35 C
Phnom Penh

នគរ​​​បាល​​​ឃាត់ខ្លួនបុគ្គលិក​​អេស៊ីលីដា​ ៦នាក់​ ពី​​​បទ​​​​​បន្លំ​​​​ប្រាក់​ជាង​​​​១លានដុល្លារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា បុគ្គលិកធនាគារអេស៊ីលីដាក្នុងខេត្តបាត់ដំបងចំនួន៦នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីធនាគារនេះបានដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យពីបទរំលោភលើសេចក្តីទុកចិត្តដោយអភិបាលការងារដែលបានប្រព្រឹត្ត តាំងពីឆ្នាំ២០១៤ ដោយសារបន្លំប្រាក់ជាង១លានដុល្លារ។

លោក ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ និងជាអ្នកដឹកនាំការសើុបអង្កេតលើករណីនេះនោះបានលើកឡើងថា  ជនសង្ស័យចំនួន៥នាក់ត្រូវបានឃាត់ខ្លួននៅបាត់ដំបង ហើយត្រូវបានបញ្ជូនមកនាយកដ្ឋានរបស់លោកកាលពីល្ងាចថ្ងៃអង្គារដើម្បីសាកសួរ។

លោកបានបន្ថែមថា លោក ញឹក សារ៉នអាយុ៣៦ឆ្នាំជាប្រធានសាខាក្រុងបាត់ដំបងត្រូវបាននគរបាលឃាត់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។

លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា បានមានប្រសាសន៍ថា “អគ្គនាយកធនាគារអេស៊ីលីដា គាត់ជាអ្នកប្តឹងកូនចៅ”។ លោកបានបន្ថែមថា “ធនាគារគាត់បាន Audit ទៅលើសាខានៅខេត្តបាត់ដំបង និយាយយ៉ាងខ្លីគឺដូចឪពុកម្តាយប្តឹងកូនអ៊ីចឹង”។

លោកបានបន្ថែមទៀតថា “ឥឡូវនៅខាងនាយកដ្ឋានកំពុងសាកសួរ”។ លោកបានបន្តថា យើងមិនទាន់សន្និដ្ឋានថា គាត់អាចមានបទល្មើស ឬក៏អត់ទេ”។

លោក អិុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានលើកឡើងថា ដំបូងឡើយលោកបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ខែតុលា ប្តឹងបុគ្គលិកទាំង៦នាក់នេះបន្ទាប់ពីប្រាក់ជាង១លានដុល្លារបានបាត់ចេញពីប្រព័ន្ធត្រួតពិនិត្យទិន្នន័យរបស់ធនាគារ។

លោកបានមានប្រសាសន៍ថា “យើងពិនិត្យឃើញឯកសារមិនប្រក្រតី យើងដាក់ការសង្ស័យ រួចធ្វើការសើុបអង្កេត “។ លោកបានបន្តថា “បណ្តឹងនេះពាក់ព័ន្ធការក្លែងបន្លំឯកសារដើម្បីបញ្ចេញឥណទានចំនួន១២ ឥណទាន” ចន្លោះពីឆ្នាំ ២០១៤ដល់ឆ្នាំមុន។

បុរសទាំងនេះបានផ្តល់ឥណទានទៅឲ្យអ្នកខ្ចីខុសៗគ្នា ទាំងស្របច្បាប់ និងគួរឲ្យសង្ស័យ នេះបើយោងតាមលោក អិុន ចាន់នី។ ទោះបីជាកម្ចីមួយចំនួនត្រូវបានសងមកវិញក៏ដោយតែកម្ចីមួយចំនួនធំទៀតនៅមិនទាន់សងមកវិញនៅឡើយទេ ហើយបុរសទាំងនេះជាអ្នកកាន់ចំនួនទឹកប្រាក់ដែលមិនទាន់សងដោយបានប្រើឯកសារក្លែង។ទីបំផុតភាពមិនស្របគ្នាទាំងនេះត្រូវបានរកឃើញដោយរដ្ឋបាលរបស់ធនាគារនេះ ដែលបានធ្វើសវនកម្ម។

ប្រធាននាយកប្រតិបត្តិអេស៊ីលីដារូបនេះបានលើកឡើងទៀតថា “ប៉ូលិស បានឃាត់ខ្លួនដើម្បីសាកសួរបន្ថែមដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាក់ទងការបញ្ចេញឥណទាន”។ លោកបានបន្ថែមថា កម្ចីមានទំហំចាប់ពី១៨.០០០ដុល្លាររហូតដល់១០០.០០០ដុល្លារ។ “ពេលបូកចូលគ្នាវាមានទំហំទឹកប្រាក់ជាង១លានដុល្លារ”។

លោក អិុន ចាន់នី បានថ្លែងបន្ថែមថា “មែនទែនទៅ យើងប្តឹងដើម្បីអញ្ជើញគាត់មកសាកសួរអំពីការក្លែងឯកសារ”។ លោកបានបន្តទៀតថា “យើងមិនទាន់មានការចោទប្រកាន់ថា ម៉េចលើគាត់ទេ”។

លោកបានមានប្រសាសន៍ទៀតថា “យើងបានហាមមិនឲ្យធ្វើខុសពីអ្វីពីការណែនាំរបស់យើង”។ លោកបានមានប្រសាសន៍បន្តថា “បើគាត់ខុស គាត់ត្រូវទទួលខុសត្រូវ”។

អតីតអ្នកគ្រប់គ្រងពីររូបនៅធនាគារកាណាឌីយ៉ាត្រូវបានកាត់ឲ្យជាប់ទោសជាមួយអ្នកសមគំនិតបីនាក់ទៀតកាលពីខែសីហា ឆ្នាំ២០១៤នៅក្នុងអ្វីដែលគេជឿថា ជាបញ្ហាធំបំផុតមិនធ្លាប់មាននៅក្នុងការងារក្នុងវិស័យធនាគារដែលរីកដុះដាលយ៉ាងឆាប់រហ័សនៅកម្ពុជា។

អ្នកគ្រប់គ្រងធនាគារឈ្មោះ យ៉េត សុភ័ក្ត្រា អាយុ៣០ឆ្នាំ និងមិត្តប្រុសរបស់ខ្លួន  ឈ្មោះ ឡេង ស៊ុនទ្រី អាយុ៣៤ឆ្នាំ ត្រូវបានកាត់ឲ្យជាប់ទោសពីបទបន្លំលួចយកប្រាក់ និងរំលោភសេចក្តីទុកចិត្តដោយសារបានបន្លំលួចយកប្រាក់២,៧លានដុល្លារពីធនាគារនេះតាមរយៈការបង្កើតឥណទាននិងគណនីក្លែងក្លាយ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស