30 C
Phnom Penh

របាយការណ៍​៖ ខ្មែរ​ក្រោម​​​​ត្រូវ​បាន​បិទ​ផ្លូវ​មិន​ឱ្យ​ទទួលបាន​​សិទ្ធ​ិ​​ពលរដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមរបាយការណ៍ថ្មីមួយបង្ហាញថា បងប្អូនខ្មែរក្រោមជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជា ពិបាកនឹងទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវណាស់ ថ្វីបើរដ្ឋាភិបាលបានប្រកាសម្ដងហើយម្ដងទៀតទទួលស្គាល់ពួកគេជា “ពលរដ្ឋស្វ័យប្រវត្តិ”ក្ដី ហើយដោយសារតែបែបនោះបានធ្វើឱ្យពួកគេជួបការលំបាកទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។

របាយការណ៍ដែលមានឈ្មោះថា “សិទ្ធិពលរដ្ឋសម្រាប់ខ្មែរក្រោមនៅកម្ពុជា” ដែលចេញផ្សាយនៅថ្ងៃនេះដោយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) រៀបរាប់ពីផលវិបាករបស់ក្រុមជនជាតិដើមភាគតិចនេះ ដែលបានបាត់បង់ឱកាសទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។

ក្រុមនេះចេញមកពីតំបន់មួយនៅក្នុងប្រទេសវៀតណាមភាគខាងត្បូង ដែលគេស្គាល់ថាកម្ពុជាក្រោម ដែលពីមុនជារបស់កម្ពុជា ប៉ុន្តែត្រូវបានអាណានិគមនិយមបារាំងកាត់ឱ្យទៅវៀតណាមជាផ្លូវការនៅក្នុងឆ្នាំ១៩៤៩។ ទោះបីជាភាគច្រើនខ្មែរក្រោមមានវប្បធម៌តែមួយ ភាសាតែមួយ និងសាសនាតែមួយដូចប្រជាពលរដ្ឋកម្ពុជាភាគច្រើនក្ដី ក៏ឈ្មោះ និងសំនៀងរបស់ពួកគេដូចវៀតណាម បានធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះនៃការរើសអើងក្នុងប្រទេសកម្ពុជា ដែលទស្សនៈប្រឆាំងជនជាតិវៀតណាមនៅតែរាលដាល។

cam-photo-k-kromរបាយការណ៍នេះផ្អែកលើបទសម្ភាសន៍ធ្វើឡើងកាលពីឆ្នាំមុនជាមួយខ្មែរក្រោមចំនួន២៦៤នាក់ដែលគ្មានអត្តសញ្ញាណប័ណ្ណខ្មែរ ដោយ៩៥,៧ភាគរយក្នុងចំណោមពួកគេកើតនៅក្រៅប្រទេសកម្ពុជា។ របាយការណ៍នេះបញ្ជាក់ថា ខ្មែរក្រោមដែលកើតនៅប្រទេសវៀតណាម នៅពេលចាប់ផ្ដើមជីវភាពរស់នៅថ្មីរបស់ពួកគេមិនយូរប៉ុន្មាននៅកម្ពុជា បានជួបប្រទះកិច្ចការដែលស្ទើរតែមិនអាចធ្វើបាន នោះគឺការផ្ដល់ដើមកំណើតរបស់ពួកគេ។

របាយការណ៍ដដែលបង្ហាញថា នៅទូទាំងប្រទេស ខ្មែរក្រោមពី២០ទៅ៣០ភាគរយក្នុងចំណោមខ្មែរក្រោមសរុបប្រមាណជាង១លាននាក់ អត់មានអត្តសញ្ញាណប័ណ្ណដែលចាំបាច់សម្រាប់ទទួលបានសិទ្ធិពលរដ្ឋជាមូលដ្ឋានដូចជា សេវាថែទាំសុខភាព ការអប់រំ កម្មសិទ្ធិដីធ្លី ការងារ និងលិខិតឆ្លងដែនជាដើម។ របាយការណ៍នេះបន្តថា “ពួកគេជាច្រើនត្រូវបានបដិសេធមិនឱ្យចុះបញ្ជីសំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ដោយសារគ្មានអត្តសញ្ញាណប័ណ្ណ ដែលធ្វើឱ្យមានមនុស្សមួយជំនាន់ខ្វះឯកសារប្រើប្រាស់”។

នៅពេលសួរថាតើការលំបាកប្រភេទណាដែលពួកគេប្រឈមនៅកម្ពុជា ៦០,៦ភាគរយនិយាយថា ពួកគេត្រូវបានរើសអើងដោយសារតែគេជឿថា ខ្មែរក្រោមគឺជាជនជាតិវៀតណាម ចំណែកឯ៤១,៩ភាគរយបានលើកឡើងថា ការខ្វះការទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរមូលដ្ឋានគឺជាឧបសគ្គ។

លោក ថាច់ ស៊ិន អាយុ៤១ឆ្នាំ ជាខ្មែរក្រោមដែលរស់នៅក្នុងក្រុងសៀមរាបរយៈពេលប្រហែល៨ឆ្នាំមកហើយ បានលើកឡើងថា គាត់ពិបាកនឹងទទួលបានឯកសារផ្លូវការណាស់នៅកម្ពុជា។

គាត់បានបន្តថា ”វាច្រើនឆ្នាំមកហើយដែលខ្ញុំគ្មានអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ។ ដោយសារគ្រួសារខ្ញុំឈ្មោះ ថាច់ ពួកគេបញ្ជាក់ថាខ្ញុំជាជនជាតិយួន” ហើយថា ដោយសារតែបែបនេះគាត់ក៏មិនអាចចុះឈ្មោះបោះឆ្នោតបានដែរ។ គាត់និយាយថា គាត់ក៏ត្រូវបានរើសអើងពីសំណាក់ប្រជាជនខ្មែរធម្មតាដែរ។

“ប្រជាពលរដ្ឋខ្មែរតែងតែហៅយើងថា ‘យួន’។ ខ្ញុំយល់ថា ពួកគេមិនដែលស្គាល់ច្បាស់ថាអ្វីជាខ្មែរក្រោមទេ”។

លោក ប្រុក ម៉ៃឧត្ដម អ្នកនាំពាក្យនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានបដិសេធថា មិនមានការរើសអើងលើខ្មែរក្រោមនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា ខ្មែរក្រោមដែលកើតនៅក្រៅប្រទេសមិនអាចទទួលបានអត្តសញ្ញាណប័ណ្ណទេ។

លោក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាបបានយល់ឃើញដូចនេះដែរថា មានតែខ្មែរក្រោមដែលកើតនៅកម្ពុជាប៉ុណ្ណោះទើបមានសិទ្ធិទទួលបានអត្តសញ្ណាណប័ណ្ណ ហើយថា វាជាបទបញ្ជារបស់ “ថ្នាក់លើ”។

លោក ឌុច ពិសិដ្ឋ ប្រធានផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការភាន់ច្រឡំជុំវិញសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោម គឺដោយសារក្របខ័ណ្ឌគតិយុត្តិដែលឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាល។

លោកបានគូសបញ្ជាក់ដូច្នេះថា “ជាអកុសល សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលថា ខ្មែរក្រោមដែលមកកម្ពុជាត្រូវបានចាត់ទុកជាពលរដ្ឋខ្មែរ គឺមិនសូវមានតម្លៃទេតាមភាពជាក់ស្ដែង ពីព្រោះលក្ខខណ្ឌតម្រូវតឹងរ៉ឹងនៃច្បាប់របស់កម្ពុជាធ្វើឱ្យខ្មែរក្រោមប្រឈមការលំបាកក្នុងការទទួលបានសិទ្ធិទាំងនេះ។

ខ្មែរក្រោមនៅកម្ពុជាដែលប្រហែលជាកើតនៅក្រៅប្រទេស ឬខ្វះអាសយដ្ឋានស្នាក់នៅ ពិបាកនឹងបំពេញតាមបទប្បញ្ញត្តិដ៏តឹងរ៉ឹងនៃច្បាប់ និងបទប្បញ្ញត្តិនានាគ្រប់គ្រងការចេញអត្តសញ្ញាណប័ណ្ណ ដែលមិនគិតពីតម្រូវការជាក់លាក់របស់ក្រុមនេះណាស់”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស