38 C
Phnom Penh

លោក ជា មុនី ប្រាប់​ឱ្យអាជ្ញាធរឈប់​ស៊ើបករណី​​​ធ្វើ​​​ឃាត​​​បង​ប្រុស​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

១៣ឆ្នាំបន្ទាប់ពីករណីធ្វើឃាតលោក ជា វិជ្ជា ប្រធានសហជីព បានធ្វើឱ្យមានភាពតក់ស្លុតទូទាំងប្រទេស កាលពីម្សិលមិញប្អូនប្រុសរបស់លោកបានស្នើសុំឱ្យអាជ្ញាធរឈប់ស៊ើបអង្កេតលើសំណុំរឿងនេះ ហេតុដូច្នេះរដ្ឋាភិបាលអាចឈប់ធ្វើពុតថាខ្លួនកំពុងតែព្យាយាមស្វែងរកខ្មាន់កាំភ្លើង។

ដោយធ្វើផ្ទុយពីការដែលធ្លាប់អំពាវនាវឱ្យអាជ្ញាធរស្វែងរកឃាតករដែលសម្លាប់បងប្រុសរបស់ខ្លួន លោក ជា មុនី ដែលឡើងកាន់តំណែងជាប្រធានសហជីពសេរីកម្មករជាច្រើនឆ្នាំ បន្ទាប់ពីលោក ជា វិជ្ជា ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នោះ បានប្រើប្រាស់ពិធីជួបជុំរំឭកខួបដ៏តូចមួយដើម្បីជម្រាបជូនអាជ្ញាធរឱ្យឈប់បន្តការស៊ើបអង្កេតរបស់ខ្លួនតទៅមុខទៀត។

លោក ជា មុនី និយាយនៅមុខរូបសំណាករបស់លោក ជា វិជ្ជា នៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីរំឭកខួប១៣ឆ្នាំចាប់តាំងពីប្រធានសហជីពដ៏មានប្រជាប្រិយភាពរូបនេះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់មក។ រូបថតៈ Hannah Hawkins/ Cambodia Daily

លោក ជា មុនី បានប្រាប់អ្នកគាំទ្រប្រហែល២០០នាក់ក្បែរតូបលក់កាសែត កន្លែងដែលបងប្រុសរបស់លោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្ដាលរាជធានីភ្នំពេញនោះថា “ខ្ញុំសូមជម្រាបថា ខ្ញុំឈប់ជឿរដ្ឋាភិបាលទៀតហើយ។ វាមានរយៈពេល១៣ឆ្នាំមកហើយ ហើយពួកគេរកមិនឃើញអ្វីទាល់តែសោះ”។

លោកបន្ថែមថា “សម្រាប់ខ្ញុំ ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា ខ្ញុំមិនអនុញ្ញាតឱ្យបន្តស្វែងរកសម្រាប់ខ្ញុំតទៅមុខទៀតនោះឡើយ”។

លោក ជា វិជ្ជា ទើបតែទិញកាសែតសម្រាប់អានពេលព្រឹកកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ប៉ុណ្ណោះ ស្រាប់តែមានបុរសបិទមុខម្នាក់បានដើរសំដៅមកបាញ់ប្រធានសហជីពនិងជាអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះពីរគ្រាប់តែម្ដង ដោយធ្វើឱ្យលោកស្លាប់ភ្លាមៗ។ អ្នកគាំទ្រជាង១០.០០០នាក់បាននាំគ្នាចេញមកចូលរួមពិធីដង្ហែសពរបស់លោក។

ឯកសារ “នរណាសម្លាប់ ជា វិជ្ជា” ដែលត្រូវបានរដ្ឋាភិបាលហាមនោះ បានផ្តល់ហេតុផលដោយលើកឡើងថា រដ្ឋាភិបាលមានជាប់ពាក់ព័ន្ធនៅក្នុងករណីឃាតកម្មនេះ និងសង្ស័យថាព្យាយាមបិទបាំង។

នគរបាលបានចាប់បុរសពីរនាក់ ដែលមានឈ្មោះ ប៊ន សំណាង និង សុខ សំអឿន ភ្លាមៗ ប៉ុន្មានថ្ងៃបន្ទាប់ពីហេតុការណ៍ធ្វើឃាតនេះកើតឡើងរួច ប៉ុន្តែចៅក្រមមួយរូបបានច្រានចោលសំណុំរឿងនេះដោយសារខ្វះភ័ស្តុតាង។សាលាដំបូងរាជធានីភ្នំពេញបានកែប្រែសេចក្ដីសម្រេចនោះ ហើយបុរសទាំងពីររូបនេះត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំក្នុងម្នាក់ៗពីបទឃាតកម្មកាលពីខែសីហា ឆ្នាំ២០០៥។

សមាជិកសហជីពសេរីកម្មករថតរូបនៅមុខរូបសំណាករបស់លោក ជា វិជ្ជា នៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីរំឭកខួប១៣ឆ្នាំចាប់តាំងពីប្រធានសហជីពដ៏មានប្រជាប្រិយភាពរូបនេះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់មក។ រូបថតៈ Hannah Hawkins/ Cambodia Daily
សមាជិកសហជីពសេរីកម្មករថតរូបនៅមុខរូបសំណាករបស់លោក ជា វិជ្ជា នៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីរំឭកខួប១៣ឆ្នាំ ចាប់តាំងពីប្រធានសហជីពដ៏មានប្រជាប្រិយភាពរូបនេះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់មក។ រូបថតៈ Hannah Hawkins/ Cambodia Daily

ប៊ន សំណាង និង សុខ សំអឿន ដែលគេចាត់ទុកថាត្រូវគេទម្លាក់កំហុសលើនោះ ត្រូវបានតុលាការសម្រេចឱ្យរួចខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៣ ហើយត្រូវបានដោះលែងវិញ។ ទោះបីជានគរបាលលើកឡើងថា ការស៊ើបអង្កេតលើករណីធ្វើឃាតលោក ជា វិជ្ជា បានបើកឡើងវិញក៏ដោយ តែគ្មានសញ្ញាបង្ហាញពីការវិវឌ្ឍណាមួយឡើយ។

លោកស្រី ទូច សើ ដែលជាអ្នកជំនួសលោក ជា មុនី ក្នុងនាមជាប្រធានសហជីពសេរីកម្មករកាលពីឆ្នាំមុនបានលើកឡើងនៅក្នុងពិធីរំឭកខួបនេះថា ដូចករណីឃាតកម្មដែលទំនងជាជាប់ពាក់ព័ន្ធរឿងនយោបាយផ្សេងៗទៀតដែរ រដ្ឋាភិបាលមានចេតនាច្បាស់ក្រឡែតមិនចង់ចាប់ឃាតករពិតប្រាកដនោះឡើយ។

លោកស្រីនិយាយទៅកាន់អ្នកចូលរួមថា “សំណុំរឿងនេះមានជាប់ពាក់ព័ន្ធរឿងនយោបាយ ហើយពេលករណីនេះជាប់ពាក់ព័ន្ធរឿងនយោបាយ គេរកមិនឃើញទេ។ និយាយឱ្យខ្លីទៅ ប្រសិនបើគេមិនចង់រក រកមិនឃើញទេ។ ប៉ុន្តែប្រសិនបើគេចង់រក រកឃើញហើយ”។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌មិនអាចទាក់ទងបានទេ។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា លោកជាប់រវល់ចូលរួមពិធីមង្គលការ មិនអាចធ្វើអត្ថាធិប្បាយលើករណីនេះបាននោះទេ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស