40.9 C
Phnom Penh

មន្ត្រី​​​ CNRP លាលែង​​​ពី​​​តួនាទី តែបដិ​សេធ​​​ថាមិន​​​បាន​​​ទៅ​​​ចូលរួម​​​ជា​​​មួយ CPP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីគណបក្សសង្គ្រោះជាតិមួយរូបក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានចោទថាបានបើករថយន្តបុកមន្ត្រីព្រំដែនម្នាក់បានអះអាងពីការលាលែងរបស់លោកពីគណបក្សប្រឆាំងកាលពីម្សិលមិញ ប៉ុន្តែបានបដិសេធរបាយការណ៍ព័ត៌មានដែលថា លោកមានផែនការទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាកាន់អំណាច។

លោក ម៉ង់ ពុទ្ធី អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្នុងក្រុងប៉ោយប៉ែត ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានទម្ងន់ទោស ដោយតាមការអះអាងថា បានបើករថយន្តបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីខែធ្នូ។លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីដើមខែនេះ។

ចាប់តាំងពីពេលនោះមក លោក ឈាន ពិសិដ្ឋ ត្រូវបានចំអកតាមបណ្ដាញទំនាក់ទំនងសង្គមបន្ទាប់ពីវីដេអូឃ្លីបដែលបង្ហាញថា លោកបានដួលនៅពីមុខរថយន្តលោក ម៉ង់ ពុទ្ធី ដែលស្ទើរតែមិនកម្រើកកង់ ដោយទំនងជាគ្មានការបុកអ្វីឡើយ។ ប៉ុន្មានថ្ងៃក្រោយមកតាមរយៈកាមេរ៉ាសុវត្ថិភាពនៅផ្ទះសំណាក់ក្នុងប្រទេសថៃ គេឃើញបុរសរូបនេះដើេរយ៉ាងរំភើយ។

កាលពីម្សិលមិញ លោក ម៉ង់ ពុទ្ធី ដែលគេហៅថា ឌិន ពុទ្ធី បានមានប្រសាសន៍ថា លោកបានសម្រេចចិត្តលាលែងពីតួនាទីរបស់លោកក្នុងគណបក្សសង្គ្រោះជាតិដោយសារលោកជាប់រវល់ដឹកនាំសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ជាអង្គការដែលតស៊ូមតិសម្រាប់ពលករ និងអ្នកបើកបររថយន្តដែលឆ្លងព្រំដែនជាប្រចាំនោះ តម្រូវឱ្យលោកត្រូវការពេលវេលាយ៉ាងច្រើន។

mang-puthyលោកមានប្រសាសន៍ថា “ខ្ញុំបានលាលែងពីសមាជិកគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែមករា ពីព្រោះខ្ញុំជាប់រវល់ការងារសមាគម ហើយខ្ញុំគ្មានពេលគ្រប់គ្រាន់ធ្វើការជាមួយគណបក្សសង្គ្រោះជាតិទេ។ ខ្ញុំមិនបានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទេ”។

ទោះយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងតាមគេហទំព័រព័ត៌មាន Fresh News គាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីព្រឹកម្សិលមិញដោយលើកឡើងថា លោក ម៉ង់ ពុទ្ធី មានបំណងទៅចូលរួមជាមួយគណបក្សកាន់អំណាចនៅពេលឆាប់ៗនេះ។ គេមិនអាចទាក់ទងលោក ផៃ ស៊ីផាន ដើម្បីសុំអត្ថាធិប្បាយអំពីការអះអាងនេះបានឡើយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មានពីផែនការណាមួយរបស់លោក ម៉ង់ ពុទ្ធី ក្នុងការមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាឡើយ ប៉ុន្តែលោកបានបន្ថែមថា គណបក្សបើកទូលាយជានិច្ច។

លោកបានមានប្រសាសន៍ថា “ប្រសិនបើនរណាម្នាក់ចង់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា យើងស្វាគមន៍ជានិច្ច”។

ព័ត៌មានពីការផ្តាច់ខ្លួនរបស់លោក ម៉ង់ ពុទ្ធី កើតឡើងបន្ទាប់ពីមានការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅខែនេះដោយលោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី និងជាអ្នករិះគន់រដ្ឋាភិបាលជាយូរមកហើយ ពីការចាកចេញពីអង្គការមិនមែនរដ្ឋាភិបាលនេះទៅឈរឈ្មោះជាបេក្ខជនគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំនេះ។

លោក កែ សម្ផស្ស ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា លោកមិនដឹងថាតើលោក ម៉ង់ ពុទ្ធី មានផែនការទៅចូលរួមជាមួយគណបក្សកាន់អំណាចឬយ៉ាងណានោះឡើយ ប៉ុន្តែលោកសង្ស័យថា ការសម្រេចនេះអាចទាក់ទងនឹងការខិតខំប្រឹងប្រែងរបស់លោករហូតបានជោគជ័យដើម្បីទទួលបានការដោះលែងនៅក្រៅឃុំបណ្តោះអាសន្ន។

លោកថ្លែងថា “សម្រាប់គណបក្សសង្គ្រោះជាតិ យើងមិនមានបញ្ហាជាមួយគាត់ឡើយ ប្រសិនបើគាត់ចង់មកចូលរួមជាមួយយើងវិញជាថ្មីម្តងទៀតនៅពេលអនាគត យើងនឹងស្វាគមន៍ការត្រឡប់មកវិញរបស់គាត់។ យើងមិនខឹងសម្បាជាមួយគាត់ចំពោះការលាលែងនេះឡើយ”។

បន្ទាប់ពីការដោះលែងលោក ម៉ង់ ពុទ្ធី ឱ្យនៅក្រៅឃុំកាលពីថ្ងៃទី១៤ ខែមករា លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា លោកអភិបាលខេត្ត សួន បវរ បានជួយសម្របសម្រួលឱ្យមានការដោះលែងនេះ ពីព្រោះយើងចង់ឱ្យភាគីទាំងពីរឈ្នះទាំងអស់គ្នា”។

កាលពីម្សិលមិញ លោក ម៉ង់ ពុទ្ធី បានមានប្រសាសន៍ថា លោកមិនត្រូវបានគេសុំឱ្យទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាអំឡុងការពិភាក្សាជាមួយអាជ្ញាធរខេត្តមុនពេលដោះលែងឡើយ ប៉ុន្តែលោកបានបដិសេធមិននិយាយថាតើមានលក្ខខណ្ឌនយោបាយឬយ៉ាងណានោះឡើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំមិនអាចនិយាយអំពីរឿងនេះបានទេ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស