ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានដាក់លិខិតទៅលោក ហេង សំរិន ប្រធានរដ្ឋសភាអំពាវនាវឱ្យរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលស៊ើបអង្កេតការស្លាប់ស្ត្រីរកស៊ីផ្លូវភេទម្នាក់ដែលបានលង់ទឹកទន្លេសាបខណៈសន្តិសុខរដ្ឋដេញតាមចាប់កាលពីដើមខែនេះ។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា លិខិតផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អង្គ វង្សវឌ្ឍានារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជំរុញឱ្យស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសាររបស់នាង “ស្ថិតនៅលើតុរបស់លោក”។
ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ ជាស្ត្រីរកស៊ីផ្លូវភេទ បានស្លាប់នៅពេលនាងព្យាយាមរត់គេចពីសន្តិសុខខណ្ឌ ដែលបានធ្វើការឆ្មក់ចាប់ស្ត្រីរកស៊ីផ្លូវភេទនៅម្តុំក្បែរទន្លេសាបក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី១ខែមករា។ សាក្សីបាននិយាយថានាងបានរអិលជើងពេលលោតពីទូកមួយទៅទូកមួយនៅកំពង់ផែក្បែរវត្តភ្នំ ដោយបោកត្រូវក្បាល ហើយធ្លាក់ចូលទៅក្នុងទឹក ត្រង់ចំណុចនេះហើយដែលសន្តិសុខបានទុកនាងឱ្យលង់ទឹកស្លាប់។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់អះអាងថា លោកទទួលបានលិខិតទាំងនេះហើយ ហើយបានបញ្ជូនបន្តទៅលោកហេង សំរិន ប៉ុន្តែមិនដឹងថា តើលោកបានចារយល់ព្រមឬយ៉ាងណានោះឡើយ។
នៅក្នុងលិខិតផ្ញើជូនលោក ស ខេង តំណាងរាស្ត្រទាំងនេះបានអំពាវនាវឱ្យ “បង្កើតគណៈកម្មការអព្យាក្រឹតដើម្បីស៊ើបអង្កេត និងស្វែងរកយុត្តិធម៌” ជូន ប៉ែន សុគន្ធា ដែលលោកស្រីចាត់ទុកថា ការស្លាប់របស់នាងមិនត្រឹមតែមិនអាចរារាំងបាននោះទេ ប៉ុន្តែវាថែមទាំងបង្កឡើងដោយសន្តិសុខខណ្ឌទៀតផង។
ពួកគាត់បានសរសេរថា “ករណីនេះ…. បង្ហាញយ៉ាងច្បាស់ថា ក្រុមសន្តិសុខពិតជាមានបំណងទុកឱ្យជនរងគ្រោះលង់ទឹកស្លាប់មែន។ ក្រុមសន្តិសុខខណ្ឌដូនពេញមានពិរុទ្ធភាព” ពីបទមនុស្សឃាតនិងមនុស្សឃាតដោយគិតទុកជាមុន។
លិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌មានខ្លឹមសារថា ករណីព្រហ្មទណ្ឌត្រូវតែបើកការស៊ើបអង្កេត បើទោះជាប្អូនស្រីជនរងគ្រោះយល់ព្រមទទួលយក”ជំនួយឧបត្ថម្ភ” ពីអាជ្ញាធរខណ្ឌជាថ្នូរនឹងការមិនបន្តដំណោះស្រាយផ្លូវច្បាប់ក៏ដោយ។
នៅក្នុងលិខិតរបស់ពួកគាត់ផ្ញើជូនលោកស្រី អឹុង កន្ថាផាវី តំណាងរាស្ត្រទាំងនេះបានស្នើឱ្យលោកស្រីរដ្ឋមន្ត្រី “ជំរុញឱ្យមានការបង្កើតគណៈកម្មការអព្យាក្រឹត” ពីព្រោះករណីនេះមិនមែនជាឧទាហរណ៍តែមួយគត់នៃស្ត្រីរកស៊ីផ្លូវភេទដែលជួបប្រទេះការរំលោភបំពានដោយសារតែក្រុមសន្តិសុខឡើយ។
ដោយសំដៅដល់គោលនយោបាយរបស់ក្រសួងក្នុងការលើកកម្ពស់សមភាពយេនឌ័រនោះ លិខិតនេះមានខ្លឹមសារថា “លោកជំទាវត្រូវធ្វើអន្តរាគមន៍ក្នុងករណីនេះដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីទូទៅដើម្បីចៀសវាងអំពើហិង្សា ដែលជាគោលការណ៍នារីរតនៈ”៕សារុន