26 C
Phnom Penh

ប​​​ក្ស​​​ប្រជាជន​​​កំណត់​​​កាលបរិច្ឆេទ​​​ដក​​​ឋានៈ​​​បក្ស​​​សង្គ្រោះជាត​​​ិ​​​ជា​​​ក្រុម​​​សំឡេង​​​ភាគតិច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងអ្វីដែលគេចាត់ទុកថា ជាការខិតខំប្រឹងប្រែងដើម្បីបំបិទសំឡេងគណបក្សប្រឆាំង និងការអំពាវនាវឱ្យមានការចរចាជុំវិញអ្នកទោសនយោបាយនោះ កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាបានបន្តទៅមុខជាមួយផែនការរបស់ខ្លួនដើម្បីដកមាត្រាមួយចេញពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលផ្ដល់ឋានៈ “ក្រុមសំឡេងភាគតិច” ដល់គណបក្សសង្គ្រោះជាតិ។

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចថានឹងលើកយកការធ្វើវិសោធនកម្មនេះមកពិភាក្សានៅចំពោះមុខសម័យប្រជុំសភាពេញអង្គនៅខែនេះ លោក ឈាង វុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រៀបធៀបចំណាត់ការនេះទៅនឹងការបន្ថយសំឡេងវិទ្យុ។

លោកបានថ្លែងថា “វាដូចជាវិទ្យុអ៊ីចឹងបើយើងដំឡើងវ៉ូលីមសំឡេង យើងស្ដាប់មិនបានទេ យើងត្រូវតែបន្ថយវា”។លោកបានបន្ថែមថា វាជាកំហុសរបស់គណបក្សសង្គ្រោះជាតិចំពោះការព្យាយាមឱ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សដែលជាប់ពន្ធនាគារនៅក្នុងការចរចាជាមួយគណបក្សប្រជាជន។

លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងបន្តការសន្ទនាដែលជំរុញឱ្យគណបក្សប្រជាជនកម្ពុជារំលោភច្បាប់នោះ យើងមិនអាចធ្វើកើតទេ”។

cam-photo-front-channa-800x546ទោះបីភាគច្រើនវាគ្រាន់តែជានិមិត្តរូបក្តី ក៏ការបង្កើតក្រុមសំឡេងភាគតិចផ្លូវការអំឡុងការចរចាក្រោយការបោះឆ្នោតក្នុងឆ្នាំ២០១៤ ត្រូវបានគណបក្សសង្គ្រោះជាតិចាត់ទុកថាជាជំហានវិជ្ជមានមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ ដោយបង្កើតបានប្រព័ន្ធពីរគណបក្សនៅក្នុងប្រទេសដែលត្រូវបានគ្រប់គ្រងយូរមកហើយដោយគណបក្សតែមួយ។

ការលើកឡើងថា គណបក្សប្រជាជនកម្ពុជាគ្មានឆន្ទៈក្នុងការចរចាដោះលែងអ្នកទោស ផ្ទុយគ្នាស្រឡៈទៅនឹងអ្វីដែលគណបក្សនេះបានធ្វើ ជាក់ស្តែងកាលពីពេលថ្មីៗនេះបានដោះលែងមេឃុំមួយរូបរបស់គណបក្សប្រឆាំង មួយថ្ងៃបន្ទាប់ពីការចរចារវាងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោកផ្ទាល់ក៏បានស្នើឱ្យមានការលើកលែងទោសដល់លោក កឹម សុខា កាលពីខែធ្នូបន្ទាប់ពីលោក កឹម សុខា ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែពីបទបដិសេធក្នុងការចូលខ្លួនតាមការកោះហៅរបស់តុលាការជុំវិញរឿងក្ដី “សញ្ចរកម្ម”។ មន្ត្រីបួនរូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំការបោះឆ្នោតជាន់ខ្ពស់មួយរូបបានជាប់ពន្ធនាគារអស់រយៈពេល២៧០ថ្ងៃហើយ ពីបទសូកប៉ាន់ស្រីកំណាន់របស់លោកឱ្យបដិសេធរឿងស្នេហាលួចលាក់។

លោក ហ៊ុន សែន បានជំរុញឱ្យមានការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងមាត្រា៤៨ អំឡុងលោកទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វ៊ីសកាលពីសប្ដាហ៍មុន ដោយប្រាប់គេហទំព័រព័ត៌មាន Fresh News ថា វប្បធម៌សន្ទនារវាងគណបក្សទាំងពីរ “លំបាកធ្វើការណាស់”។

តំណាងរាស្ត្ររបស់លោកបានអនុវត្តសារាចរណែនាំនេះភ្លាមៗ ហើយដោយមានអាសនៈភាគច្រើនក្នុងរដ្ឋសភាផងនឹងអាចអនុម័តវិធានការនេះដោយឯកតោភាគី។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលស្ថិតក្នុងចំណោមតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបដែលបានចូលរួមកិច្ចប្រជុំកាលពីម្សិលមិញនៅក្នុងរដ្ឋសភាបានមានប្រសាសន៍ថា លោកស្ទើរតែមិនជឿលើស្ថានការណ៍នេះ។

លោកបានថ្លែងថា”ខ្ញុំមិនយល់ពីរឿងនេះទេ ពីព្រោះយើងបានដំណើរការទៅមុខរួចហើយ ប៉ុន្តែឥឡូវយើងបែរជាដើរថយក្រោយទៅវិញ”។ លោកបានបន្ថែមថា លោកមាន”ការសោកស្ដាយជាខ្លាំង” ចំពោះសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានមានប្រសាសន៍ថា គណបក្សមិនទាន់សម្រេចថាតើនឹងចូលរួមសម័យប្រជុំសភាពេញអង្គនៅថ្ងៃទី៣១ ខែមករា ដើម្បីបោះឆ្នោតគាំទ្រវិសោធនកម្មនេះឬយ៉ាងណានោះឡើយ។

លោកបានថ្លែងថា “ជាគោលការណ៍ គណបក្សសង្គ្រោះជាតិនឹងមិនគាំទ្រសេចក្ដីសម្រេចនេះឡើយ។ ជំហររបស់យើងគឺយើងនៅតែគាំទ្រការដោះស្រាយបញ្ហារវាងខ្មែរ និងខ្មែរ ហើយយើងនៅតែជឿជាក់ថា យើងនឹងអាចដោះស្រាយបញ្ហានេះបាន”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស