យោងតាមព្រះរាជក្រឹត្យមួយបង្ហាញថា អង្គរក្សម្នាក់ទៀតក្នុងចំណោមអង្គរក្សរបស់លោក ហ៊ុន សែន ដែលត្រូវបានតុលាការសម្រេចឱ្យជាប់ទោសពីបទវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងយ៉ាងព្រៃផ្សៃនៅខាងក្រៅរដ្ឋសភាកាលពីឆ្នាំ២០១៥ ត្រូវបានដំឡើងឋានន្តរស័ក្ដិ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងអំពីការដំឡើងឋានន្តរស័ក្ដិនេះថា “ពេលពួកគេជាប់ពន្ធនាគាររួច វាដល់ពេលឡើងឋានន្តរស័ក្ដិហើយ។ កុំឆ្ងល់ខ្លាំងពេក”។

សូមរំឭកថា អង្គរក្សបីនាក់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ បន្ទាប់ពីពួកគេបានប្រើអំពើហិង្សាទៅលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប ដោយចាប់អូសពួកគាត់ចេញពីរថយន្តហើយវាយដំយ៉ាងសាហាវអំឡុងការតវ៉ាប្រឆាំងគណបក្សសង្គ្រោះជាតិកាលពីខែតុលា ឆ្នាំ២០១៥ បណ្ដាលឱ្យពួកគាត់បាក់ធ្មេញ និងបែកក្រដាសត្រចៀក។
ពួកគេទាំងបីនាក់សុទ្ធតែទទួលបានការដោះលែងក្រោយជាប់ពន្ធនាគារបានតែ១ឆ្នាំ។ ព្រះរាជក្រឹត្យដែលឡាយព្រះសហត្តលេខាកាលពីថ្ងៃទី២២ ខែវិច្ឆិកានេះបង្ហាញថា ចាយ សារិទ្ធ អាយុ៣៤ឆ្នាំ ត្រូវបានដំឡើងឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ត្រី។
ការដំឡើងឋានន្តរស័ក្ដិរបស់ ចាយ សារិទ្ធ កើតឡើងក្រោយមានការលាតត្រដាងមុននេះថា គូកនពីរនាក់ទៀតរបស់ខ្លួនឈ្មោះ ម៉ៅ ហឿន និង សុត វណ្ណនី ត្រូវបានដំឡើងឋានន្តរស័ក្ដិជាវរសេនីយ៍ឯក។
ពេលទាក់ទងកាលពីម្សិលមិញ លោក គង់ សភា ជាតំណាងរាស្ត្រមួយរូបដែលរងការវាយដំ បានមានប្រសាសន៍ថា ការដំឡើងឋានន្តរស័ក្ដិនេះបង្ហាញថា គណបក្សប្រជាជនកម្ពុជាជាអ្នកស្ថិតនៅពីក្រោយការប្រើអំពើហិង្សានោះ។
លោកបានមានប្រសាសន៍ថា “ការដំឡើងឋានន្តរស័ក្ដិពួកគេបង្ហាញថា ពួកគេគឺជាជនល្មើសដែលគណបក្សកំពុងកាន់អំណាចបានរៀបចំឱ្យវាយដំតំណាងរាស្ត្រ ប៉ុនប៉ងសម្លាប់តំណាងរាស្ត្រ។ ច្បាប់ស្ថិតនៅលើបបូរមាត់របស់អ្នកមានអំណាច”។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក គង់ សភា លោក សុខ ឥសាន មានប្រសាសន៍ថា ”គាត់ចង់និយាយអីក៏បាន ព្រោះយើងជាប្រទេសប្រជាធិបតេយ្យ។ វាបង្ហាញយ៉ាងច្បាស់ថា ប្រទេសរបស់យើងមានសេរីភាពបញ្ចេញមតិ”។
ទោះជាយ៉ាងណា ទាំងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ឈុំ សុជាតិ អ្នកនាំពាក្យរបស់លោកសុទ្ធតែមិនអាចទាក់ទងសុំការបំភ្លឺបានទាក់ទិនបញ្ហានេះ៕ សុខុម