35 C
Phnom Penh

អភិបាល​​​រាជធានី​​​ប្រាប់​​​​មន្ត្រី​​​​​​​​​​​​ខ្លួន​​​មុន​​​​​​ការ​​​បោះ​​​ឆ្នោត​​​ថា ត្រូវ​​​ធ្វើ​​​កំណែ​​​​​​ទម្រង់​​​​​​ ​​​បើ​​​មិន​​​ដូច្នោះទេ​​​ស្លាប់​​​​​​ហើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសាលារាជធានីភ្នំពេញគួរបន្តធ្វើ”កំណែទម្រង់ស៊ីជម្រៅ” បើមិនដូច្នោះទេគណបក្សកាន់អំណាចនឹងបាត់បង់ការគាំទ្រការបោះឆ្នោតនាពេលខាងមុខ នេះបើតាមការលើកឡើងរបស់អភិបាលរាជធានីកាលពីម្សិលមិញនៅសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំដែលអ្នករិះគន់លើកឡើងថា  មិនគួរឱ្យមានលក្ខណៈនយោបាយ។

លោក ប៉ា សុជាតិវង្ស បានថ្លែងទៅកាន់បុគ្គលិករបស់លោកថា “ធ្វើកំណែទម្រង់ បើពុំដូច្េនះទេស្លាប់ហើយ។ នៅពេលសង្គមឈប់មានកំណែទម្រង់ វានឹងស្លាប់។ សូម្បីប្រទេសធំៗដូចសហរដ្ឋអាមេរិកជាដើមក៏ត្រូវធ្វើកំណែទម្រង់ដែរ”។

ដោយលើកឡើងពីអាទិភាពសំខាន់ៗរបស់សាលារាជធានីនៅក្នុង “ផែនការសកម្មភាព ១-២-៣” របស់លោក លោក បា៉ សុជាតិវង្ស លើកឡើងថា លោកសង្ឃឹមថា គណបក្សប្រជាជនកម្ពុជានឹងទាញបានការគាំទ្រពីអ្នកបោះឆ្នោតដែលមានមន្ទិលសង្ស័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ដែលគ្រោងធ្វើនៅខែមិថុនា  និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។

cam-photo-city-hallលោកមានប្រសាសន៍ថា “យើងសម្រាលកំហឹងរបស់ពួកគាត់ដើម្បីទទួលបានការគំាទ្រពីពួកគាត់។ ប្រសិនបើយើងទទួលបានការគាំទ្រ យើងនឹងមានមោទនភាពសម្រាប់រាជធានី។ ប្រសិនបើយើងមិនអាច ពួកគេនឹងមន្ទោសពីចំណុចខ្វះខាតរបស់យើង ដូចដែលយើងបានឃើញហើយពីការព្រមានជាប្រវត្តិសាស្ត្រពីសំណាក់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣”។

ណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់ជាង៨០ភាគរយក្នុងរាជធានីនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។ ទោះយ៉ាងណា ការទទួលបានសំឡេងឆ្នោតទូទាំងប្រទេសនេះ គណបក្សប្រជាជនកម្ពុជានៅតែតែងតាំងអភិបាលរាជធានី នាយនគរបាល និងក្រុមមន្ត្រីផ្សេងៗទៀតនៅក្នុងរាជធានីដដែល។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការខុមហ្វ្រែល បានមានប្រសាសន៍ថា ការលើកឡើងនូវយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជានៅកិច្ចប្រជុំរដ្ឋាភិបាល វាផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលមានចែងក្នុងច្បាប់របស់ប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា “រចនាសម្ព័ន្ធសាលារាជធានីភ្នំពេញគឺត្រូវបម្រើប្រជាពលរដ្ឋជាជាងបម្រើគោលនយោបាយបក្ស”។ ប៉ុន្តែពេលថ្លែងទៅកាន់មន្ត្រីសាលារាជធានីប្រហែល៣០០នាក់កាលពីម្សិលមិញ លោក ប៉ា សុជាតិវង្ស មិនបានរៀបរាប់រវាងគណបក្សប្រជាជនកម្ពុជា និងសាលារាជធានីដែលសមាជិកភាគច្រើនចួលរួមនោះ គឺជាអ្នកសោ្មោះស្ម័គ្រនឹងគណបក្សកាន់អំណាច។

ដោយចង្អុលបង្ហាញទៅនឹងកិច្ចការដែលលោកអះអាងថា សាលារាធានីបានធ្វើក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងទីផ្សារ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទប់ស្កាត់ការសាងសង់ខុសច្បាប់ជាដើមនោះលោកបានថ្លែងថា “យើងបានធ្វើការងារកាន់តែប្រសើរដើម្បីផ្តល់សេវាសាធារណៈ”។

លោកមានប្រសាសន៍ថា “ឥឡូវនេះ យើងកំពុងអនុវត្តផែនការសកម្មភាព ១-២-៣។ ទី១ ពង្រឹងកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលដែលយើងកំពុងធ្វើសព្វថ្ងៃទៅលើការថែទាំភ្លើងបំភ្លឺផ្លូវ ដោយប្តេជ្ញាបន្ថែមអំពូលភ្លើងចំនួន១៥.០០០អំពូលទៀត ដើម្បីឱ្យទីក្រុងមានភ្លើងបំភ្លឺគ្រប់គ្រាន់”។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ទី២ គឺត្រូវកាត់បន្ថយលទ្ធផលអាក្រក់ដែលកើតចេញសកម្មភាពនយោបាយពីជម្លោះដីធ្លីនៅអតីតតំបន់បឹងកក់ និងនៅបុរីកីឡា។ នៅក្នុងករណីទាំងពីរនេះប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានបណ្ដេញចេញ ដើម្បីយកកន្លែងសាងសង់អគារទំនើបៗដោយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា ដែលបង្កឱ្យមានការតវ៉ាឥតឈប់ឈរពីសំណាក់ពលរដ្ឋដែលរងការបណ្ដេញចេញ ដែលពួកគាត់លើកឡើងថាមិនមានផ្ដល់សំណងគ្រប់គ្រាន់។

លោកបានមានប្រសាសន៍ថា “បឹងកក់មិនមានបញ្ហាទៀតទេ។ បុរីកីឡាមានបញ្ហាតិចតួចនៅសេសសល់ ប៉ុន្តែ…វាគ្រាន់តែជាបញ្ហានយោបាយដើម្បីជាការញុះញង់ឱ្យមានការធ្វើបដិវត្ដន៍ពណ៌តែប៉ុណ្ណោះ។ វាលែងជាបញ្ហាធំដុំទៀតហើយ”។

សាលារាជធានី “បន្តដោះស្រាយ” ការងារកន្លងមករបស់ខ្លួនគឺ៖ លុបបំបាត់ឧបសគ្គរាំងស្ទះនៅក្នុងរាជធានី ដូចជាបញ្ហាសំរាម លូទឹកស្អុយ និងចរាចរណ៍ជាដើម។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យគណបក្សរបស់លោកពិចារណាអំពីភាពស្ពឹកស្រពន់របស់ខ្លួន ខណៈអ្នកបោះឆ្នោតផ្ញើសារទាមទារឱ្យមានការធ្វើកំណែទម្រង់ ដោយអំពាវនាវឱ្យមន្ត្រីរដ្ឋាភិបាលព្យាបាលជំងឺរ៉ាំរ៉ៃដែលកើតឡើងអំឡុងការកាន់អំណាចច្រើនទសវត្សរ៍មកនេះ។

ប៉ុន្តែលោក មាស នី អ្នកវិភាគនយោបាយមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា និងអ្នកបោះឆ្នោតទំនងជាមានគំនិតខុសគ្នាអំពីអ្វីដែលចាត់ទុកថាជាវឌ្ឍនភាព។

លោកបានថ្លែងថា “ខ្ញុំគិតថា ពួកគេព្យាយាមធ្វើអ្វីៗដែលគេមើលឃើញដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឬអ្វីៗដែលប្រជាពលរដ្ឋអាចមើលឃើញជាដើម។ ប៉ុន្តែដរាបណាពួកគេមិនអាចផ្ដល់យុត្តិធម៌ ឬធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សប្រសើរឡើងទេនោះ ការព្យាយាមដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទំនងជាមិនទទួលបានផលទេ”។

លោកបានថ្លែងថា ការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សដែលមជ្ឈដ្ឋានទូទៅរិះគន់ជាខ្លាំងនោះ ការបន្តកើតមានអំពើពុករលួយក្នុងប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធនយោបាយនឹងបន្តធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានបន្ថែមថា “យុត្តិធម៌សង្គមគឺជាបញ្ហាចម្បងសម្រាប់រដ្ឋាភិបាល”៕ សារុន (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស