31 C
Phnom Penh

សំណុំឯកសារ​​​របស់អាមេរិក​ ដែល​​​​​ប្រកាស​​ជា​ចំហពណ៌នា​ពី​លោក ​​​លន់ នល់ ថាជា​បុរស​​ “តក់ស្លុត​”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសំណុំឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសជាចំហបង្ហាញថា លោក លន់ នល់ គឺជាមេដឹកនាំមានស្មារតីភាន់ភាំងដែលបានយំខ្សឹកខ្សួលអំឡុងពេលជួបជាមួយឧត្ដមសេនីយ៍អាមេរិកមួយរូប ខណៈលោកទទូចសុំជំនួយដើម្បីទប់ស្កាត់ការបះបោររបស់ពួកកុម្មុយនីស្ត ដែលទីបំផុតធ្វើឱ្យកើតមានខ្មែរក្រហមទម្លាក់លោកចេញពីអំណាច។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងារកណ្ដាលស៊ើបអង្កេត (CIA) បានបញ្ចេញឯកសារជាង១២លានទំព័រតាមប្រព័ន្ធអុីនធឺណិត ក្នុងនោះរួមមានប្រហែល១២.០០០សំណុំឯកសារស្ដីពីកម្ពុជា ដែលកាលពីមុនអាចរកបានទាល់តែនៅបណ្ណសារដ្ឋានជាតិរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋម៉ារីលែន។

ប្រព័ន្ធទិន្នន័យដ៏ធំនេះរួមមានការឆ្លុះបញ្ចាំស៊ីជម្រៅទៅលើការប្រាស្រ័យទាក់ទងរបស់សហរដ្ឋអាមេរិក និងការព្រួយបារម្ភនានាទាក់ទិនសេនាប្រមុខ លន់ នល់ ដែលបានដណ្ដើមអំណាចពីព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០ និងដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលរបស់លោក រីឆាដ និកសុន (Richard Nixon) ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងការប្រឹងប្រែងដើម្បីជីករម្លើងពួកកុម្មុយនីស្តវៀតណាមអំឡុងសង្គ្រាមឥណ្ឌូចិនលើកទី២។

cam-photo-filesនៅក្នុងឯកសារមួយដែលសរសេរជាង១ខែក្រោយពីលោក លន់ នល់ ដណ្ដើមអំណាច “ក្រុមការងារទទួលបន្ទុកខាងកម្ពុជា” របស់ CIA បញ្ជាក់ថា របបថ្មីនេះទទួលបានារគាំទ្រពីប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់ ហើយជាទូទៅ “ស្ថានភាពនៅក្នុងទីក្រុងមានភាពស្ងាត់ស្ងៀម និងស្ថិតក្រោមការគ្រប់គ្រង ចាប់តាំងពីការទម្លាក់ទ្រង់ ស៊ីហនុ ចេញពីអំណាចមក”។

ទោះជាយ៉ាងណា ឯកសារនេះកត់សម្គាល់ថា  ពួកកុម្មុនីស្តវៀតណាមអាចនឹងបង្កការគំរាមកំហែងដល់របបនេះ ជាពិសេសប្រសិនបើព្រះអង្គម្ចាស់ នរោត្តម សីហនុ រួមកម្លាំងជាមួយពួកទ័ពព្រៃ។

ឯកសារនេះបញ្ជាក់ថា “ក្រៅពីការគំរាមកំហែងផ្នែកយោធាយ៉ាងច្បាស់ក្រឡែតពីសំណាក់ពួកកុម្មុនីស្តវៀតណាម ការគំរាមកំហែងធំដល់រដ្ឋាភិបាលបច្ចុប្បន្នគឺការដែលទ្រង់ សីហនុ អាចនឹងយាងត្រឡប់មកវិញ ហើយដោយមានជំនួយពីពួកកុម្មុយនីស្តវៀតណាម ទ្រង់អាចនឹងដឹកនាំចលនាតស៊ូក្នុងព្រៃ។ ទ្រង់ សីហនុ ប្រហែលជាអាចទាក់ទាញអ្នកគាំទ្របានយ៉ាងច្រើន ប៉ុន្តែពេលនេះមិនអាចកំណត់បានទេថានឹងមានចំនួនច្រើនប៉ុណ្ណា ឬវាមានប្រសិទ្ធភាពឬក៏អត់”។

ការអំពាវនាវរបស់ព្រះអង្គម្ចាស់ឱ្យអ្នកស្រែចម្ការចូលរួមជាមួយខ្មែរក្រហម មិនយូរប៉ុន្មានក្រោយពីព្រះអង្គត្រូវបានទម្លាក់ចេញពីអំណាច បានជួយឱ្យចំនួនសមាជិកពួកកុម្មុយនីស្តកម្ពុជាកើនឡើងពីប្រមាណ១៥.០០០នាក់នៅឆ្នាំ១៩៧០ ដល់ប្រហែល១២៥.០០០នាក់ត្រឹមឆ្នាំ១៩៧២។ ប្រហែល១ឆ្នាំក្រោយមក ខ្មែរក្រហមបានគ្រប់គ្រងជាក់ស្ដែងលើតំបន់ធំៗមួយចំនួននៃប្រទេសកម្ពុជា ហើយបានដកខ្លួនចេញពីចលនាកុម្មុយនីស្តវៀតណាម។

ទោះជាយ៉ាងណា នៅឆ្នាំ១៩៧០ អ្នកសរសេររបាយការណ៍របស់ក្រុមការងារខាងលើមានការសង្ស័យយ៉ាងខ្លាំងជុំវិញថា តើពួកកុម្មុយនីស្តអាថ៌កំបាំងពិតជាបង្កការគំរាមកំហែងខ្លាំងកម្រិតណានៅភូមិភាគឦសាននៃប្រទេស។

របាយការណ៍នោះមានខ្លឹមសារដូច្នេះថា “ក្រុមបះបោរជនជាតិដើមភាគតិច ឬ ‘ខ្មែរក្រហម’ តំណាងឱ្យកម្លាំងជនជាតិដើមភាគតិចដ៏សំខាន់។ ទោះបីជាខ្វះភ័ស្តុតាងរឹងក្ដី ក៏កម្លាំងសរុបនៃពួកបះបោរកម្ពុជាប្រហែលជាមានចំនួនមិនលើសពី៥.០០០នាក់ឡើយ។ គ្មានភ័ស្តុតាងបញ្ជាក់ថា ការបះបោររយៈពេល៣ឆ្នាំនេះគឺជាចលនាដែលមានការប្រទាក់ក្រឡាគ្នានោះទេ ប៉ុន្តែមានភ័ស្តុតាងបញ្ជាក់ថា ពួកបះបោរនៅតាមបណ្ដោយព្រំដែនភូមិភាគឦសានទទួលបានអាវុធ និងការណែនាំពីពួកវៀតកុង”។ របាយការណ៍នេះបន្ថែមទៀតថា ចលនានេះទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះ ហើយ “កលយុទ្ធភេរវកម្ម” របស់វាបានធ្វើឱ្យអ្នកស្រែចម្ការជាច្រើនលែងគាំទ្រ ប៉ុន្តែវាអាចលេចចេញជា “បញ្ហាធំ” នៅក្រុងភ្នំពេញ។

ប្រហែល១ខែក្រោយមក កំណត់ហេតុមួយដែលលោក ហេនរី ឃីស៊ីងជើ (Henry Kissinger) ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនៅពេលនោះផ្ញើជូនប្រធានាធិបតី រីឆាដ និកសុន មានការរាយការណ៍មួយពីលោក អាឡិចស៊ែនដឺ ហេក (Alexander Haig) ឧត្ដមសេនីយ៍អាមេរិក ដែលបានជួបជាមួយលោក លន់ នល់ នៅក្រុងភ្នំពេញ។ ឧត្ដមសេនីយ៍រូបនេះបានពណ៌នាពីលោក លន់ នល់ ថាជាមេដឹកនាំ “រំជួលចិត្ត” និងគ្មានភាពប្រាកដនិយមដែលទទូចចង់ឱ្យសហរដ្ឋអាមេរិកផ្ដល់ការគាំទ្របន្ថែមទៀត ដើម្បីរារាំងសកម្មភាពរបស់ពួកកុម្មុយនីស្ត។

លោក អាឡិចស៊ែនដឺ ហេក បានមានប្រសាសន៍ថា “វាច្បាស់ណាស់ថា លោក លន់ នល់ តក់ស្លុតយ៉ាងខ្លាំង បើគាត់មិនតក់ស្លុតទេ គាត់ក៏មិនចង់ឱ្យយើងចាត់វិធានការភ្លាមៗជាមួយនឹងការបញ្ចេញឱ្យឃើញកាន់តែច្បាស់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកនោះដែរ។ លោកនឹងកត់សម្គាល់ឃើញថា ការប្រឹងប្រែងរបស់ខ្ញុំគឺដើម្បីទុកឱ្យមេដឹកនាំម្នាក់ដែលរំជួលចិត្ត និងគ្មានភាពប្រាកដប្រជាទាល់តែសោះ គិតអ្វីទៅតាមស្ថានភាពជាក់ស្ដែង”។

នៅក្នុងប្រតិចារិកមួយចេញពីជំនួបខាងលើនេះ លោក លន់ នល់ បានស្នើឱ្យសហរដ្ឋអាមេរិក និងកម្ពុជា “ហ្វឹកហាត់ និងរួមគ្នាប្រយុទ្ធ” ប្រឆាំងពួកកុម្មុយនីស្តនៅភូមិភាគឦសាននៃប្រទេស។

ជាការឆ្លើយតប ឧត្ដមសេនីយ៍ អាឡិចស៊ែនដឺ ហេក បានសន្យាផ្ដល់ជំនួយកាំភ្លើងធំ ដែលរួមមានកាំភ្លើងវែង គ្រាប់រំសេវ កាំភ្លើងយន្ត កាំភ្លើងត្បាល់ និង “ប្រហែលជាមានរ៉ុកកែតមួយចំនួនផង” ហើយលើកឡើងថា អាចនឹងមានការគាំទ្រតាមផ្លូវអាកាស បន្ទាប់ពីលោក លន់ នល់ ស្នើម្ដងហើយម្ដងទៀតសុំជំនួយទ័ពជើងគោករបស់សហរដ្ឋអាមេរិក។

ក្រោយមក លោក លន់ នល់ បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា លោកត្រៀមខ្លួនជួយពួកយើង។ យើងមានអារម្មណ៍ថា យើងគ្មានសុវត្ថិភាពទេ”។

ឯកសារនោះកត់សម្គាល់ថា នៅពេលឧត្ដមសេនីយ៍ អាឡិចស៊ែនដឺ ហេក គូសបញ្ជាក់ជាថ្មីម្ដងទៀតពីការគាំទ្ររបស់សហរដ្ឋអាមេរិកដល់របបថ្មីនេះ លោក លន់ នល់ ក៏សម្រក់ទឹកភ្នែក។ ឯកសារដដែលនេះបញ្ជាក់ថា “នៅត្រង់ចំណុចនេះ សេនាប្រមុខ លន់ នល់ គិតតែពីយំខ្សឹកខ្សួល។ បន្ទាប់មក គាត់ក៏ក្រោកឡើង ហើយដើរទៅជ្រុងម្ខាងទៀតនៃបន្ទប់រហូតដល់គាត់ទប់ស្មារតីបានវិញ”។

នៅក្នុងឯកសារមួយទៀត ជំនួបក្នុងរយៈពេលខ្លីរវាងលោក រីឆាដ និកសុន និងមន្ត្រីនៅក្នុងទីក្រុងវ៉ាស៊ីុនតោនក្នុងខែមិថុនាឆ្នាំ១៩៧០ បានគូសបញ្ជាក់អំពីអ្វីដែលលោកលើកឡើងថា សហរដ្ឋអាមេរិក ”ត្រូវតែទ្រាំទទួលយករាល់ការរិះគន់”នៅក្នុងការរក្សា”អព្យាក្រឹតភាព” របស់កម្ពុជា និងការការពារទប់ទល់ការបះបោរ។

ប្រធានាធិបតីរូបនេះត្រូវបានដកស្រង់សម្តីមកថា ”អ្នកគ្រប់គ្នាគួរតែនិយាយដោយ មានទំនុកចិត្តជាមួយសារព័ត៌មាន និងនៅក្នុងសន្និសីទកាសែត។ ការលើកឡើងដែលថា  ‘កម្ពុជាត្រូវបានបំផ្លាញ’ ដាច់ខាតត្រូវតែបញ្ឈប់”។

សម្រង់សម្តីនេះបានបន្តទៀតថា “វាគួរតែប្រថុយ។ គោលដៅរបស់យើងគឺរក្សារដ្ឋាភិបាលឯករាជ្យមិនមែនកុម្មុយនីស្ត មិនមែនគាំទ្ររដ្ឋាភិបាលពិសេសណាមួយនោះទេ”។

នៅក្នុងលិខិតសរសើរមួយផ្ញើទៅឲ្យលោក លន់ នល់ ប្រហែល៣ឆ្នាំក្រោយមក បន្ទាប់ពីមេដឹកនាំកម្ពុជារូបនេះស្នើសុំទៅព្យាបាលជំងឺនៅទីក្រុងញូវយ៉ក លោក រីឆាដ និកសុន ានសរសើរការស្នេហាជាតិ និងការដឹកនាំរបស់លោក លន់ នល់ អំឡុងពេលដែលលោកអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបើកយុទ្ធនាការទម្លាក់គ្រាប់ដ៏បង្ហិនបង្ហោចនៅក្នុងទឹកដីកម្ពុជាត្រង់តំបន់ដែលកងកម្លាំងវៀតកុងលាក់ខ្លួន ដោយបំផ្លាញភូមិជាច្រើននិងធ្វើឲ្យកើតមានក្តីព្រួយបារម្ភដែលជួួយឲ្យខ្មែរក្រហមបានកាន់អំណាច។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានសរសេរថា “ខ្ញុំបានតាមដានហើយមើលឃើញថា មានការអភិវឌ្ឍដ៏ខ្លាំងអំឡុងរបបសាធារណរដ្ឋខ្មែរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ខ្ញុំសូមសរសើរអ្នកដែលធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃដើម្បីពង្រីករដ្ឋាភិបាលរបស់អ្នក ហើយអនុញ្ញាតឲ្យក្រុមមនុស្សមានសមត្ថភាពជួយអ្នកក្នុងការតម្រង់ជោគវាសនារបស់ប្រជាពលរដ្ឋអ្នក”។

លោកបានសរសេរបន្តថា “នៅក្នុងករណីនេះ អ្នកបានបង្ហាញម្តងទៀតនូវការមិនគិតដល់ខ្លួនឯង និងការស្គាល់ពីតួនាទីដែលធ្វើឲ្យអ្នកក្លាយជាអ្នកស្នេហាជាតិលេចធ្លោជាងគេនៅសម័យសាធារណរដ្ឋនេះ”។

ទោះជាយ៉ាងណា ឯកសាររបស់ទីភ្នាក់ងារ CIA ដែលរកបានអំឡុងពេលតែមួយនោះ អះអាងថា មាន “ការចង្អុលបង្ហាញមួយចំនួនថា ការមិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលលោក លន់ នល់ “បានធ្វើឲ្យព្រះអង្គម្ចាស់ សីហនុ ដែលបានធ្វើដំណើរទៅកាន់តំបន់គ្រប់គ្រងដោយខ្មែរក្រហម ជាមួយថ្នាក់ដឹកនាំរបស់ចលនានេះនោះ  ទទួលបានការពេញចិត្តជាងពីក្រុមមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ឯកសារនេះក៏បានគូសបញ្ជាក់ផងដែរថា “មន្ត្រីកងទ័ពកម្ពុជាភាគច្រើនដែលមានឋានៈក្រោមលំដាប់កំពូល និងកងទ័ពរបស់ពួកគេនឹងគាំទ្រព្រះអង្គម្ចាស់ សីហនុ  ប្រសិនបើទ្រង់ត្រឡប់មកវិញ”។ ទោះបីជាយ៉ាងដូច្នេះក្តី ទីភ្នាក់ងារនេះជឿជាក់ថា ក្រុមកុម្មុយនីស្តគាំទ្រព្រះអង្គម្ចាស់ដ៏គួរឲ្យគោរពស្រឡាញ់រូបនេះតែក្នុង”ហេតុផលយុត្តិសាស្ត្រ “ប៉ុណ្ណោះ។

ទីបំផុតព្រះអង្គម្ចាស់ សីហនុ ត្រូវបានខ្មែរក្រហមចាប់ឃុំឃាំងក្នុងវាំង បន្ទាប់ពីពួកគេបានឡើងកាន់អំណាច ដោយដឹកនាំរបបរបស់ខ្លួនបាន៤ឆ្នាំ ដែលអំឡុងពេលនោះមានប្រជាពលរដ្ឋប្រមាណ១,៧លាននាក់បានស្លាប់ ដោយសារការសម្លាប់រង្គាលការអត់ឃ្លាន និងជំងឺ។លោក លន់ នល់ បានភៀសខ្លួនទៅហាវ៉ៃ ហើយបានស្លាប់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ១៩៨៥ក្នុងអាយុ៧២ឆ្នាំ៕សុខុម និងស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស