35 C
Phnom Penh

សភា​​​​​​នឹង​​​ស៊ើប​​​ជុំវិញ​ការ​​​អះ​​​អាង​​​​ថាមាន​​​​ស្នេហាលួច​​​លាក់​​​នៅក្នុង​​​​​​រដ្ឋសភា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានរដ្ឋបាលនៃរដ្ឋសភាបានលើកឡើងកាលពីម្សិលមិញថា ការស៊ើបអង្កេតផ្ទៃក្នុងនឹងត្រូវធ្វើឡើងដើម្បីកំណត់ថាតើតំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រឆាំងមួយរូបពិតជាមានស្នេហាលួចលាក់ជាមួយលេខារបស់ខ្លួននៅក្នុងរដ្ឋសភាមែនឬយ៉ាងណា។

លោកបាននិយាយថា ប្រសិនបើការចោទប្រកាន់នេះជាការពិត នឹងនិមន្តព្រះសង្ឃមកសូត្រមន្តបណ្តេញឧបទ្រពចង្រៃចេញ ដោយទំនងជាការឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងសម័យប្រជុំសភានៅវេលាព្រឹក។

ដោយសំដៅដល់ការអះអាងដែលបានបង្ហោះអនាមិកនៅក្នុងទំព័រហ្វេសប៊ុក­­­ចោទប្រកាន់លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា មានស្នេហាលួចលាក់ជាមួយលេខាអាយុ២៧ឆ្នាំរបស់ខ្លួននោះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអ្នកអគ្គលេខាធិការរដ្ឋសភាមានប្រសាសន៍ថា ”ឥឡូវនេះខ្ញុំកំពុងរៀបចំឱ្យមន្ត្រីស៊ើបអង្កេតរឿងនេះ”។

cam-photo-bokor2-800x533លោក ឡេង ប៉េងឡុង បានមានប្រសាសន៍បន្ថែមថា “ខ្ញុំមិនទាន់ប្រាកដថាតើមានការដាក់ទោសទណ្ឌដល់តំណាងរាស្ត្រដែលបានប្រព្រឹត្តរឿងនេះឬក៏យ៉ាងណានោះឡើយ។ ប្រសិនបើជាការពិតមែន ខ្ញុំនឹងសុំឱ្យសម្ដេចប្រធានរដ្ឋសភា [ហេង សំរិន] រៀបចំពិធីសូត្រមន្តប្រោះព្រំហើយ”។

ការចោទប្រកាន់ទាំងនេះត្រូវបានបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ តាមរយៈគណនីមួយដែលធ្វើការចោទប្រកាន់ដ៏គួរអាម៉ាស់យ៉ាងច្រើនទៅលើតំណាងរាស្ត្រគណបក្សប្រឆាំងដែលភាគច្រើននៃការចោទប្រកាន់នោះទាក់ទិននឹងស្នេហាលួចលាក់ ដែលត្រូវបានគេសរសេរជាព័ត៌មានយ៉ាងលឿន ហើយចុះផ្សាយនៅក្នុងគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាល។

លោក ហ៊ុន សែន បានលើកឡើងពីពាក្យចចាមអារ៉ាមដែលគេចុះផ្សាយតាមប្រព័ន្ធអុីនធឺណិតមកថ្លែងនៅរដ្ឋសភាកាលពីម្សិលមិញ អំឡុងសុន្ទរកថារយៈពេល៤៥នាទី វាយប្រហារពេញទំហឹងទៅលើគណបក្សប្រឆាំងដែលបានធ្វើពហិការមិនចូលរួមសម័យប្រជុំ ដែលដកពួកគេចេញពីឋានៈ “ក្រុមសំឡេងភាគតិច” ជាផ្លូវការ។

និយាយទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា “ខ្ញុំឃើញគេបង្ហោះសារពីការប្រើប្រាស់បន្ទប់មួយសម្រាប់ប្រព្រឹត្តអំពើផិតក្បត់”។

លោកបន្ថែមថា “ព្រះអើយ បង ហេង សំរិន ខ្ញុំបានឃើញផេក (Page) មួយឈ្មោះ សីហា សុំឱ្យបងនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំដើម្បីកម្ចាត់ឧបទ្រពចង្រៃចេញ ពីព្រោះមានការប្រព្រឹត្តអំពើផិតក្បត់នៅការិយាល័មួយនៅរដ្ឋសភា ចូលចិត្តធ្វើរឿងនេះបីដងក្នុងមួយថ្ងៃ”។

លោក យ៉ែម បុញ្ញឫទ្ធិ មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។លោក យឹម សុវណ្ណ ដែលក៏ត្រូវបានចោទប្រកាន់អនាមិកថាមានស្នេហាលួចលាក់ដែលបានចុះផ្សាយក្នុងគេហទំព័រព័ត៌មាន Fresh News ដែរនោះបានមានប្រសាសន៍ថា  លោកមិនខ្វល់នឹងការចោទប្រកាន់ទាំងនេះទេ។

លោកបានមានប្រសាសន៍ថា “ខ្ញុំមិនចាប់អារម្មណ៍រឿងហ្នឹងឡើយ។ វាជារឿងធម្មតានៅពេលការបោះឆ្នោតខិតជិតមកដល់តែងតែមានសកម្មភាពវាយប្រហារមកលើតំណាងរាស្ត្រគណបក្សរបស់យើងអញ្ចឹងហើយ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស