កម្មវិធីសាកល្បងរយៈពេលប្រាំឆ្នាំកំពុងត្រូវបានបង្កើតឡើងដើម្បីដាក់បញ្ចូលសិល្បៈ និងវប្បធម៌ ទៅក្នុងសាលារដ្ឋទូទាំងប្រទេស ហើយប្រហែលជាជួយពលរដ្ឋខ្មែរអភិវឌ្ឍការយល់ដឹងឲ្យកាន់តែប្រសើរអំពីប្រភពដើម និងសមត្ថភាពច្នៃប្រឌិតរបស់ពួកគាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលពិភពលោកកំពុងប្រឈម។
ក្រុមដៃគូរដ្ឋនិងឯកជនដែលគ្រប់គ្រងដោយសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ជាអង្គការក្រៅរដ្ឋាភិបាលធ្វើការពាក់ព័ន្ធសិល្បៈ និងវប្បធម៌ នឹងបង្កើត “មជ្ឈមណ្ឌលប្រមូលផ្តុំសិល្បៈ” ជាលើកដំបូងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញនាឆ្នាំខាងមុខ។ គម្រោងសាកល្បងនេះនឹងបង្កើតកម្មវិធីផ្តល់វគ្គបណ្តុះបណ្តាលសិល្បៈផ្លូវការ និងក្រៅផ្លូវការសម្រាប់សាលារដ្ឋ ព្រមទាំងយុទ្ធសាស្ត្រដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូបង្ហាត់បង្រៀនសិល្បៈដើម្បីឲ្យកម្មវិធីនេះត្រូវបានអនុវត្តនៅទូទាំងប្រទេស។
លោក ភ្លឿន ព្រីម នាយកប្រតិបត្តិសិល្បៈខ្មែរអមតៈបានលើកឡើងថា “គំនិតនេះមិនមែនឲ្យរីកសុសសាយទូទាំងប្រទេសភ្លាមៗនោះទេ ប៉ុន្តែ វាចាប់ផ្តើមដំបូងចេញពីសាលានិងមជ្ឈមណ្ឌលប្រមូលផ្តុំ។ វាជាមហិច្ឆតា ប៉ុន្តែ ខ្ញុំគិតថា វានឹងរីកដុះដាល”។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃសុក្រ នឹងជាជំហានដំបូងឆ្ពោះទៅរកការអភិវឌ្ឍកម្មវិធីនេះដែលអ្នករៀបចំសង្ឃឹមថា នឹងបន្តទទួលបានផ្លៃផ្កាចាប់ពីឥឡូវនេះទៅពេលខាងមុខ។ កិច្ចព្រមព្រៀងនេះនឹងចុះហត្ថលេខាដោយសិល្បៈខ្មែរអមត អង្គការយូណេស្កូ ក្រសួងអប់រំ និងក្រសួងវប្បធម៌។
លោក ហាប់ ទូច អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា “យើងបើកទូលាយសម្រាប់ធ្វើការជាមួយគ្នា”។
ជាផ្នែកនៃគម្រោងនេះ ក្រសួងអប់រំមានគម្រោងពង្រីកយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួនដើម្បីបញ្ចូលសិល្បៈក្នុងកម្មវិធីសិក្សា។ ក្រៅពីផ្តោតលើ STEM ដែលជាអក្សរកាត់នៃពាក្យថា វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និងគណិតវិទ្យា (Mathematics) ឥឡូវក្រសួងកំពុងតែដាក់បញ្ចូលសិល្បៈបន្ថែមទៀត ហើយ STEM ក្លាយទៅជា STEAM ។
លោក ហង់ ជូន ណារុ៉ន រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា “វាគឺជាការបូកបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា និងសិល្បៈដើម្បីបង្ហាញអំពីគំនិតល្អៗ ប៉ុន្តែ ក៏រួមបញ្ចូលទៅក្នុងស្ថាបត្យកម្ម និងការគូរប្លង់ផងដែរ។ ដោយមានការបញ្ចូលសិល្បៈ យើងអាចមានគំនិតច្នៃប្រឌិតកាន់តែខ្ពស់ជាងមុននៅក្នុងគ្រប់វិស័យ”។
លោក ភ្លឿន ព្រីម បានលើកឡើងទៀតថា សិល្បៈខ្មែរអមតៈ ក៏បានធ្វើការងារពាក់ព័ន្ធការអប់រំផ្នែកសិល្បៈតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មកម្លេ៉ះផងដែរ ហេតុដូច្នេះវា”មិនមែនជាការចាប់ផ្តើមពីចំណុចសូន្យមកទេ”។
លោកបាននិយាយថា “យើងក៏កំពុងតែប្រើប្រាស់ធនធាន និងគំនិតពីអង្គការមិនស្វែងរកប្រាក់ចំណេញមានស្រាប់ដែលបានធ្វើការ [នៅក្នុងការអប់រំផ្នែកសិល្បៈ] ផងដែរ។អង្គការទាំងនេះរួមមានមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា (Bophana Audiovisual Center) នៅក្នុងរាជធានីភ្នំពេញ អង្គការហ្វាពន្លឺសិល្បៈ នៅក្រុងបាត់ដំបង អង្គការ Epic Arts នៅក្នុងក្រុងកំពត និងអង្គការគ្រួសារថ្មីជាដើម។
លោក សួន ប៊ុនរិទ្ធ អ្នកគ្រប់គ្រងកម្មវិធីអប់រំផ្នែកសិល្បៈនៅសិល្បៈខ្មែរអមតៈដែលនឹងមើលការខុសត្រូវគម្រោងនេះនោះបានលើកឡើងថា កម្មវិធីនេះនឹងបង្កើតឡើងអមជាមួយនឹងការបង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំលើកដំបូង។ ក្រោយមក មជ្ឈមណ្ឌលនីមួយៗនឹងធ្វើការឲ្យសាលាមួយចំនួនទាំងនៅតំបន់ក្រុង និងតំបន់ជនបទ។
លោកបាននិយាយទៀតថា គម្រោងនេះ “មិនគ្រាន់តែផ្តោតលើការសិក្សា “អំពីរបៀបគូររូប ឬថតរូបនោះទេ។លោកបានបន្ថែមថា “វាគឺជាដំណើរការនៃការធ្វើដូច្នេះ…ដើម្បីជួយសិស្សានុសិស្សឲ្យចេះរិះគិត ហួសពីគំនិតដែលខ្លួនមាន ហួសពីកម្រិតសមត្ថភាព និងអភិវឌ្ឍគំនិតច្នៃប្រឌិត ព្រមទាំងការរិះគិតឲ្យបានស៊ីជម្រៅផងដែរ”។
លោក ហង់ ជួន ណារុន បានលើកឡើងថា លោកក៏ជឿជាក់ផងដែរថា កម្មវិធីនេះនឹងជួយសម្រាលនូវ “ការបាត់បង់មួយចំនួន” នោះគឺការបាត់បង់ដែលបង្កឡើងដោយសង្គ្រាម និងជម្លោះអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ដល់ទសវត្សរ៍ឆ្នាំ១៩៨០ ដែលមិនគ្រាន់តែបំផ្លាញសិល្បករ សិល្បការិនីនៅជំនាន់ទសវត្សរ៍ឆ្នាំ១៩៧០នោះទេ ប៉ុន្តែថែមទាំងកាត់ផ្តាច់ការផ្ទេរវប្បធម៌ និងជំនាញសិល្បៈផងដែរ។
លោកបានថ្លែងថា “សូម្បីតែ ការអប់រំផ្នែកប្រពៃណីមិនអាចដោះស្រាយបញ្ហានោះបានទេ។ ខ្ញុំគិតថា យើងគួរតែបើកផ្លូវសម្រាប់យុវជនឲ្យបញ្ជ្រាបខ្លួនឯងទៅក្នុងសិល្បៈដើម្បីឲ្យពួកគេអាចស្វែងយល់ពីគំនិតល្អៗ”។
លើសពីនេះទៅទៀត ការអប់រំផ្នែកសិល្បៈនឹងជួយឲ្យពួកគេក្លាយជាម្ចាស់លើមរតកវប្បធម៌របស់ខ្លួនពិតប្រាកដ ហេតុដូច្នេះពួកគេអាចធ្វើឲ្យមានការវិវឌ្ឍទៅមុខកាន់តែប្រសើរ៕ ស៊ុយឈាង