28 C
Phnom Penh

លោក ហ៊ុន សែន ការ​​​ពារ​​​ចំណាត់​​​ការ​​​ដក​​​ឋានៈ​​​​​​ក្រុ​ម​សំឡេង​ភាគតិច​​​របស់​​​ CNRP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានធ្វើតាមការគ្រោងទុកនៅក្នុងការដកឋានៈក្រុមសំឡេងភាគតិចក្នុងសភារបស់គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ទោសចំៗលើគណបក្សប្រឆាំងមួយនេះចំពោះការរំលោភបំពានបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

គណបក្សសង្គ្រោះជាតិដែលធ្វើពហិការសម័យប្រជុំនេះដើម្បីជាការតវ៉ាប្រឆាំងនឹងការបោះឆ្នោតសម្រេចនោះ បានច្រានចោលចំណាត់ការនេះថា “មិនសមស្រប” និងធ្វើឲ្យខូចប្រយោជន៍។

បុរសម្នាក់ថតរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីអេក្រង់ទូរទស្សន៍នៅក្នុងរដ្ឋសភាអំឡុងសម័យប្រជុំកាលពីម្សិលមិញ ក្នុងរាជធានីភ្នំពេញ។ រូបថតៈ ព្រីង សំរាំង/ឌឹ ខេមបូឌា ដេលី
បុរសម្នាក់ថតរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីអេក្រង់ទូរទស្សន៍នៅក្នុងរដ្ឋសភាអំឡុងសម័យប្រជុំកាលពីម្សិលមិញ ក្នុងរាជធានីភ្នំពេញ។ រូបថតៈ ព្រីង សំរាំង/ឌឹ ខេមបូឌា ដេលី

ដោយសារខ្លួនមានសំឡេងភាគច្រើននៅក្នុងសភានោះ គណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតសម្រេចជាឯកច្ឆន្ទនៅក្នុងការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដើម្បីលុបចោលការកំណត់ឲ្យមានគណបក្សសំឡេងភាគច្រើន និងសំឡេងភាគតិចជាផ្លូវការដែលត្រូវបានសន្មតថាជាការពង្រឹងឥទ្ធិពលរបស់គណបក្សសង្គ្រោះជាតិតាមរយៈការបង្កើតយន្តការផ្លូវការសម្រាប់គណបក្សទាំងពីរពិភាក្សាគ្នាលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជាបានយល់ព្រមផ្តល់ឋានៈក្រុមសំឡេងភាគតិចជាផ្លូវការឲ្យគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៤ ជាផ្នែកនៃកិច្ចព្រមព្រៀងមួយដើម្បី បញ្ចប់ការធ្វើពហិការមិនចូលសភារបស់គណបក្សប្រឆាំងមួយនេះជុំវិញលទ្ធផលដ៏ចម្រូងចម្រាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។

ពេលឡើងថ្លែងអំឡុងសម័យប្រជុំដើម្បីបោះឆ្នោតសម្រេចកាលពីម្សិលមិញ លោក ហ៊ុន សែន បានអះអាងដដែលថា គណបក្សប្រជាជនកម្ពុជាគ្មានជម្រើសក្រៅពីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះឡើយ ព្រោះគណបក្សសង្គ្រោះជាតិបានរំលោភបំពានបទបញ្ជាផ្ទៃក្នុងនេះដើម្បីដាក់សម្ពាធឲ្យមានការដោះលែងតំណាងរាស្ត្រ និងមន្ត្រីសិទ្ធិមនុស្សមួយចំនួនដែលគណបក្សប្រឆាំងមួយនេះចាត់ទុកថា ជាអ្នកទោសនយោបាយនោះ។ ទោះបីជាគណបក្សប្រជាជនកម្ពុជាតែងតែដោះលែងអ្នកទោសពីពន្ធនាគារដើម្បីដោះស្រាយជម្លោះនយោបាយនាពេលកន្លងមកជាមួយគណបក្សប្រឆាំងក៏ដោយ តែពេលនេះគណបក្សកាន់អំណាចមួយនេះបានអះអាងថា ខ្លួនគ្មានសិទ្ធិអំណាចធ្វើដូច្នេះម្តងទៀតនោះឡើយ។

លោក ហ៊ុន សែន បានលើកឡើងថា គណ បក្សប្រជាជនត្រូវតែ “បញ្ចប់វប្បធម៌សំឡេងភាគតិចយកសំឡេងភាគច្រើនធ្វើជាចំណាប់ខ្មាំងខាងនយោបាយដែលទាមទារមិនចេះចប់ឲ្យដោះស្រាយតាមផ្លូវនយោបាយ”។

លោកក៏បានអះអាងផងដែរថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានក្បត់ពាក្យសន្យាកាលពីខែធ្នូ នៅក្នុងការជំនួសតំណែងជាប្រធានក្រុមសំឡេងភាគតិចផ្លូវការ របស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរារាំងមិនឲ្យចូលប្រទេសកម្ពុជាវិញកាលពីឆ្នាំមុនបន្ទាប់ពីនិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេសដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីបទបរិហារកេរ្តិ៍ ។ សូម្បីបន្ទាប់ពីលោក ហ៊ុន សែន បានចាត់ទុកលោក កឹម សុខា ជាដៃគូដ៏សំខាន់ថ្មីសម្រាប់ទាក់ទងជាមួយគណបក្សប្រឆាំងនៅខែនោះ ប៉ុន្មានថ្ងៃបន្ទាប់ពីមានការរៀបចំឲ្យមានការព្រះរាជទានលើកលែងទោសអនុប្រធានគណបក្សប្រឆាំងរូបនេះពីបទចោទប្រកាន់នៅក្នុងសំណុំរឿង “សញ្ចរកម្ម” ពាក់ព័ន្ធនឹងស្រីកំណាន់ដែលគេចោទថា ជារបស់លោកក៏ដោយ តែលោក សម រង្ស៊ី នៅតែលើកឡើងពីក្រៅ ប្រទេសមកថា លោកនៅតែជាប្រធានក្រុមសំឡេងភាគតិច ប៉ុន្តែទីបំផុតលោកបានលើកឡើងថា តំណែងនេះមិនសំខាន់ទេ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំង ថ្លែងអំឡុងសន្និសីទកាសែតនៅឯស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិកាលពីថ្ងៃពុធ។ រូបថតៈ Hannah Hawkins/The Cambodia Daily

លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា លោកក៏បានសម្រេចឲ្យមានការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដើម្បីកាត់បន្ថយការចំណាយលើប្រធានក្រុមសំឡេងភាគច្រើន និងប្រធានក្រុមសំឡេងភាគតិចផ្លូវការ និងដោយសារគណបក្សសង្គ្រោះជាតិមិនឈប់ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា គ្មានឆន្ទៈក្នុងការចរចា។

នៅឯសន្និសីទកាសែតមួយដែលធ្វើឡើងកាល ពីព្រឹកម្សិលមិញ នៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានច្រានចោលការពន្យល់របស់លោកនាយករដ្ឋមន្ត្រី។

លោកបានមានប្រសាសន៍ថា “មូលហេតុទាំង៥មានលក្ខណៈមិនសមស្របទេ ព្រោះមាត្រានេះមិនមែនចែងសម្រាប់បុគ្គលទេ គឺចែងសម្រាប់ផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍ស្ថាប័នរដ្ឋសភា និងសម្រាប់ប្រយោជន៍ សម្រាប់អនាគតវែងឆ្ងាយ”។

លោកបានមានប្រសាសន៍បន្ថែមថា “គណបក្សសង្គ្រោះជាតិជឿជាក់លើការជជែកគ្នា… ការជជែកគ្នាគឺជាជម្រើសដ៏ល្អបំផុតនៅក្នុងការគ្រប់គ្រងប្រទេស។គណបក្សនយោបាយទាំងអស់ត្រូវចេះដោះស្រាយជាមួយគ្នា”។ លោកបានបន្ថែមទៀតថា “យើងមានផែនការផ្សេងគ្នា មានទម្លាប់ធ្វើការងារខុសគ្នា ប៉ុន្តែ រាល់បញ្ហាជាតិ រាល់បញ្ហាសង្គម វាត្រូវមានយន្តការជជែកគ្នា។ បើយើងមិនជជែកគ្នាទេ យើងមិនអាចធានានូវការឯកភាពគ្នា ធានានូវសន្តិភាពយូរអង្វែងរបស់សង្គមជាតិទេ”។

កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា នោះបានលើកឡើងថា ការធ្វើវិសោធនកម្មនេះគឺជាសញ្ញានៃការភ័យតក់ស្លុតរបស់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាយូរមកហើយ នៅមុនការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ ក្នុងការប្រឈមជាមួយគណបក្សប្រឆាំងដែលពោរពេញទៅដោយការរួបរួមសាមគ្គីគ្នា។

កញ្ញាបាននិយាយថា “ចំណាត់ការតាមតែអំពើចិត្តនេះគ្មានអ្វីក្រៅពីថា គណបក្សប្រជាជនកម្ពុជាកំពុងអស់សង្ឃឹមនោះទេ ហើយគ្មានការផ្តល់នូវភាពស្របច្បាប់នោះឡើយនៅក្នុងការប្រកួតប្រជែងសម្រាប់ការបោះឆ្នោត”។

លោក សម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានព្យាយាមមិនបានសម្រេចនៅក្នុងការប្រើប្រាស់តំណែងប្រធានក្រុមសំឡេងភាគតិចក្នុងសភានេះដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា នៅក្នុងឆ្នាំ២០១២។

យុទ្ធនាការដើម្បីបំបែកបំពាក់លោក សម រង្ស៊ី ពីលោក កឹម សុខា ទំនងជាមិនទាន់បញ្ចប់ទេ។លោក ហ៊ុន សែន ក៏បានស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយផងដែរកាលពីម្សិលមិញ ដើម្បីឲ្យអ្នកដែលមានទោសមិនអាចដឹកនាំគណបក្សនយោបាយបាន ជាច្បាប់មួយដែលនឹងបណ្តេញលោក សម រង្ស៊ី ចេញតំណែងរបស់លោក ហើយបើតាមការសន្និដ្ឋាន គឺទុកវាសម្រាប់លោក កឹម សុខា៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន និង Michael Dickison)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស