាព និងអធិបតេយ្យភាពពិតប្រាកដ ជាពិសេសយើងនឹងរួមគ្នាប្រឹងប្រែងធ្វើការដើម្បីអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងអព្យាក្រឹតភាព”។
លោកស្រី កែវ គូនីឡា អ្នកវិភាគនយោបាយសាធារណៈបានមានប្រសាសន៍ថា ការច្របាច់បញ្ចូលគ្នាជាមួយគណបក្សតូចៗទំនងជានឹងបន្តកើតមាន។
លោកស្រីបានថ្លែងថា “ជាពិសេសខណៈកាន់តែកៀកដល់ថ្ងៃបោះឆ្នោត ហើយខណៈដែលគណបក្សតូចៗរៀបចំយុទ្ធសាស្ត្រដើម្បីទទួលបានសិទ្ធិចំពោះស្ថាប័ននីតិប្បញ្ញត្តិដោយការព្យាយាមយកឈ្នះភាពខ្លាំងរបស់គណបក្សធំៗកំពូលទាំងពីរដែលមានស្រាប់ពីមុនមក”។
លោកស្រីបានបន្ថែមថា “គណបក្សតូចៗតែងតែមានសក្ដានុពលក្នុងការបំផ្លាញទស្សនវិស័យរបស់គណបក្សសង្គ្រោះជាតិ ដែលទីបំផុតពួកគេអាចបំបែកសំឡេងឆ្នោត ដើម្បីគំាទ្រដល់គណបក្សប្រជាជនកម្ពុជា”៕ សារុន