26 C
Phnom Penh

សាលា​​​ដំបូង​​​រាជធានី​​​​​​នឹង​​​​​​ស៊ើប​​​អង្កេត​​​​​​ការ​​​ស្លាប់​​​របស់​​​ស្ត្រី​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញត្រូវបានបញ្ជាឲ្យសើុបអង្កេតការស្លាប់ស្ត្រីរកស៊ីផ្លូវភេទម្នាក់ឈ្មោះ ប៉ែន គន្ធា ដែលបានលង់ទឹកទន្លេ ខណៈក្រុមសន្តិសុខរបស់រដ្ឋដេញចាប់កាលពីដើមខែនេះ ។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា លោក អង្គ វង្សវង្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញសារាចរណែនាំដល់តុលាការនេះកាលពីម្សិលមិញ ។

លោក ជិន ម៉ាលីន បានថ្លែងថា “ព្រះរាជអាជ្ញា និងអាជ្ញាធម៌មូលដ្ឋានកំពុងធ្វើការលើរឿងនេះ។ ពួកគាត់ត្រូវតែចាត់វិធានការសើុបអង្កេត”។

cam-photo-sex-worker_WEBកាលពីថ្ងៃអង្គារ តំណាងរាស្ត្រគណបក្សប្រឆាំងបានផ្ញើ លិខិតជូនលោក ហេង សំរិន ប្រធានរដ្ឋសភាអំពាវនាវ ឲ្យលោក អង្គ វង្សវឌ្ឍានា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង កិច្ចការនារីសើុបអង្កេត និងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសាររបស់នាង។

តំណាងរាស្ត្រទាំងនេះ បានលើកឡើងក្នុងលិខិតថា “ករណីនេះបង្ហាញយ៉ាងច្បាស់ថាក្រុមសន្តិសុខ ពិតជាមានបំណងទុកឲ្យជនរងគ្រោះលង់ទឹកស្លាប់មែន”។ ពួកគាត់បានបន្ថែមថា “ក្រុមសន្តិសុខខណ្ឌដូនពេញ មានពិរុទ្ធភាព” ពីបទមនុស្សឃាត និងមនុស្សឃាត ដោយគិតទុកជាមុន។

យោងតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា លិខិតរបស់ពួកគាត់ត្រូវបានបញ្ជូន បន្តទៅរដ្ឋមន្ត្រីបីរូបកាលពីថ្ងៃពុធ។

លោកបានបន្ថែមថា “ការសើុបអង្កេតមិនមានពេលកំណត់ ទេ ដូច្នេះពួកគេអាចសើុបអង្កេតពេលណាក៏បានឲ្យតែ បញ្ចប់”។

ប៉ែន គន្ធា អាយុ៣៣ឆ្នាំស្ថិតក្នុងចំណោមស្ត្រីរកស៊ីផ្លូវភេទមួយក្រុមមានគ្នាប្រហែល៥នាក់ដែលបានរត់ឆ្ពោះទៅផែក្បែរវត្តភ្នំ ខណៈក្រុមសន្តិសុខបានដេញតាម អំឡុងការឆ្មក់ចាប់កាលពីខែថ្ងៃទី១ខែមករា ។

សាក្សីបាននិយាយថា នាងបានរអិលជើងខណៈពេលលោតពីទូកមួយទៅទូកមួយទៀតដោយបោកត្រូវក្បាល ហើយធ្លាក់ចូលទៅក្នុងទឹកដែលត្រង់ចំណុចនេះហើយក្រុមសន្តិសុខបានទុកនាងឲ្យលង់ទឹកស្លាប់ ហើយបានគំរាមអ្នកឈរមើលដែលព្យាយាមជួយសង្គ្រោះនាងទៀតផង។ សាកសពរបស់នាងត្រូវបាន ប្រទះឃើញអណ្តែតទឹកក្នុងទន្លេបាសាក់រយៈពេលពីរថ្ងៃក្រោយមក។

លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌ បានមានប្រសាសន៍ថា ការសើុបអង្កេតផ្ទៃក្នុងបានរកឃើញថា ក្រុមសន្តិសុខគ្មានកំហុសទេ ។

លោកបានថ្លែងថា “យើងពេញចិត្តចូលរួមក្នុងការសើុបអង្កេតនេះ ប៉ុន្តែ យើងបានបញ្ចប់ការសើុបអង្កេតផ្ទាល់ខ្លួនរបស់យើងហើយ ដែលក្នុងការស៊ើបអង្កេតនោះបានរកឃើញថា ជនរងគ្រោះបានរត់ ហើយជួបឧប្បត្តិហេតុដោយខ្លួនឯង”។

លោកបានបន្ថែមថា “គណបក្សប្រឆាំងអាចធ្វើការអះអាងតាមចិត្ត ប៉ុន្តែ ពួកគេត្រូវមានភ័ស្តុតាង និងសាក្សីមកបង្ហាញផង”។

ប៉ែន មេ៉ងគី ប្អូនស្រីជនរងគ្រោះបានស្វាគមន៍ការគាំទ្ររបស់គណបក្សប្រឆាំងប៉ុន្តែ បាននិយាយថា គាត់មានការសង្ស័យអំពីចំណាត់ការរបស់តុលាការក្នុងការស្វែងរកការពិតនេះ។

គាត់បាននិយាយថា “ខ្ញុំមិនដឹងថា តើពួកគេអាចស្វែងរកយុត្តិធម៌បានឬយ៉ាងណានោះឡើយ  ពីព្រោះខ្ញុំមិន ដឹងថា តើមានការដាក់កំហិតប៉ុណ្ណាលើការសើុបអង្កេតនេះឡើយ។

គាត់បានបន្ថែមថា “ខ្ញុំសង្ឃឹមថា អ្នកដែលបានរៀនច្បាប់ នឹងប្រើប្រាស់ច្បាប់នេះរកយុត្តិធម៌ជូនបងស្រីរបស់ខ្ញុំ។

លោក លី សុផាណា អ្នកនាំពាក្យតុលាការមិនអាចទាក់ទងបានទេ៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស