34 C
Phnom Penh

ទីភ្នាក់ងារ​​ CIA ​ចាត់ទុក​ប្អូន​ប្រុស​​របស់លោក លន់ នល់ ថា​ជា​ “មេបង្ក​បញ្ហា​” នៅប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកពីឆ្នាំ១៩៧៣ ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះបង្ហាញថា លោក លន់ ណុន ប្អូនប្រុសរបស់ប្រធានាធិបតី លន់ នល់ នៅសម័យនោះគឺជាបុគ្គល “មានគំនិតវៀចវេរ” ដែលមិនចាប់អារម្មណ៍ភាពសុខដុមរមនា ហើយជាអ្នកទទួលខុសត្រូវភាគច្រើនចំពោះការបរាជ័យនៃរបបដឹកនាំរបស់បងប្រុសខ្លួន។

ក្នុងចំណោមឯកសារជាង១២លានទំព័រដែលទីភ្នាក់ងារកណ្ដាលស៊ើបអង្កេត (CIA) បានចេញផ្សាយតាមប្រព័ន្ធអុីនធឺណិតកាលពីសប្ដាហ៍មុន ឯកសារមួយដែលមានឈ្មោះថា “លោក លន់ ណុន មេបង្កបញ្ហានៅកម្ពុជា” គឺជាការវាយតម្លៃរិះគន់ធ្ងន់ៗទៅលើបុរសរូបនេះ ដែលទទួលបានមុខតំណែងធំៗនៅក្នុងជួរយោធា និងរដ្ឋាភិបាលដឹកនាំដោយលោក លន់ នល់ ដែលបានទម្លាក់ព្រះអង្គម្ចាស់ នរោត្តម សីហនុ កាលពីបីឆ្នាំមុននោះ។

ឯកសារនេះចាត់ទុកលោក លន់ ណុន ថាជាពិរុទ្ធជនដ៏សំខាន់ម្នាក់នៅក្នុងស្ថានភាពច្របូកច្របល់ និងអំពើពុករលួយដែលឆ្លុះបញ្ចាំងពីរបបសាធារណរដ្ឋខ្មែរ ដែលនៅខែមីនា ឆ្នាំ១៩៧៣ បានរងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការបះបោររបស់ពួកកុម្មុយនីស្ត ដែលក្លាយជាខ្មែរក្រហម ទោះបីជាមានការគាំទ្រពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក្ដី។

ឯកសារដដែលបញ្ជាក់ថា “មិនដូចបងប្រុសរបស់គាត់ដែលចូលចិត្តស្ងាត់ស្ងៀម លោក លន់ ណុន គឺជាសកម្មជន ជាមនុស្សក្អេងក្អាងដែលចូលចិត្តឱ្យគេចាប់អារម្មណ៍មកលើខ្លួន។ គាត់ស្វាហាប់ ហើយមានគំនិតវៀចវេរជាមួយនឹងចរិតពូកែប្រើកលល្បិច  និងល្បីខាងតក់ក្រហល់។ សម្រាប់ខ្មែរ គាត់សម្ញែងកម្លាំង និងសេចក្ដីអង់អាចមិនធម្មតារបស់គាត់ដើម្បីធ្វើឱ្យអ្នកប្រឆាំងនឹងគាត់ចុះខ្សោយ ហើយសម្រេចបំណងរបស់ខ្លួន”។

cam-photo-lon-non-641x800ដោយចាប់ផ្ដើមលេចមុខនៅឆ្នាំ១៩៧៣ បន្ទាប់ពីបងប្រុសរបស់លោកមានជំងឺដាច់សរសៃឈាមខួរក្បាល លោក លន់ ណុន បានចាប់ផ្ដើមប្រើប្រាស់ឥទ្ធិពលរបស់លោកទៅលើបងប្រុសពិការរបស់ខ្លួន ហើយបានព្យាយាមបង្កឱ្យមានជម្លោះក្នុងចំណោមគូប្រឆាំងរបស់លោកនៅក្នុងរដ្ឋាភិបាល។ជាក់ស្ដែង ករណីមួយគឺព្រះអង្គម្ចាស់ ស៊ីវត្ថិ សិរិមតៈ ជាសមាជិករាជវង្សានុវង្សមួយអង្គដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទម្លាក់ព្រះអង្គម្ចាស់ នរោត្តម សីហនុ ដែលជាបងប្អូនជីដូនមួយរបស់ទ្រង់ចេញពីអំណាចនៅឆ្នាំ១៩៧០។

ឯកសារវាយតម្លៃនេះបានបញ្ជាក់ទៀតថា “អារម្មណ៍ស្អប់ខ្ពើមគ្នារវាងលោក លន់ ណុន និងទ្រង់ សិរិមតៈ បានកើតមានយ៉ាងច្បាស់នៅក្នុងជម្លោះនយោបាយរយៈពេល៣ឆ្នាំកន្លងមកនៅភ្នំពេញ។ ការដកខ្លួនរបស់ទ្រង់ សិរិមតៈ ចេញពីរដ្ឋាភិបាលនៅខែមីនា ឆ្នាំ១៩៧២ ភាគច្រើនគឺជាការរៀបចំដោយលោក លន់ ណុន ដែលបានបញ្ឆេះភាពចលាចលរបស់ក្រុមនិស្សិតតាមរយៈការផ្សាយពាក្យចចាមអារ៉ាមថា ទ្រង់ សិរិមតៈ រៀបផែនការស្ដាររាជានិយមឡើងវិញ។ ជាញឹកញាប់លោក លន់ ណុន ធ្វើឱ្យបញ្ហាគួរឱ្យបារម្ភនេះកម្រើកឡើងវិញ ហើយគាត់ប្រើវាម្ដងទៀតដើម្បីព្យាយាមរារាំងទ្រង់ សិរិមតៈ មិនឱ្យទទួលបានឋានៈជាអនុប្រធានធិបតី”។

លោក លន់ ណុន ក៏ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ដែរថា បានរារាំងមិនឱ្យលោក សូស្តែន ហ្វឺណានដេស (Sosthene Fernandez) អគ្គមេបញ្ជាការយោធាបញ្ចប់ “ទាហានខ្មោច” ដែលប្រាក់ខែរបស់ពួកគេត្រូវបាន “មេបញ្ជាការពុករលួយ” បើកយកដាក់ហោប៉ៅ ហើយថា លោកមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យមានការស៊ើបអង្កេតលើអង្គភាពផ្ទាល់របស់លោក។

អសមត្ថភាពរបស់លោក លន់ ណុន ក្នុងនាមជាអ្នកនយោបាយ ក៏ត្រូវបានលើកឡើងដែរនៅក្នុងរបាយការណ៍នេះ ក្នុងនោះរួមមានទាំងការព្យាយាមមិនបានសម្រេចរបស់លោកនៅក្នុងការទប់ស្កាត់ការបះបោររបស់ពួកកុម្មុយនីស្ត ដែលទីបំផុតនាំឱ្យមានខ្មែរក្រហមទម្លាក់រដ្ឋាភិបាលរបស់បងប្រុសខ្លួនចេញពីអំណាចនៅខែមេសា ឆ្នាំ១៩៧៥ផងដែរ។

វាឆ្លុះបញ្ចាំងពីផែនការមួយ “ដែលមានលក្ខណៈបំផ្លើស និងបង្កបញ្ហាច្រើន” ដើម្បីព្យាយាមអូសទាញឱ្យចុះចូលខាងរដ្ឋាភិបាល។ ឯកសារនេះសរសេរថា “ដូចលោក លន់ នល់ ដែរ លោក លន់ ណុន ចាត់ទុកពួកបះបោរថាជាពលរដ្ឋខ្មែរយល់ខុសដែលនឹងរួបរួមគ្នាឡើងវិញនៅពេលពួកគេលែងស្ថិតក្រោមឥទ្ធិពលរបស់វៀតណាមខាងជើង។ ពួកបះបោរទំនងជាមិនចូលរួមការចរចាម៉ឺងម៉ាត់ណាមួយដែលមានវត្តមានចូលរួមរបស់លោក លន់ នល់ ឡើយ។ ជាយូរមកហើយពួកគេបានចង្អុលទៅលោកថា ជានិមិត្តរូបនៃអំពើពុករលួយក្នុងជួររដ្ឋាភិបាល”។ ឯកសារនេះបញ្ចប់ត្រឹមដាក់សំណួរថា “តើអាចទប់ស្កាត់គាត់បានទេ?”។

របាយការណ៍នេះលើកឡើងថា “ស្ថិរភាពផ្ទៃក្នុងពិបាកទ្រាំទ្រណាស់នៅកម្ពុជា សូម្បីស្ថិតក្រោមស្ថានភាពល្អបំផុតក្ដី។ ដូចដែលទ្រង់ សីហនុ ធ្លាប់បានលើកឡើងអញ្ចឹងថា ‘វាត្រូវការមេដឹកនាំខ្លាំង ដែលធ្វើឱ្យកម្ពុជាមានភាពសុខដុមរមនា។ ជាអកុសលលោក លន់ ណុន គឺជាមនុស្សស្វាហាប់បំផុតនៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ន ហើយគាត់មិនសូវចាប់អារម្មណ៍ភាពសុខដុមរមនាទេ។ បើគាត់បន្តវិធីឥតខ្វល់របស់គាត់តទៅទៀត ក្ដីសង្ឃឹមដ៏តិចតួចថានឹងមានការឯកភាពនយោបាយនៅភ្នំពេញ នឹងរលាយបាត់អស់”។

លទ្ធភាពនៃការបញ្ជូនគាត់ចេញឱ្យទៅកាន់ “តំណែងឯកអគ្គរាជទូត” ត្រូវបានស្នើឡើង ទោះបីជាមានការលើកឡើងពីមន្ទិលថាតើលោក លន់ ណុន “ដែលកាន់តែមានជំនឿចិត្តខ្លាំងឡើង” យល់ព្រមឱ្យគេនិរទេសខ្លួនដែរឬទេ។ ឯកសារនេះព្យាករថា យ៉ាងហោចណាស់ការដកលោក លន់ ណុន ចេញក៏ជួយលើកទឹកចិត្តថ្នាក់ដឹកនាំយោធា និងស៊ីវិលជាច្រើនដែរ ហើយរក្សាក្ដីសង្ឃឹមរបស់សាធារណជនទូទៅថានឹងមានការប្រសើរឡើងនៅក្នុងការអនុវត្តជារួមរបស់រដ្ឋាភិបាល”។

លោក លន់ ណុន បានចាកចេញពីប្រទេសកម្ពុជាប្រហែល១ខែបន្ទាប់ពីរបាយការណ៍របស់ CIA នេះត្រូវបានសរសេរដោយសារសហរដ្ឋអាមេរិកខឹងនឹងឥរិយាបថរបស់លោក ប៉ុន្តែលោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅខែកញ្ញាឆ្នាំបន្ទាប់។

ជាអតីតមិត្តរួមថ្នាក់របស់ ប៉ុល ពត លោកមិនព្រមភៀសខ្លួនចេញពីប្រទេសជាមួយបងប្រុសរបស់លោកឡើយ នៅខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលខ្មែរក្រហមឡោមព័ទ្ធក្រុងភ្នំពេញ។

ទីបំផុត នៅពេលពួកកុម្មុយនីស្តបានសម្រុកចូលក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា មានការភាន់ច្រឡំមួយរយៈពេលខ្លីនៅក្នុងតំបន់មួយចំនួននៃក្រុងភ្នំពេញ នៅពេលកងពលមួយដែលបំពាក់អាវុធដោយលោក លន់ ណុន បានដើរពេញផ្លូវសម្លឹងរកឱកាសដើម្បីកេងចំណេញពីការបរាជ័យរបស់រដ្ឋាភិបាលដើម្បីដណ្ដើមអំណាច។

ទោះជាយ៉ាងណា លោកមិនបានជោគជ័យទេ ហើយលោកបានស្ថិតក្នុងចំណោមមន្ត្រីដំបូងដែលត្រូវពួកខ្មែរក្រហមប្រហារជីវិត៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស