លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមធ្វើដំណើរទូទាំងប្រទេសកាលពីចុងសប្តាហ៍ដោយកត់សម្គាល់ឱ្យឃើញពីការចុះទៅតាមបណ្តាខេត្តជាលើកដំបូងសម្រាប់សកម្មភាពគណបក្សចាប់តាំងពីការផ្អាកធ្វើសកម្មភាពស្ទើរតែពេញមួយឆ្នាំមុនដោយសារតែរឿងក្តីតុលាការបង្កឡើងដោយរដ្ឋាភិបាល។
លោក កឹម សុខា បានសម្ងំលាក់ខ្លួនរយៈពេល៧ខែនៅក្នុងទីស្តីការកណ្តាលគណបក្សសង្គ្រោះជាតិដើម្បីគេចពីរឿងក្តី ដែលគេផ្អែកលើការបែកធ្លាយខ្សែអាត់សំឡេងសន្ទនាជាមួយស្រីកំណាន់ ហើយលោកទើបតែបង្ហាញខ្លួនកាលពីខែមុនបន្ទាប់ពីត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្រាប់លើកដំបូងក្នុងរយៈពេលច្រើនខែនោះ លោក កឹម សុខា បានចុះសួរសុខទុក្ខប្រធានគណបក្សក្នុងមូលដ្ឋានកាលពីម្សិលមិញ ដោយធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីពិភាក្សាអំពីការបោះឆ្នោតឃុំ-សង្កាត់ដែលខិតជិតមកដល់នៅពេលខាងមុខ។
លោក កឹម សុខា បានមានប្រសាសន៍ពីព្រឹត្តិការណ៍នៅថ្ងៃនេះក្នុងទំព័រហ្វេសប៊ុករបស់លោកថា “ជំនួបនេះផ្តោតលើការជ្រើសរើសបេក្ខជនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងសមាសភាពគណៈកម្មាធិការប្រតិបត្តិ”។
គណបក្សសង្គ្រោះជាតិដែលត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សប្រឆាំងទាំងពីរក្នុងឆ្នាំ២០១២នោះ នៅតែមានការបែងចែកការដឹកនាំថ្នាក់ឃុំ-សង្កាត់រវាងគណបក្សកេរដំណែលទាំងពីរដែលបង្កើតឡើងដោយលោក កឹម សុខា និង លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលស្ថិតក្នុងភាពនិរទេសខ្លួននៅឡើយ។
ក្នុងការជ្រើសរើសបេក្ខជន មេដឹកនាំគណបក្សទាំងអស់បានលើកឡើងថា ពួកគេត្រូវតែថ្លឹងថ្លែងពីភាពតានតឹងរវាងសមាជិកទាំងអស់ដែលភាពស្មោះត្រង់របស់ពួកគេនៅតែមានការបែងចែកនៅឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ការត្រឡប់មកធ្វើសកម្មភាពវិញរបស់មេដឹកនាំកំពូលម្នាក់នៃគណបក្សប្រឆាំងគឺជាការផ្លាស់ប្តូរទាំងស្រុងដ៏សំខាន់សម្រាប់បណ្តាញគណបក្សនៅតាមខេត្ត។ លោក យឹម សុវណ្ណ បានថ្លែងថា “លោកខានចុះទៅជួបពួកគេយូរមកហើយ”។
លោកបានថ្លែងថា គណបក្សសង្គ្រោះជាតិសង្ឃឹមថា នឹងចាប់ផ្តើមរៀបចំវេទិកាសាធារណៈសម្រាប់លោក កឹម សុខា ដើម្បីជួបប្រាស្រ័យទាក់ទងជាមួយអ្នកបោះឆ្នោត ប៉ុន្តែនៅមានការប្រយ័ត្នប្រយែងដដែលខ្លាចក្រែងសេរីភាពរបស់លោក កឹម សុខា អាចត្រូវបានគំរាមកំហែងជាថ្មីម្តងទៀត។
ដោយកត់សម្គាល់ថា ផែនការជួបប្រជំុគ្នារវាងគណបក្សទាំងពីរត្រូវបានលុបចោលដោយគណបក្សកាន់អំណាចនោះ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា ”យើងត្រូវប្រយ័ត្នប្រយែងជាទីបំផុត។ ខ្ញុំគិតថា គណបក្សកាន់អំណាចគ្មានបំណងធ្វើឱ្យស្ថានការណ៍នយោបាយទៅរកភាពធម្មតាឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
យោងតាមគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា លោក កឹម សុខា មានគម្រោងជួបជាមួយមន្ត្រីគណបក្សក្នុងខេត្តកែប និងខេត្តកំពតនៅថ្ងៃនេះ បន្ទាប់មកនៅខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់នៅថ្ងៃពុធនិងខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យនៅថ្ងៃព្រហស្បតិ៍៕សារុន