28.4 C
Phnom Penh

សាលា​​​ហ្សាម៉ាន់ ដែលគេ​​​អះអាង​​​ថាពាក់ព័ន្ធអំពើភេរវកម្ម​​​​​​ មានកូន​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ចូលភាគហ៊ុន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្តីប្រពន្ធដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានតួនាទីធំនៅសាលាហ្សាម៉ាន់ក្នុងប្រទេសកម្ពុជា ជាចំណាត់ការដែលទំនងជាធ្វើឱ្យចុះខ្សោយដល់តួនាទីរបស់អាជ្ញាធរតួកគីដែលចង់ឱ្យបិទសាលានេះចំពោះការជាប់ពាក់ព័ន្ធទៅនឹងអំពើ “ភេរវកម្ម”។

ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា នៅក្នុងប្រទេសតួកគី លោក អីុលហាន កេម៉ាល់ ទុក (Ilhan KemalTug) បានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងអប់រំបិទសាកលវិទ្យាល័យ ហ្សាម៉ាន់ និងបរិវេណសាលាមត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សារបស់សាលាអន្តរជាតិ ហ្សាម៉ាន់ នៅក្នុងប្រទេសកម្ពុជា ដោយអះអាងថា សាលាទាំងនេះត្រូវបានគ្រប់គ្រងដោយអង្គការតែមួយ ដែលមានផែនការធ្វើរដ្ឋប្រហារមិនបានសម្រេច។

WP-LastImage-44-800x533យោងតាមសេចក្តីប្រកាសដែលបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យហ្សាម៉ាន់ នៅសប្តាហ៍នេះបានឱ្យដឹងថា នៅក្នុងជំនួបជាមួយសិស្ស បុគ្គលិក និងសមាជិកក្រុមប្រឹក្សាភិបាលកាលពីថ្ងៃសៅរ៍ សាលានេះដែលមានកូនៗមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រៀនផងនោះ បានប្រកាសថា ប្តីប្រពន្ធមានអំណាចនេះនឹងទទួលបន្ទុកផ្នែកប្រតិបត្តិការ។

លោកស្រី ជា សុផាកាន់នី កូនស្រីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ពេលនេះជាប្រធានក្រុមហ៊ុននេះ  និងជាម្ចាស់ភាគហ៊ុនដ៏ធំំបំផុតរបស់សាលានេះ ចំណែកស្វាមីរបស់លោកស្រី គឺលោក អៀង សុផល្លែត ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស។

លោក អៀង សុផល្លែត មានប្រសាសន៍កាលពីម្សិលមិញថា លោក និងភរិយារបស់លោកជាម្ចាស់ភាគហ៊ុននៅក្នុងសាលានេះរយៈពេល១០ទៅ១៥ឆ្នាំមកហើយ ប៉ុន្តែពីមុនជ្រើសរើសមិនចូលពាក់ព័ន្ធក្នុងផ្នែកប្រតិបត្តិការ។

ដោយលើកឡើងពីការប្រកួតប្រជែងកើនឡើង និងតម្រូវការសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជានោះ លោកបានមានប្រសាសន៍ថា “ប៉ុន្តែឥឡូវនេះយើងសម្រេចចូលរួមពាក់ព័ន្ធ”។

លោកបានបន្ថែមថា “អ្វីក៏ដោយ ដែលជាប់ពាក់ព័ន្ធជាមួយស្ថានទូតតួកគី យើងមិនខ្វល់ទេ។ យើងអនុវត្តតាមវិធាន។ យើងអនុវត្តតាមច្បាប់”។

បុគ្គលិកម្នាក់នៅសាលាហ្សាម៉ាន់ ដែលបានបដិសេធមិនប្រាប់ឈ្មោះដោយសារតែគោលនយោបាយនោះនិយាយថាលោកស្រី ជា សុផាកាន់នី កាន់កាប់អគារជាច្រើនរបស់សាលានេះចាប់តាំងពីសាលានេះបង្កើតឡើងក្នុងឆ្នាំ២០០៥មក ហើយថា ការគ្រប់គ្រងដ៏សកម្មរបស់ប្តីប្រពន្ធនេះនឹងជួយ “ពង្រីកសកម្មភាពនិងការវិនិយោគរបស់យើងនៅពេលអនាគត”។

លោក អីុលហាន កេម៉ាល ទុក ឯកអគ្គរដ្ឋទូតតួកគីបានធ្វើដំណើរទៅក្រៅប្រទេសកាលពីម្សិលមិញ ហើយមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

រដ្ឋាភិបាលតួកគីអះអាងថា សាលា ហ្សាម៉ាន់ ត្រូវបានភ្ជាប់ទៅនឹងលោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen)  បព្វជិតដ៏ចម្រូងចម្រាសមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលចលនាHizmet របស់បព្វជិតនេះត្រូវបានបន្ទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងខែកក្កដា ដែលជាលទ្ធផល មនុស្សជិត៣០០នាក់ស្លាប់និងរាប់ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស