30 C
Phnom Penh

ការ​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់​​នឹង​រឹតបន្តឹង​កាន់​តែ​ខ្លាំង​ក្នុង​ខេត្ត​ចំនួនពីរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យពង្រីកការបង្ក្រាបលើការនេសាទខុសច្បាប់នៅក្នុងខេត្តចំនួនពីរជុំវិញបឹងទន្លេសាបកាលពីថ្ងៃសុក្រ ខណៈអ្នកនេសាទ៣០នាក់ដែលត្រូវបានចាប់ខ្លួនកាលពីដើមសប្ដាហ៍មុន ត្រូវបានបញ្ជូនទៅពន្ធនាគារដើម្បីរង់ចាំសវនាការជំនុំជម្រះបទល្មើសរបស់ពួកគេ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា អំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រជាមួយអភិបាលខេត្តដែលព័ទ្ធជុំវិញបឹងទន្លេសាប លោក ស ខេង បានចាត់តាំងមន្ត្រីពីរក្រុមដោយក្នុងមួយក្រុមមានគ្នា៣០នាក់ឱ្យទប់ស្កាត់ការនេសាទខុសច្បាប់នៅក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ដោយសារក្នុងតំបន់ទាំងពីរនេះទូកនេសាទដែលប្រើប្រាស់លូស្បៃមុងនៅតែចោទជាបញ្ហា។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពីការនេសាទខុសច្បាប់ជាមួយក្រុមអភិបាលខេត្តកាលពីថ្ងៃសុក្រ នៅរាជធានីភ្នំពេញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពីការនេសាទខុសច្បាប់ជាមួយក្រុមអភិបាលខេត្តកាលពីថ្ងៃសុក្រ នៅរាជធានីភ្នំពេញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក វេង សាខុន ដែលជិះឧទ្ធម្ភាគចក្រជាមួយលោក ស ខេង និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឆ្វែលពីលើបឹងទន្លេសាបកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃការត្រួតពិនិត្យប្រចាំខែបានលើកឡើងទៀតថា “ប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធការនេសាទខុសច្បាប់ ប៉ុន្តែអ្វីដែលយើងចង់បានគឺចាប់ខ្លួនអ្នកនៅពីក្រោយពួកគេ នោះគឺមេខ្លោង”។

រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះបានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រនៅក្រសួងមហាផ្ទៃ ក្នុងរាជធានីភ្នំពេញថា “ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ត្រូវបានទុកពេលឱ្យពីរសប្ដាហ៍ទៀតរហូតដល់ពាក់កណ្ដាលខែកុម្ភៈ ហើយបន្ទាប់ពីនោះយើងនឹងជិះឧទ្ធម្ភាគចក្រដើម្បីត្រួតពិនិត្យ”។

លោកបានបន្តថា មន្ត្រីខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប ទទួលបានជោគជ័យច្រើនជាងគេនៅក្នុងការទប់ស្កាត់ឧបករណ៍នេសាទខុសច្បាប់ ហើយពួកគេត្រូវបានស្នើឱ្យបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន។

សមាជិកសហគមន៍នេសាទនៅទន្លេសាប និងសកម្មជនបរិស្ថានបានលើកឡើងថា មានតែការល្បាតបឹងនេះជាប្រចាំប៉ុណ្ណោះទើបនាំឱ្យមានការផ្លាស់ប្ដូរយូរអង្វែងបាន។

លោក សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍កាលពីថ្ងៃសុក្រថា ការនេសាទខុសច្បាប់នៅតែជាបញ្ហាធំនៅឃុំអណ្ដែតទឹកចំនួនពីរក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ព្រោះជាធម្មតាការនេសាទខុសច្បាប់ធ្វើឡើងនៅពេលយប់ដោយប្រើឆ្នុក (មងរាយទៅក្នុងទឹក និងមានចង្កៀងបណ្ដែតពីលើផ្ទៃទឹក)។

លោកគូសបញ្ជាក់ថា យើងប្ដេជ្ញាបង្ក្រាបបទល្មើសនេសាទ ប៉ុន្តែពេលខ្លះវាពិបាកណាស់ ព្រោះវាកើតឡើងនៅពេលយប់”។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពីការនេសាទខុសច្បាប់ជាមួយក្រុមអភិបាលខេត្តកាលពីថ្ងៃសុក្រ នៅរាជធានីភ្នំពេញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពីការនេសាទខុសច្បាប់ជាមួយក្រុមអភិបាលខេត្តកាលពីថ្ងៃសុក្រ នៅរាជធានីភ្នំពេញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

កាលពីថ្ងៃអង្គារ នគរបាល កងរាជអាវុហត្ថ និងមន្ត្រីជលផលប្រហែល៨០នាក់បានប៉ះទង្គិចគ្នាមួយប្រាវជាមួយបុរសនេសាទប្រហែល៤០នាក់ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលផ្ទុះកំហឹងដោយសារការដកហូតឧបករណ៍នេសាទរបស់ពួកគេ។

លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា បុរសនេសាទប្រហែល៤០នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងចំណោមនោះមាន៣០នាក់ត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវអួនក្រឡាល្អិតទំហំ១,៥០សង់ទីម៉ែត្រដែលច្បាប់ជលផលហាមឃាត់។

លោកបានបញ្ជាក់ថា “ពេលនេះ ពួកគេត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តហើយ”។ បទចោទនេះត្រូវមានទោសជាប់ពន្ធនាគាររហូតដល់១ឆ្នាំ ប្រសិនបើអ្នកនេសាទទាំងនេះពិតជាជាប់ពិរុទ្ធភាពដូចការចោទប្រកាន់មែន។

មន្ត្រីនិយាយថា ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ ក្រុមការងារដោះស្រាយការនេសាទខុសច្បាប់បាន១៣០ករណី ចាប់ខ្លួនអ្នកនេសាទ៥២នាក់ និងដកហូតទូកបាន២១គ្រឿង៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស