លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងកាលពីម្សិលមិញក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានគណៈមេធាវីថ្មីថា ប្រព័ន្ធតុលាការនៅកម្ពុជាមានបញ្ហាដោយសារកើតមានអំពើពុករលួួយច្រំដែល ដោយអង្គចៅក្រមទាំងពីរភាគីបានចោទប្រកាន់គ្នាថា បានប្រព្រឹត្តអំពើស៊ីសំណូកសូកប៉ាន់។
នៅក្នុងពិធីនេះ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ផូគីថរ៉ា នោះ មេធាវី សួន វិសាល ដែលទទួលបានសំឡេងគាំទ្រលើសលប់កាលពីខែតុលាដើម្បីជំនួសលោក ប៊ុន ហុន ជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានោះបានឡើងស្បថចូលកាន់តំណែងថ្មី ។
លោក ឱម យិុនទៀង បានឆ្លៀតឱកាសនេះរិះគន់មន្ត្រីតុលាការនិងមេធាវីដែលមិនស្មោះត្រង់ដោយអះអាងថា ក្នុងចំណោមមេធាវីជាង១.០០០នាក់នៅទូទាំងប្រទេសមាន១ភាគរយប្រព្រឹត្តអំពើពុករលួយ។
លោកបានមានប្រសាសន៍ថា “វាគ្រោះថ្នាក់ណាស់ ព្រោះពួកគេគឺជាមេធាវីដែលមិនស្មោះត្រង់ជាមួយកូនក្តីរបស់ខ្លួន។ វាធ្វើឲ្យកូនក្តីរបស់ពួកគេរងផលប៉ះពាល់ដោយសារភាពលម្អៀងរបស់ពួកគេ”។
លោកបានបន្ថែមថា “អ៊ីចឹងសូមកុំប្រព្រឹត្តអំពើពុករលួយឲ្យសោះ កុំចូលរួមក្នុងអំពើពុករលួយ ហើយសុំកុំធ្វើជាអន្តរការី ព្រោះវាប៉ះពាល់យ៉ាងខ្លាំងដល់សង្គម…ហើយប៉ះពាល់ដល់កិត្តិយសរបស់នីតិរដ្ឋ”។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានបន្តប្រៀបធៀបទំនាក់ទំនងរវាងចៅក្រម និងមេធាវីទៅនឹងពាក្យបណ្តៅដែលសួរថា តើមេមាន់ និងពងមាន់មួយណាកើតមុន។ លោកបានលើកឡើងថា ចៅក្រមចោទប្រកាន់មេធាវីថា បង្ខំខ្លួនឲ្យយកសំណូក រីឯមេធាវីវិញចោទប្រកាន់ចៅក្រមថា ទាមទារសំណូក។
លោកបានថ្លែងថា “តើនរណាជាមេមាន់? ហើយនរណាជាពងមាន់? ។ យើងដាច់ខាតត្រូវតែដោះស្រាយបញ្ហានេះ”។
ដោយរដ្ឋាភិបាលជាប់ចំណាត់ថ្នាក់ជាប្រចាំថា ពុករលួួយជាងគេនៅក្នុងពិភពលោកនោះ តុលាការនៅក្នុងប្រទេសនេះស្ថិតក្នុងចំណោមស្ថាប័នរដ្ឋដែលប្រជាពលរដ្ឋជឿទុកចិត្តតិចតួចបំផុត។
លោក សុក សំអឿន មេធាវីសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបបានលើកឡើងពីបញ្ហានេះដោយមានអមជាមួយនឹងពាក្យប្រៀបធៀបរបស់លោក ឱម យិុនទៀង។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា បុគ្គលដែលសំខាន់បំផុតគឺចៅក្រម ប្រសិនបើចៅក្រមស្អាតស្អំ ហើយស្អប់អំពើពុករលួយ អ៊ីចឹង [នៅក្នុងតុលាការ] គ្មាននរណាម្នាក់អាចធ្វើខុសបាននោះឡើយ…អ្នកដែលព្យាយាមសូកប៉ាន់ចៅក្រមត្រូវតែបញ្ជូនទៅពន្ធនាគារ។ ខ្ញុំគិតថា វាមិនមែនជារឿង’មេមាន់ និងពងមាន់’ នោះឡើយ”។
លោក សុក សំអឿន បានលើកឡើងទៀតថា ចៅក្រមពុករលួួយដែលមិនអនុញ្ញាតឲ្យមេធាវីស្អាតស្អំស្មោះត្រង់ឈ្នះក្តីនោះ គឺជាអ្នកដែលលើកទឹកចិត្តឲ្យមានវប្បធម៌ពុករលួយ។
លោកបានថ្លែងថា “ប្រសិនបើចៅក្រមពុករលួយ អ៊ីចឹងមេធាវីប្រហែលជានឹងប្រឈមការលំបាកយ៉ាងច្រើន ហើយវាលំបាកណាស់នៅក្នុងការឈ្នះក្តី។ ប្រហែលជាលែងមានកូនក្តីមករកពួកគេឲ្យជួយទៀតហើយ ហើយកូនក្តីនឹងទៅរកមេធាវីដែលពុករលួយ និងចេះស៊ីសំណូកវិញ”។
អំឡុងពេលថ្លែងសុន្ទរកថា លោក ឱម យិុនទៀងក៏បានលើកឡើងផងដែរថា អង្គភាពរបស់លោកបានសើុបអង្កេតលើការចោទប្រកាន់ដែលថានិស្សិតច្បាប់បានសូកប៉ាន់ដើម្បីឲ្យខ្លួនបានប្រឡងជាប់ ប៉ុន្តែនៅមិនទាន់រកឃើញអ្នកដែលធ្វើខុសណាមួយនៅឡើយទេ។ លោក សួន វិសាល ដែលជាប្រធានគណៈមេធាវីថ្មីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា លោកនឹងសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ បើមានការសើុបអង្កេតណាមួយបន្ថែមទៀតទៅថ្ងៃអនាគតលើនិស្សិតច្បាប់ ឬសាស្ត្រា ចារ្យដែលពុករលួយ ។
លោកថ្លែងថា ”ប្រសិនបើមេធាវី ប្រព្រឹត្ត អំពើពុករលួយ យើងនឹងដាក់ទោសទណ្ឌពួកគេឲ្យបានធ្ងន់ធ្ងរ ឬក៏អាចបញ្ឈប់ពួកគេមិនឲ្យធ្វើជាមេធាវីតែម្តង”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Hannah Hawkins)