ក្រុមមន្ត្រីរដ្ឋាភិបាលនិយាយថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុករណីភ្លើងឆេះពីរដាច់ដោយឡែកពីគ្នាកាលពីចុងសប្ដាហ៍ក្នុងខេត្តមណ្ឌលគិរី ដែលតាមព័ត៌មានថាបានឆេះបំផ្លាញឈើដ៏មានតម្លៃរាប់រយដុំ ដែលរដ្ឋាភិបាលបានលក់ទៅឱ្យពាណិជ្ជករម្នាក់បន្ទាប់ពីបានរឹបអូសឈើទាំងនេះនៅលើចម្ការកៅស៊ូចំនួនពីរ។
យោងតាមលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ករណីភ្លើងឆេះទាំងពីរបានកើតឡើងកាលពីថ្ងៃសុក្រ ហើយភ្លើងបានរលត់ទៅវិញកាលពីថ្ងៃអាទិត្យដែលបានឆេះបំផ្លាញឈើប្រហែល៣០០ដុំនៅក្រុមហ៊ុនចម្ការកៅស៊ូដៃថាញ់ (Dai Thanh) ហើយឈើ២០០ដុំទៀតនៅលើដីដែលជាអតីតចម្ការកៅស៊ូខ្មែរអង្គរ។
ឧប្បត្តិហេតុនេះឆ្លុះបញ្ចាំងឱ្យឃើញពីករណីភ្លើងឆេះជាច្រើនទៀតដែលតាមព័ត៌មានថា បំផ្លាញឈើដែលរឹបអូសបានរាប់រយដុំនៅលើចម្ការកៅស៊ូមួយចំនួនទៀតកាលពីឆ្នាំមុន ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសដើម្បីបង្ក្រាបការកាប់ឈើខុសច្បាប់ និងការស្តុកឈើនៅក្នុងប្រទេសកម្ពុជាភាគឦសាន។
ទាក់ទិននឹងករណីទាំងនេះ លោក សាក់ សារ៉ាង មានប្រសាសន៍កាលពីម្សិលមិញថា ករណីភ្លើងឆេះថ្មីបំផុតនេះបានឈានដល់ឆេះឈើក្នុងព្រៃនៅជុំវិញនេះ ហើយថា អាជ្ញាធរមិនទាន់ដឹងថាតើករណីភ្លើងឆេះនេះកើតឡើងដោយចៃដន្យ ឬដោយចេតនានោះឡើយ។
ឈើទាំងនេះស្ថិតក្នុងចំណោមឈើគ្មានអាជ្ញាប័ណ្ណចំនួន១២.៤៨៦ម៉ែត្រគូបដែលក្រុមការងារពិសេសបានរឹបអូសនៅលើដីចម្ការកៅស៊ូរបស់ក្រុមហ៊ុនដៃថាញ់ និងឈើគ្មានអាជ្ញាប័ណ្ណចំនួន១២.៨៣៣ម៉ែត្រគូបទៀតដែលរឹបអូសបាននៅលើដីអតីតចម្ការកៅស៊ូខ្មែរអង្គរ ដែលស្ថិតនៅចម្ងាយរាប់គីឡូម៉ែត្រឯណោះ។
រដ្ឋាភិបាលមិនបានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុនណាមួយឡើយ ហើយបានលក់ឈើនេះកាលពីចុងឆ្នាំមុនទៅឱ្យលោក អុឹង ស៊ីតាតវីឡា ម្ចាស់ក្រុមហ៊ុន V. Energy Logistics ក្នុងតម្លៃរាប់លានដុល្លារ។
លោក សាក់ សារ៉ាង បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនទទួលខុសត្រូវចំពោះការខាតបង់របស់គាត់ឡើយ។
លោកបានមានប្រសាសន៍ថា ”អាជ្ញាធររបស់យើងមិនទទួលខុសត្រូវចំពោះឈើដែលត្រូវបានឆេះបំផ្លាញនោះឡើយ។ ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ ពីព្រោះក្រុមហ៊ុនមានការធ្វេសប្រហែសក្នុងការការពារទ្រព្យសម្បត្តិរបស់ខ្លួន”។ លោក អឹុង ស៊ីតាតវីឡា មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលទទួលបន្ទុកក្រុមការងារពិសេសមានប្រសាសន៍ថា ករណីភ្លើងឆេះនេះបានបំផ្លាញឈើមួយចំនួនដែលរឹបអូសបាននៅលើចម្ការកៅស៊ូនីមួយៗផងដែរ ហើយថា ពេលនេះឡានទឹកនៅប្រចាំការនៅទីនោះក្នុងករណីមានភ្លើងឆេះបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា មូលហេតុភ្លើងឆេះទាំងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ នៅពេលសួរអំពីការស៊ើបអង្កេតដែលបានធ្វើឡើងទាក់ទិនករណីភ្លើងឆេះដូចគ្នានេះកាលពីឆ្នាំមុន អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា លោកមិនបានដឹងពីលទ្ធផលណាមួយឡើយ។
រដ្ឋាភិបាលអះអាងថា ក្រុមការងារពិសេសបានទប់ស្កាត់ក្រុមជួញដូរឈើប្រកបដោយប្រសិទ្ធភាពនៅក្នុងខេត្តភាគឦសាន។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្ស ក្រុមសហគមន៍ និងអ្នកអភិរក្សនៅក្នុងតំបន់ច្រានចោលការអះអាងនេះ ដោយលើកឡើងថា ការជួញដូរឈើបានថយចុះបន្តិចបន្តួចប៉ុណ្ណោះ នៅដដែល ឬកើនឡើង៕ សារុន