37 C
Phnom Penh

អ្នកស្រី ទេព វន្នី និយាយ​​​ថា តុលាការ​​​ប្រើ​​​ប្រាស់​​​អ្នកស្រី​​​ជា​​​ទាសករ​​​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ តុលាការកំពូលបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លី ព្រមទាំងសំណើរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ៥រូប ដែលពួកគាត់ទាំងអស់ស្ថិតក្នុងចំណោមមនុស្ស២៦នាក់ដែលអង្គការសិទ្ធិមនុស្សលីកាដូបានកំណត់ថា ជាអ្នកទោសនយោបាយ។

អ្នកស្រី ទេព វន្នី បាននិយាយនៅពេលសន្តិសុខពន្ធនាគារបានក្រៀកចេញពីសាលសវនាការថា “តុលាការមិនអនុញ្ញាតឱ្យខ្ញុំនៅក្រៅឃុំទេ ពីព្រោះពួកគេប្រើប្រាស់ខ្ញុំជាទាសករនយោបាយ។ វាមិនយុត្តិធម៌ទាល់តែសោះសម្រាប់ខ្ញុំ ពីព្រោះខ្ញុំមិនបានបំផ្លាញជាតិឡើយ”។

WP-LastImage-57-800x533លោក គឹម សត្ថាវី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា សំណើសុំនៅក្រៅឃុំលើកទី២របស់អ្នកស្រី ទេព វន្នី ត្រូវបានច្រានចោល ពីព្រោះកាលបរិច្ឆេទបើកសវនាការជំនុំជម្រះរឿងក្តីអ្នកស្រីត្រូវបានកំណត់ដោយសាលាដំបូងរាជធានីភ្នំពេញ ហើយអ្នកស្រីគួរត្រូវបានឃុំខ្លួនរហូតដល់ថ្ងៃបើកសវនាការ។

យោងតាមមេធាវីរបស់អ្នកស្រីបានឱ្យដឹងថា សវនាការជំនុំជម្រះក្នុងរឿងក្តីនេះ ដែលទាក់ទិនការចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាពាក់ព័ន្ធការតវ៉ាកាលពីឆ្នាំ២០១៣នៅខាងក្រៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  នោះ គ្រោងធ្វើនៅថ្ងៃទី៣ ខែកុម្ភៈ។

ការតម្កល់ការបដិសេធសំណើសុំនៅក្រៅឃុំរបស់សាលាដំបូង ចៅក្រម សត្ថាវី បានថ្លែងថា តុលាការកំពូល “គិតថា សាលដីការបស់សាលាឧទ្ធរណ៍ដែលបានចេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ គឺត្រឹមត្រូវតាមច្បាប់”។

ដោយបដិសេធសំណើសុំនៅក្រៅឃុំរបស់អ្នកស្រី សាលាឧទ្ធរណ៍បានលើកឡើងថា សកម្មជនអាយុ៣៥ឆ្នាំរូបនេះនឹងបង្កហិង្សា ប្រសិនបើត្រូវបានដោះលែងពីការឃុំខ្លួនបណ្តោះអាសន្ន នេះបើតាមអ្នកស្រី ទេព វន្នី ដែលបានប្រាប់អ្នកយកព័ត៌មាននៅពេលនោះ។

អ្នកស្រីបាននិយាយថា “ពួកគេច្រានចោលសំណើសុំនៅក្រៅឃុំ ពីព្រោះពួកគេបារម្ភថា ខ្ញុំនឹងបង្កហិង្សា។ តាមពិត អ្នកដែលបង្កហិង្សាគឺសន្តិសុខខណ្ឌដូនពេញឯណោះទេ”។

លោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សប្រឆាំងដែលជាប់ពន្ធនាគារ ពេលនៅខាងក្រៅតុលាការកំពូលក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សប្រឆាំងដែលជាប់ពន្ធនាគារ ពេលនៅខាងក្រៅតុលាការកំពូលក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

នៅក្នុងរឿងក្តីដាច់ដោយឡែកមួយទៀត លោក សឹង បញ្ញាវុធ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបដិសេធសំណើរបស់ចុងចោទប្រាំនាក់ដែលត្រូវបានលុបឈ្មោះចេញពីពាក្យបណ្តឹងដែលដំបូងដាក់បញ្ចូលជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិ១១រូបដែលជាប់ពន្ធនាគារ ហើយសកម្មជនទាំងនេះត្រូវបានកាត់ឱ្យជាប់ទោសជុំវិញការតវ៉ាដ៏ហិង្សានៅទីលានប្រជាធិបតេយ្យក្នុងខែកក្កដា ឆ្នាំ២០១៤។

អ្នកទាំង៥នាក់បានស្នើសុំឱ្យដាក់បញ្ចូលឈ្មោះរបស់ពួកគេក្នុងពាក្យបណ្តឹងដំបូងដែលស្វះស្វែងឱ្យទុកជាមោឃៈនូវសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ពីព្រោះមេធាវីចុងចោទមិនមានវត្តមាននៅពេលផ្តន្ទាទោសពួកគេ។

ដោយលើកឡើងអំពីកំហុសនីតិវិធី ចៅក្រម សឹង បញ្ញាវុធ បានថ្លែងថា តុលាការ កំពូល “ទទួលបានសំណើពីក្រុមមេធាវី…ប៉ុន្តែបានច្រានចោលសំណើនេះ ព្រោះវាខុសច្បាប់”។

មានតែចុងចោទម្នាក់ប៉ុណ្ណោះក្នុងចំណោមចុងចោទប្រាំនាក់គឺលោក អ៊ុក ពេជ្រសំណាងបានបង្ហាញខ្លួននៅសាលសវនាការ ហើយបាននិយាយថា លោកមកទីនេះ ដើម្បីត្រៀមខ្លួនទទួលយកភាពអយុត្តិធម៌ពីតុលាការ។លោក អ៊ុក ពេជ្រសំណាង បានថ្លែងថា”ខ្ញុំមកទីនេះដើម្បីទទួលភាពអយុត្តិធម៌។ យើងគ្មានសង្ឃឹមទៅលើតុលាការកំពូលទេ”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស