34 C
Phnom Penh

ឈើ​​​កាប់​​​អស់​​​ហើយ​​​ ប៉ុន្តែ លិខិត​​​អនុញ្ញាត​​​ឲ្យ​​​កាប់​​​ឈើ​​​នៅ​​​តំបន់​​​ព្រៃ​​​ការពារ​​​នៅ​​​តែ​​​ត្រូវបាន​បន្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមអង្គការអភិរក្ស និងឯកសារដែលទទួលបាននៅក្នុងខែនេះបានឲ្យដឹងថា ក្រសួងកសិកម្មបានបន្តអាជ្ញាប័ណ្ណសម្រាប់ការកាប់ឈើនៅលើដីសម្បទានមួយកន្លែងនៅក្នុងតំបន់ព្រៃការពារកាលពីខែកញ្ញាទោះបីជាមានការសន្និដ្ឋានពីមុនមកថា ដីសម្បទាននេះត្រូវបានកាប់រានទាំងស្រុងរួចហើយក៏ដោយ។

ស្របពេលមានសម្ពាធពីអង្គការបរិស្ថាន សេចក្តីសម្រេចពាក់ព័ន្ធក្រុមហ៊ុនចម្ការអំពៅ Yellow Field គ្រប់គ្រងដោយជនជាតិចិនត្រូវបានកែប្រែវិញមួយខែក្រោយមក នៅក្នុងអ្វីដែលរដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងកាលពីម្សិលមិញថា គ្រាន់តែជាករណីយល់ច្រឡំប៉ុណ្ណោះ។

អង្គការបរិស្ថានធ្លាប់បានអះអាងជាយូរមកហើយថា ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ដើម្បីកាប់ឈើនៅលើដីសម្បទានសេដ្ឋកិច្ច បានប្រើប្រាស់វាដើម្បីលាងឈើខុសច្បាប់កាប់ពីកន្លែងផ្សេងដោយអាជ្ញាធរតែងតែបិទភ្នែកធ្វើមិនដឹងមិនឮ។ មួយខែបន្ទាប់ពីលិខិតអនុញ្ញាតដែលមានបញ្ហាត្រូវបានបន្ត ឈើប្រភេទលេខ១ខុសច្បាប់ជាង១ពាន់ដុំត្រូវបានរកឃើញ និងរឹបអូសនៅលើដីសម្បទានសេដ្ឋកិច្ចនេះជាការរឹបអូសយកលើកទី៣ហើយនៅទីនោះកាលពីឆ្នាំមុន។

ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Yellow field នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺគឺមានទីតាំងជាប់នឹងចម្ការគ្រប់គ្រងដោយក្រុមហ៊ុនចិនមួយផ្សេងទៀតឈ្មោះ Great Field  ហើយចម្ការរបស់ក្រុមហ៊ុនទាំងពីរនេះគឺស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចស្របច្បាប់ដែលត្រូវបានកំណត់ឲ្យក្នុងទំហំ១០.០០០ហិកតា នេះបើយោងតាមទិន្នន័យរបស់ទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia)។

ក្រុមហ៊ុនទាំងពីរនេះបានជួលក្រុមហ៊ុនសំណង់មួយឈ្មោះ PSKV ឲ្យកាប់ឈើនៅក្នុងដីសម្បទានសេដ្ឋកិច្ច នេះបើយោងតាមអង្គការអភិរក្សអន្តរជាតិ (Conservation International) ជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។លិខិតអនុញ្ញាតឲ្យក្រុមហ៊ុន PSKV កាប់រានព្រៃនៅក្នុងសីសម្បទានសេដ្ឋកិច្ចបានផុតសុពលភាពនៅក្នុងឆ្នាំ២០១៥។

cam-map-concession-WEB-ONLY-licadhoក្រុមមន្ត្រីមកពីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបានចុះទៅពិនិត្យដីសម្បទានសេដ្ឋកិច្ចទាំងនេះកាលពីខែសីហាឆ្នាំមុន ហើយរកឃើញថា គ្មានឈើនៅសល់ដើម្បីកាប់ចេញពីដីសម្បទានសេដ្ឋកិច្ចឡើយ នេះបើយោងតាមការអង្គការអភិរក្សអន្តរជាតិ ជាហេតុនាំឲ្យក្រុមមន្ត្រីទាំងនេះណែនាំកុំឲ្យបន្តលិខិតអនុញ្ញាតឲ្យក្រុមហ៊ុន PSKV ដើម្បីកាប់ឈើនៅក្នុងដីសម្បទានសេដ្ឋកិច្ចទៅមុខទៀត។

ទោះជាយ៉ាងណា ឯកសារចេញដោយក្រសួងនេះបង្ហាញថា លិខិតអនុញ្ញាតរបស់ក្រុមហ៊ុន PSKV ដើម្បីដំណើរការរោងអារឈើ និងកែច្នៃឈើនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Yellow Field ត្រូវបានបន្តរយៈពេល៩ខែកាលពីថ្ងៃទី៦ខែកញ្ញា។

លោកស្រី  ត្រាស៊ី ហ្វារ៉េល (Tracy Farrell) ប្រធានអង្គការអភិរក្សអន្តរជាតិបានលើកឡើងកាលពីសប្តាហ៍មុនថា លក្ខខណ្ឌស្តីពីដីសម្បទានសេដ្ឋកិច្ចទាំងនេះ “អាចមានន័យថា ពួកគេនឹងប្រើប្រាស់លិខិតអនុញ្ញាតថ្មីដើម្បីលាងឈើដែលកាប់ពីតំបន់ព្រៃការពារនៅជុំវិញនោះ”។

មិនយូរប៉ុន្មានបន្ទាប់ពីលិខិតអនុញ្ញាតរបស់ក្រុមហ៊ុន PSKV ត្រូវបានបន្ត អង្គការ Wildlife Allianceបានចំណាយប្រាក់ប្រហែល២.០០០ដុល្លារដើម្បីដឹកមន្ត្រីមកពីរដ្ឋបាលព្រៃឈើនិងបុគ្គលិកមកពីមន្ទីរបរិស្ថានខេត្តមួយក្រុមទៅកាន់តំបន់នេះ នេះបើយោងតាមការបង្ហោះតាមហ្វេសប៊ុករបស់កម្មវិធីការពារភ្នំក្រវាញភាគខាងត្បូង (Southern Cardamom Protection Program) ជាអង្គការដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថាន។

មន្ត្រីមួយក្រុមនេះបានអះអាងថា បានរកឃើញឈើខុសច្បាប់ជាច្រើនគំនរ ហើយការបង្ហោះនេះបានបង្ហាញឲ្យឃើញអំពីរូបភាពនៃឈើមិនទាន់អារជាច្រើនដុំ ដែលមួយដុំៗមានប្រវែងប្រហែលស្មើនឹងរថយន្តទាហានមួយគ្រឿង ដោយដាក់រាយប៉ាយនៅក្បែរឃ្លាំងក្នុងតំបន់ព្រៃភ្នំដ៏ជ្រៅ។

២សប្តាហ៍បន្ទាប់បីការចុះពិនិត្យនេះ កាលពីថ្ងៃទី៧ ខែតុលា លិខិតដែលត្រូវបានបន្តរបស់ក្រុមហ៊ុន PSKV ត្រូវបានចាត់ទុកជាមោឃៈក្នុងប្រកាសមួយផ្សេងទៀតចេញដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

ប្រកាសទី២នេះមានខ្លឹមសារដូច្នេះថា “ប្រកាសលេខ៥៦ដែលចេញ កាលពីថ្ងៃទី៦ខែសីហាឆ្នាំ២០១៦ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលអនុញ្ញាតឲ្យក្រុមហ៊ុន PSKV Contruction Co. Ltd.បន្តសុពលភាពនៃអាជ្ញាប័ណ្ណសម្រាប់រោងអារឈើនិងកន្លែងកែច្នៃឈើរបស់ពួកគេនៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន Yellow Field ដែលមានទីតាំងនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះត្រូវបានចាត់ទុកជាមោឃៈ”។

ពេលទាក់ទងកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងរូបនេះបានលើកឡើងថា រឿងទាំងមូលមានការយល់ច្រឡំ។ លោក វេង សាខុន បានមានប្រសាសន៍ថា “មានសេចក្តីរាយការណ៍ ថា ឈើនៅតែមានទីនោះនៅឡើយ។ខ្ញុំគិតថា សេចក្តីរាយការណ៍លើកឡើងថា នៅតែមានឈើនៅឡើយ ប៉ុន្តែពេលយើងធ្វើការសើុបអង្កេតឲ្យបានស៊ីជម្រៅទៅ យើងរកឃើញថា ដីសម្បទាននេះត្រូវបានកាប់រានអស់ហើយ”។

លោកបានបន្ថែមថា ដំបូងឡើយ”យើងមិនបានពិនិត្យឲ្យបានត្រឹមត្រូវ”។

លោកស្រី ត្រាស៊ី ហ្វារ៉េល បានលើកឡើងទៀតថា អង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធបានដាក់ញត្តិជូនលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានស្នើឲ្យលុបចោលលិខិតអនុញ្ញាតទាំងនេះ។ ពេលទាក់ទងកាលពីម្សិលមិញ លោក វេង សាខុនបានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាល និងក្រសួងបរិស្ថានសុទ្ធតែមានជាប់ពាក់ព័ន្ធក្នុងការសម្រេចនេះ ។

លោកបានមានប្រសាសន៍ថា “វាស្មុគស្មាញណាស់”។

លោកស្រី ត្រាស៊ី ហ្វារ៉េល បានប្រមើលមើលទុកជាមុនថា ការបន្តអាជ្ញាប័ណ្ណនេះមិនមែនជាលើកចុងក្រោយនោះឡើយ ហើយថា អង្គការអភិរក្សនៅក្នុងប្រទេសនេះត្រូវតែមានការប្រុងប្រយ័ត្នបន្តទៀត។

ដោយសំដៅដល់លិខិតអនុញ្ញាតដែលផុតសុពលភាពនោះ លោកស្រី បានមានប្រសាសន៍ថា “អ្វីដែលយើងនឹងរក្សាឲ្យនៅមាន គឺការបន្តសើុបអង្កេតក្នុងស្ថានភាពមួយករណីម្តងៗ ពេលមានដីសម្បទានសេដ្ឋកិច្ចទាំងនេះ”។

លោក វេង សាខុន បានបញ្ជាក់ថា មានដីសម្បទានសេដ្ឋកិច្ចមួយចំនួនដែលនៅតែមានប្រតិបត្តិការនៅតំបន់ព្រៃការពារនៅកម្ពុជា ដោយមានលិខិតអនុញ្ញាតកាប់ឈើ ។ លោកបានលើកឡើងថា លិខិតអនុញ្ញាតទាំងនេះទំនងជាត្រូវបានបន្ត។

លោកបានលើកឡើងទៀតថា ក្រុមហ៊ុនដែលបាន “បង់ប្រាក់មកឲ្យក្រសួងពាណិជ្ជកម្មរួចហើយដើម្បីកាប់ឈើ” នឹងត្រូវអនុញ្ញាតឲ្យបន្តតទៅមុខទៀត។

លោកបានមានប្រសាសន៍ថា “យើងនឹងគណនាថា តើឈើនៅសល់ឈើប៉ុន្មានសម្រាប់កាប់ ដោយផ្អែកលើទំហំដីសម្បទានរបស់ពួកគេ។តើយើងអនុញ្ញាតឲ្យពួកគេបន្តទៅមុខរយៈពេលមួយខែ ពីរខែ? ឬពាក់កណ្តាលខែ?”។

ទោះជាយ៉ាងណា លោកបានបន្ថែមថា ការលាងឈើ និងបទល្មើសព្រៃឈើគឺជារឿងអតីតកាលដោយសារក្រុមការងារពិសេសប្រឆាំងការកាប់ឈើខុសច្បាប់បានបើកយុទ្ធនាការរបស់ខ្លួនកាលពីប្រហែល១ឆ្នាំកន្លងមក ហើយត្រូវបានដឹកនាំដោយលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកបានមានប្រសាសន៍ថា “កុំទុកឲ្យនៅមានការសង្ស័យ។ ឯកឧត្តម សៅ សុខា មានក្រុមមួយ ហើយពួកគេបានបង្ក្រាបបទល្មើសព្រៃឈើរួចហើយ។ សុំកុំព្រួយ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស