ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អាជ្ញាធរដែលទទួលបានដំណឹងអំពីគ្រាប់បែកគីមីពីរគ្រាប់កប់ក្នុងដីច្រើនទសវត្សរ៍មកហើយនៅបរិវេណសាលាបឋមសិក្សាស្ថិតក្នុងវត្តមួយក្នុងខេត្តស្វាយរៀង ហើយកំពុងរៀបចំផែនការដើម្បីជីកយកចេញ។
ក្រុមមន្ត្រីនោះបាននិយាយថា អ្នកភូមិបានដឹងអំពីគ្រាប់បែកនេះដែលកងទ័ពអាមេរិកទម្លាក់ពីលើឧទ្ធម្ភាគចក្រនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែ ទើបតែបានរាយការណ៍ប្រាប់នៅខែនេះប៉ុណ្ណោះដោយបារម្ភខ្លាចក្រែងគ្រាប់បែកទាំងនេះនឹងច្រែះស៊ី ហើយលេចធ្លាយ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមានប្រសាសន៍ថា “គួរឱ្យស្តាយ ដែលពួកគេមិនបានរាយការណ៍ប្រាប់យើងឲ្យបានឆាប់ជាងនេះ”។

លោកបានថ្លែងថា អ្នកភូមិមួយចំនួនរាយការណ៍ថា មានជំងឺឈើក្បាល ក្អួតចង្អោរ និងរមាស់ស្បែកជាដើម។ ពួកគាត់រងផលប៉ះពាល់ពីគ្រាប់បែកនេះ ហើយពួកគាត់បានយកដីទៅដាក់បន្ថែមពីលើ។
លោក ហេង រតនា បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាជឿថា គ្រាប់បែកគីមីទាំងពីរគ្រាប់នេះប្រភេទ chlorobenzalmalononitrile (CS) ជាសមាសធាតុដ៏សំខាន់នៃឧស្ម័នបង្ហូរទឹកភ្នែក។
លោកបានថ្លែងថា វត្តអារាម និងសាលារៀនដែលមានសិស្សជាង២០០នាក់រៀននោះ នឹងនៅបើកដដែលរហតូដល់ពេលចាប់ផ្តើមប្រតិបត្តិការជីកយកគ្រាប់បែកទាំងនេះ។
លោកបានថ្លែងថា “នៅពេលយើងចាប់ផ្តើមប្រតិបត្តិការ យើងនឹងជូនដំណឹងដល់ពួកគាត់។ លោកបានបន្ថែមថា CMAC សង្ឃឹមថា ប្រតិបត្តិការរបស់ខ្លួននឹងកាត់បន្ថយផលប៉ះពាល់ដល់អ្នកភូមិក្នុងមូលដ្ឋាន។
លោក ហេង រតនា បានមានប្រសាសន៍ថា “យើងនឹងព្យាយាមធ្វើឲ្យប្រាកដថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះមានសុវត្ថិភាព។ ប្រជាពលរដ្ឋកំពុងរស់នៅទីនោះនៅឡើយ ហើយអគារសាលារៀននៅកៀកនឹងរណ្តៅគ្រាប់បែក”។

លោក តិញ ជា អភិបាលស្រុករមាសហែកបានមានប្រសាសន៍ថា លោកបានសុំឲ្យមន្ត្រី CMAC ជីកយកគ្រាប់បែកនេះកាលពីថ្ងៃទី១២ខែមករា។ ប៉ុន្តែ លោកដឹងថា គ្រាប់បែកនេះត្រូវបានគេកប់ក្នុងបរិវេណវត្តដោយសារវាមិនផ្ទុះបន្ទាប់ពីទាហានអាមេរិកបានទម្លាក់ពីឧទ្ធម្ភាគចក្រក្នុងឆ្នាំ១៩៧០។
លោក តិច ជា បានថ្លែងថា “ព្រះសង្ឃបានជីកដីកប់គ្រាប់បែកនេះជម្រៅប្រហែល២ម៉ែត្រ។ យោងតាម CMAC បានឲ្យដឹងថា ប្រសិន បើគ្រាប់បែកទាំងនេះមិនត្រូវបានជីកយកចេញទេនោះ វាអាចលេចធ្លាយ ហើយបង្កឲ្យមានការកន្ទួលរមាស់ស្បែកជាដើម។
លោកបានបន្ថែមថា “ប្រសិនបើវាកប់ក្នុងដីកាន់តែយូរទៅៗ យើងបារម្ភថា ធុងវានឹងពុក ហើយបង្កជាគ្រោះថ្នាក់។
លោក ដុំ សំអន មេឃុំគគីរ មានប្រសាសន៍ ថា លោកស្ថិតនៅចម្ងាយប្រហែល១គីឡូម៉ែត្រនៅពេលគ្រាប់បែកទាំងនេះត្រូវបានទម្លាក់ពីលើមេឃ។លោកថ្លែងថា “ប្រសិនបើវាផ្ទុះ យើងត្រូវក្រាបក្នុងត្រង់សេរយៈពេល១ម៉ោងដើម្បី ឲ្យចំហាយរបស់វារសាត់តាមខ្យល់អស់សិន”៕សារុន