32 C
Phnom Penh

រដ្ឋមន្ត្រីក្រសួង​​​ព័ត៌មាន​​​ស្នើ​​​សុំ​​​បង្កើត​​​​​​​​​មជ្ឈមណ្ឌល​​​ដែល​​​ចំណាយ​​​ទឹក​​​ប្រាក់​​​៣០០​​​លាន​​​ដុល្លារ​​​សម្រាប់​​​និវត្តន៍​​​ជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងអ្វីដែលនឹងស្ថិតក្នុងចំណោមអគាររដ្ឋាភិបាលដែលចំណាយប្រាក់សាងសង់អស់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនោះ ក្រសួងព័ត៌មានបានប្រកាសគម្រោងសាងសង់មជ្ឈមណ្ឌលក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ ដែលមន្ត្រីរាជការចូលនិវត្តន៍អាចហ្វឹកហាត់សម្រាប់ការងារនិងរកប្រាក់ចំណូលបន្ថែម ពេលធ្វើការនៅស្ទូឌីយោផលិតកម្មវិចិត្រសាល និងសារមន្ទីរ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលលើកឡើងថា លោកនឹងចូលនិវត្តក្នុងឆ្នាំ២០១៨នោះ បានប្រកាសគម្រោងសាងសង់មជ្ឈមណ្ឌលនេះនៅចំពោះមុខមន្ត្រីចូលនិវត្តជាង៣០០នាក់កាលពីថ្ងៃពុធដោយលើកឡើងថា លោកចង់ជួយពួកគេរកប្រាក់ចំណូល បន្ថែម ដោយធ្វើការក្នុងនាមជាបុគ្គលិកជាប់កិច្ចសន្យា បន្ទាប់ពីចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានស្វាគមន៍ និងចែកអំណោយ ដល់និវត្តន៍ជនមកពីក្រសួងរបស់លោក នៅក្នុងពិធី សំណេះសំណាលក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ។ AKP
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានស្វាគមន៍ និងចែកអំណោយ ដល់និវត្តន៍ជនមកពីក្រសួងរបស់លោក នៅក្នុងពិធី សំណេះសំណាលក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ។ AKP

លោកបានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា”យើងមានគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងពេលឆាប់ៗដើម្បីបង្កើតការងារសម្រាប់អ្នកចូលនិវត្តន៍ពីក្រសួងព័ត៌មាន ហើយគម្រោងសាងសង់អគារនេះនឹងចំណាយប្រាក់អស់ជាង៣០០លានដុល្លារ”។

លោកបានបន្ថែមថា “ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយបន្ថែមទេ ព្រោះខ្្ញុំខ្លាចគេលួចគម្រោងរបស់ខ្ញុំ”។ គម្រោងនេះមានទំហំទឹកប្រាក់ធំជាងថវិកាចំនួន ១៨,២លានដុល្លារដែលត្រូវបានលៃទុកសម្រាប់ក្រសួងនេះក្នុងថវិកាជាតិក្នុងឆ្នាំ២០១៧។ វាក៏នឹងមានទំហំធំជាងអគាររដ្ឋាភិបាលក្នុងពេលបច្ចុប្បន្នផងដែរ ក្នុងនោះរួមមានដូចជាអគារទីស្តីការ គណៈរដ្ឋមន្ត្រីដែលចំណាយប្រាក់សាងសង់អស់៣២,៩លានដុល្លារ ក្រោមជំនួយរបស់ចិនដែលបញ្ចប់ក្នុងឆ្នាំ២០០៨ និងការិយាល័យក្រសួងបរិស្ថានដែលចំណាយទឹកប្រាក់សាងសង់អស់៨លានដុល្លារ ហើយបញ្ចប់កាលពីឆ្នាំមុនជាដើម។

ថវិកាសម្រាប់មជ្ឈមណ្ឌលនេះក៏នឹងមានទំហំលើសពីគម្រោងវិស័យឯកជនភាគច្រើនផងដែរ ក្នុងនោះរួមមានដូចជា អគារវឌ្ឍនៈដែលមានកម្ពស់៣៩ជាន់ និងចំណាយទឹកប្រាក់សាងសង់អស់១៧០លានដុល្លារ ហើយបញ្ចប់ក្នុងឆ្នាំ២០១៤ជាដើម។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងនេះបានលើកឡើងកាលពីម្សិលមិញថា លោកមិនទាន់បានឃើញគម្រោងនេះនៅឡើយទេ ប៉ុន្តែថា ក្រសួងបានចាប់ផ្តើមធ្វើការរួចហើយលើដីទំហំកន្លះហិកតានៅខាងក្រោយទីស្នាក់ការកណ្តាលដែលស្ថិតនៅតាមបណ្តោយ មហាវិថីព្រះមុនីវង្សរបស់ខ្លួន សម្រាប់មជ្ឈមណ្ឌលនេះ ដែលប្រហែលជាបញ្ចប់នៅដើមខែកក្កដា។

ទាំងលោក អ៊ុក គឹមសេង និងលោកស្រី សុខ មុំនិមល អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) នៃក្រសួងនេះ សុទ្ធតែមិនបានដឹងច្បាស់អំពីផែនការជាក់លាក់ ប៉ុន្តែបានឯកភាពថា អាទិភាពគឺនឹងជួលមន្ត្រីរាជការចូលនិវត្តន៍ឲ្យមកធ្វើការ។

លោក អ៊ុក គឹមសេង បានថ្លែងថា “ក្រសួងនឹងអញ្ជើញមន្ត្រីចូលនិវត្តន៍ទាំងនោះឲ្យមកធ្វើជាទីប្រឹក្សា និងជំនួយការដើម្បីជួយធ្វើការបន្ទាប់ពីអគារនេះបានបញ្ចប់។ ក្រោយមកលោកបានថ្លែងថា អគារទី២ដែលធំជាងនេះនឹងសាងសង់នៅជាយក្រុងដោយមានជំនួយពីវិនិយោគិនឯកជន។

លោកបានមានប្រសាសន៍ទៀតថា “វានឹងមានស្ទូឌីយោសម្រាប់កាត់តសំឡេង សម្រាប់កាត់តវីដេអូ និងសម្រាប់ថតបទចម្រៀង”។ លោកបានបន្ថែមថា “គេអាចមកធ្វើការចាប់ពីពេលឥឡូវនេះតទៅ”បានដើម្បីជួយក្រសួងព្រមទាំងក្រុមហ៊ុនឯកជនដែលជួលកន្លែងផលិតកម្មវិធីទូរទស្សន៍ និងវិទ្យុ។

ទីកន្លែងនេះក៏នឹងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលការងារ សារមន្ទីរ និងវិចិត្រសាលដែលមានការប្រមូលផ្តុំ រូបភាព និងវីដេអូរាប់ពាន់រាប់មឺុនផងដែរ ។

លោកស្រី សុខ មុំនិមល បានលើកឡើងទៀតថា មជ្ឈមណ្ឌលនេះនឹងផ្តោតដំបូងលើការជួលអតីតមន្ត្រីក្រសួងចំនួន៣០០នាក់ដែលមានអាយុចាប់ពី៦០ទៅ៧០ឆ្នាំឲ្យមកធ្វើជាអ្នកទទួលការ ដោយមានគោលដៅជួលមនុស្ស២.០០០នាក់ឲ្យមកធ្វើការនៅពេលក្រោយ។

លោកស្រី បានមានប្រសាសន៍ថា “លោករដ្ឋមន្ត្រីបានលើកឡើងអំឡុងពេលលោកថ្លែងសុន្ទរកថាទៅកាន់មន្ត្រីចូលនិវត្តន៍កាលពីម្សិលមិញថា លោកនឹងដាក់លិខិតជូនសម្តេច  ហ៊ុន សែន ស្នើសុំកម្ចី៣០០លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលនេះ ដោយយើងនឹងសងត្រឡប់ទៅរដ្ឋាភិបាលវិញជារៀងរាល់ឆ្នាំ ពេលយើងរកបានចំណូលពីវាមកវិញ”។

លោក អ៊ុក គឹមសេង បានលើកឡើងថា តួលេខនៃខ្ទង់ចំណាយក្នុងទំហំទឹកប្រាក់យ៉ាងច្រើននេះ បានមកពីការគណនាខ្ទង់ចំណាយលើអគារទី២ ជាកន្លែងដែលមន្ត្រីចូលនិវត្តន៍ និងស្ទូឌីយោនឹងត្រូវរើទៅទីនោះ ប៉ុន្តែ លោកក៏មិនដឹងច្បាស់ដែរថា តើអគារនេះនឹងមានអ្វីខ្លះ។

លោកបានមានប្រសាសន៍ថា “ខ្ញុំអត់ដឹងព័ត៌មានជាក់លាក់ទាំងអស់នោះទេអំពីគម្រោងនេះ។ វានឹងមានមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយ”។

លោក សេដ្រីក អេលរ៉យ (Cedric Elroy) ទីប្រឹក្សាអន្តរជាតិប្រចាំគណៈកម្មាធិការភាពយន្តកម្ពុជា បានលើកឡើងថា វិស័យនេះនឹងស្វាគមន៍ស្ទូឌីយោដែលមានគុណភាពខ្ពស់ និងមានទីតាំងនៅចំណុចកណ្តាល។

លោកបានសរសេរក្នុងអីុម៉េលមួយថា “ផលិតកម្មក្នុងស្រុកត្រូវការអគារដែលអាចរកអ្វីៗបានដោយងាយស្រួល និងអនុញ្ញាតឲ្យមានការថតភាពយន្តប្រចាំថ្ងៃដោយមិនចាំបាច់ត្រូវផ្តល់កន្លែងស្នាក់នៅសម្រាប់ក្រុមការងារ និងតួសំដែងទាំងមូលនោះឡើយ”។

លោកបានសរសេរបន្ថែមថា “ប្រសិនបើគោលដៅគឺទីផ្សារក្នុងស្រុក អ៊ីចឹងវាគឺជាការវិនិយោគដ៏ធំ ប្រសិនបើ វាសម្រាប់ស្តង់ដារអន្តរជាតិអ៊ីចឹងវាគឺជាការវិនិយោគខ្នាតមធ្យម”។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានសរសើរបំណងជួយមន្ត្រីចូលនិវត្តន៍នេះ ប៉ុន្តែ លោកបានចោទសួរអំពីមធ្យោបាយនៅក្នុងការធ្វើដូច្នេះ។

លោកបានសួរថា “តើរឹពឹងថានឹងទទួលបានប្រាក់ចំណេញប៉ុន្មាន ធៀបនឹងការវិនិយោគនេះ បើពិចារណាទៅលើកម្ចីបូករួមការប្រាក់នោះ? តើមានមធ្យោបាយផ្សេងដែលល្អជាងនេះដើម្បីគាំទ្រពួកគាត់ដែរទេ?”។ លោកបានមានប្រសាសន៍បន្តថា “ខ្ញុំគិតថា ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបានទេ លុះត្រាតែខ្ញុំដឹងចម្លើយទាំងនេះសិន”៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស