ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃនេះនឹងចាប់ផ្តើមបើកសវនាការជំនុំជម្រះការអះអាងរបស់គណបក្សសង្គ្រោះជាតិដែលថា មានអ្នកដែលមិនមែនជាប្រជាពលរដ្ឋជាង២.៤០០នាក់ថ្មីៗនេះត្រូវបានបន្ថែមទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតទូទាំងប្រទេស ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានច្រានចោលពាក្យបណ្តឹងដូចគ្នានេះ។
គណបក្សប្រឆាំងអះអាងថា មនុស្ស២.៤៤១នាក់ត្រូវបានបន្ថែមទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតអំឡុងរយៈពេលចុះឈ្មោះបោះឆ្នោតកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលដែលបានបញ្ចប់កាលពីខែវិច្ឆិកា បើទោះជាខ្វះឯកសារបញ្ជាក់សញ្ជាតិត្រឹមត្រូវក៏ដោយ។ គណបក្សសង្គ្រោះជាតិទទួលស្គាល់ថា ខ្លួនមិនបានសើុបព័ត៌មានអំពីសញ្ជាតិរបស់ពួកគេទេ ដោយផ្អែកការអះអាងមួយផ្នែកធំទៅលើការខ្វះចំណេះដឹងភាសាខ្មែររបស់បុគ្គលទាំងនេះ។
សេចក្តីថ្លែងការណ៍មួយបង្ហោះក្នុងគេហទំព័ររបស់ក្រុមប្រឹក្សាធម្មនុញ្ញបានឲ្យដឹងថា ខ្លួននឹងបើកសវនាការលើបណ្តឹងទាំងនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃពុធ។
កាលពីថ្ងៃសុក្រ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.បានមានប្រសាសន៍ថា ស្ថាប័នរបស់លោកបានច្រានចោលពាក្យបណ្តឹងទាំងអស់របស់គណបក្សសង្គ្រោះជាតិហើយដោយមួយចំនួនជាឧទាហរណ៍ថ្មីបំផុតនៃល្បិចកលប្រឆាំងវៀតណាមដែលជារឿយៗត្រូវបានប្រើដោយគណបក្សប្រឆាំង។
លោក ហង្ស ពុទ្ធា បានថ្លែងថា “យើងបានសម្រេចរក្សាទុកឈ្មោះទាំងនេះនៅក្នុងបញ្ជីដដែល។ មិនមានភ័ស្តុតាងស្របច្បាប់ទាល់តែសោះ”។
លោក បានថ្លែងថា អំឡុងការសើុបអង្កេតរបស់គណបក្សកម្មាធិការនេះ មេធាវីតំណាងគណបក្សប្រឆាំងមិនអាចផ្តល់ភ័ស្តុតាងគាំទ្រការអះអាងរបស់ខ្លួនឡើយ។
ដោយប្រើប្រាស់ពាក្យពេចន៍ដែលចាត់ទុកថា ជាពាក្យបែបរើសអើងប្រឆាំងវៀតណាមនោះ លោកបានថ្លែងថា “ពួកគេគ្រាន់តែអះអាងថា ពួកគេគឺជាជនជាតិវៀតណាមដែលតែងតែធ្វើដំណើរទៅប្រទេសវៀតណាមនៅរៀងរាល់បុណ្យចូលឆ្នាំវៀតណាមហើយគ្រាន់តែនិយាយភាសាយួននៅផ្ទះតែប៉ុណ្ណោះ”។
លោកបានបន្ថែមថា “ឧទាហរណ៍ដូចជាពួកគេមួយចំនួននិយាយភាសាខ្មែរមិនច្បាស់។ នេះមិនអាចយកទៅប្រើសម្រាប់ការពិចារណាផ្លូវច្បាប់់ឡើយ”។
នៅពេលទាក់ទងម្តងទៀតកាលពីម្សិលមិញ លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ឡើងវិញថា អ្នកដែលគណបក្សប្រឆាំងបានប្តឹងនោះ មានអត្តសញ្ញាណប័ណ្ណដែលរដ្ឋាភិបាលចេញឲ្យចាំបាច់ដើម្បីចុះឈ្មោះបោះឆ្នោត។ លោកបានបន្ថែមថា មិនថា ពួកគេមានឯកសារបញ្ជាក់សញ្ជាតិចាំបាច់ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណទាំងនោះស្របច្បាប់ឬយ៉ាងណានោះឡើយ វាហួសពីបទប្បញ្ញត្តិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។
លោកស្រី ម៉េង សុភារី មេធាវីមួយរូប និងជាប្រធានកិច្ចការបោះឆ្នោត និងច្បាប់របស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ភាពស្របច្បាប់នៃអត្តសញ្ញាណប័ណ្ណត្រូវតែសើុបអង្កេតផងដែរដើម្បីធានាពីបញ្ជីឈ្មោះបោះឆ្នោតស្អាតស្អំ។
លោកស្រីបានលើកឡើងក្នុងសារបង្ហោះក្នុងទំព័រហ្វេសប៊ុកថា “រហូតមកទល់ពេលនេះគ្មាននរណាម្នាក់សើុបអង្កេតថា តើមានមនុស្សប៉ុន្មាននាក់ដែលបានប្រើប្រាស់ឯកសារទាំងនោះទទួលបានឯកសារទាំងនោះឡើយ”៕សារុន