40.3 C
Phnom Penh

សមត្ថកិច្ច​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​អះអាង​​ថា ខ្លួន​​​មិន​ដឹង​​​ទាក់ទិន​​ឃាតករ​ដែល​រត់​គេច​​ខ្លួន​​ពី​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ មន្ត្រីកម្ពុជានិយាយថា ខ្លួនមិនដឹងទាល់តែសោះទាក់ទិនការស៊ើបអង្កេតលើជនសង្ស័យពីរនាក់ដែលគេគិតថាបានឆ្លងដែនថៃ ចូលមកខេត្តកោះកុងកាលពីថ្ងៃអង្គារ ហើយត្រូវបានតាមចាប់ខ្លួនពាក់ព័ន្ធឃាតកម្មកណ្ដាលថ្ងៃចែសលើបុរសជនជាតិអង់គ្លេស ម្នាក់នៅក្នុងប្រទេសថៃ។

យោងតាមសេចក្ដីរាយការណ៍ព័ត៌មានបានឱ្យដឹងថា បុរសឈ្មោះ តូនី ខេនវ៉េ (Tony Kenway) ជនជាតិអង់គ្លេស ត្រូវបានខ្មាន់កំាភ្លើងបាញ់ចំក្បាលខណៈអង្គុយលើកៅអីអ្នកបើកបរក្នុងរថយន្ត Porsche របស់ខ្លួននៅរមណីយដ្ឋានបាតាយ៉ារបស់ថៃ កាលពីថ្ងៃអង្គារ។

WP-LastImage-63ម៉ាលស៍ ឌីកឃិន ធើន័រ (Miles Dicken Turner) ដែលកាន់លិខិតឆ្លងដែនអង់គ្លេស និង អាបេល កាល់ដេរ៉ា បូនីតូ (Abel Caldeira Bonito) ជាបុរសជនជាតិអាហ្វ្រិកខាងត្បូង ត្រូវបាននគរបាលថៃកំណត់អត្តសញ្ញាណថាជាជនសង្ស័យនៅក្នុងឃាតកម្មនេះ។

លោក សំ ឃិតវៀន ស្នងការខេត្តកោះកុងបានមានប្រសាសន៍ថា “ខ្ញុំមិនទាន់ទទួលបានព័ត៌មាន សេចក្ដីប្រកាសលាយលក្ខណ៍អក្សរពីខាងភាគីថៃទេ ដូច្នេះខ្ញុំមិនអាចសន្និដ្ឋានបានទេពីអ្វីដែលកំពុងកើតឡើង”។

លោក គឹម រតនា អនុប្រធានច្រកទ្វារអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង ដែលមុននេះលើកឡើងថា នគរបាលថៃ បានទាក់ទងមកនគរបាលកម្ពុជា ឱ្យតាមស្វែងរកជនសង្ស័យទាំងពីរនាក់នេះ មានប្រសាសន៍ថា លោកគ្មានព័ត៌មានបច្ចុប្បន្នភាពទេ។

លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៃនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកមិនទាំងដឹងករណីនេះផងទេ។

លោក អាពីឆាត ស៊ូរីប៊ូនយ៉ា ប្រធានការិយាល័យនគរបាលអាំងទែប៉ូលក្នុងប្រទេសថៃ បានបង្វែរសំណួរទៅលោក ឆាឡឺមគាត ស្រុីវ៉ូរ៉ាកាន អគ្គស្នងការរងនគរបាលជាតិថៃ ប្រធានគណៈកម្មការមួយបង្កើតឡើងដើម្បីស៊ើបអង្កេតករណីនេះដែលមិនអាចទាក់ទងសុំការបំភ្លឺបាន។

ឧត្ដមសេនីយ៍ទោ អាពីឆាត ស៊ូរីប៊ូនយ៉ា បានថ្លែងប្រាប់កាសែត The Nation របស់ថៃ កាលពីសប្ដាហ៍មុនថា ប្រសិនបើជនទាំងពីរនេះភៀសខ្លួនមកប្រទេសទី៣ នគរបាលថៃ នឹងស្នើឲ្យឱ្យនគរបាលអាំងទែប៉ូលជួយតាមប្រមាញ់ឃាតករទាំងនេះ។ ទោះជាយ៉ាងណា គិតរហូតមកទល់ល្ងាចម្សិលមិញ ឈ្មោះជនសង្ស័យទាំងនេះមិនទាន់ដាក់បញ្ចូលក្នុងមូលដ្ឋានទិន្នន័យតាមបណ្ដាញអុីនធឺណិតរបស់នគរបាលអាំងទែប៉ូលដែលបញ្ជាក់ថាជាជនដែលគេកំពុងតាមចាប់ខ្លួននៅឡើយទេ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស