27.5 C
Phnom Penh

លោក ហ៊ុន សែន គំរាម​កំហែង​ទ្រព្យ​សម្បត្តិ​​របស់​បក្ស​​សង្គ្រោះ​ជាតិ និង​តំណែងលោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុងសុន្ទរកថានៅរដ្ឋសភាដែលកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតម្រង់គោលដៅទៅរកទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងតំណែងរបស់លោកជាប្រធានគណបក្ស ក្នុងនោះរួមមានទាំងការគំរាមបញ្ជាឱ្យតុលាការលក់ឡាយឡុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិផងដែរ ហើយការថ្លែងបែងនេះត្រូវបានលោក សម រង្ស៊ី លើកឡើងថា វាបង្ហាញពី “ការភ័យស្លន់ស្លោ” របស់នាយករដ្ឋមន្ត្រីក្នុងតំណែងនៅមុនការបោះឆ្នោតដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។

ដោយឈប់ប្រើគ្រប់លេសសម្រាប់រក្សាសេចក្ដីគួរសមផ្នែកនយោបាយ លោក ហ៊ុន សែន បានគំរាមដោយត្រង់ៗបញ្ជាឱ្យតុលាការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ហើយបានស្នើឱ្យធ្វើវិសោធនកម្មច្បាប់មួយដែលនឹងហាមឃាត់លោក សម រង្ស៊ី មិនឱ្យធ្វើជាប្រធានគណបក្សនយោបាយដោយសារតែលោកជាអ្នកទោស។ លោកក៏បានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលទប់ស្កាត់ការព្យាយាមរបស់លោក សម រង្ស៊ី ក្នុងការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិរបស់លោកផងដែរ ហើយថែមទាំងឌឺដងឱ្យប្រធានគណបក្សប្រឆាំងដែលនិរទេសខ្លួនរូបនេះត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីប្រឈមមុខនឹងការចាប់ខ្លួនទៀតផង  ថ្វីបើរដ្ឋាភិបាលបានដាក់បម្រាមជាផ្លូវការមិនឱ្យលោកវិលត្រឡប់មកវិញក្ដី។

លោក ហ៊ុន សែន បានមានប្រសាសន៍បែបបញ្ឈឺថា “ឥឡូវចូលម៉ោ ស្រូតម៉ោ តែកុំភ្លេចហ្អាស វ៉ៃខ្នោះគឺវ៉ៃទាល់តែបាន សុំបញ្ជាក់”។

លោកបានគូសបញ្ជាក់ថា ការរឹបអូសទ្រព្យសម្បត្តិនេះអាចនឹងចាប់ផ្ដើមភ្លាមក្រោយពីតុលាការចេញសាលក្រមស្ថាពរលើបណ្ដឹងបរិហារកេរ្ដិ៍ដែលលោកប្ដឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត១លានដុល្លារ ជាចំនួនស្មើគ្នាដែលប្រធានគណបក្សប្រឆាំងរូបនេះមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីបានផ្ដល់ឱ្យយុវតីសកម្មជននយោបាយម្នាក់ ដើម្បីឱ្យនាងវាយប្រហារគណបក្សសង្គ្រោះជាតិ។

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកញ្ចក់ទូរទស្សន៍អំឡុងថ្លែងសុន្ទរកថានៅរដ្ឋសភា កាលពីម្សិលមិញ ។ 

លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅទីក្រុងបា៉រីស ត្រូវបានតុលាការកោះហៅមកឆ្លើយបំភ្លឺក្នុងសំណុំរឿងនេះនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែកុម្ភៈ។

លោក ហ៊ុន សែន បានប្រាប់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលធ្លាប់ឈ្នះក្ដីបរិហារកេរ្តិ៍ធ្វើឱ្យលោក សម រង្ស៊ី មានទោសជាប់ពន្ធនាគារ២ឆ្នាំ ប្រាប់ឱ្យមេធាវីរបស់លោកដាក់សំណើសុំឱ្យតុលាការបង្កកទ្រព្យសម្បត្តិរបស់ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ។ លោកមានប្រសាសន៍ថា ពួកគេគួរតែធ្វើដូច្នេះ លុះត្រាតែមានសេចក្ដីសម្រេចបន្ថែមលើបណ្ដឹងបរិហារកេរ្តិ៍ដែលរូបលោក និងលោក ហេង សំរិន ប្រធានរដ្ឋសភាបានដាក់ប្ដឹង។

លោកថ្លែងថា “ឮថាស្នាក់ការគណបក្សដាក់ឈ្មោះ សម រង្ស៊ី អញ្ចឹងទេ លក់អាស្នាក់ការគណបក្សហ្នឹង លក់ឡាយឡុង។ ខ្ញុំសុំអំពាវនាវចំពោះរដ្ឋអំណាច កុំផ្ទេរកម្មសិទ្ធិលឿនពេក”។

លោកបានបន្តថា លោក សម រង្ស៊ី ក៏មានដីមួយចំនួនដែរនៅខេត្តព្រះសីហនុដែលអាចលក់បានដើម្បីបង់សំណងជំងឺចិត្តដល់ដើមចោទ ហើយលោកបានគូសបញ្ជាក់ថា ប្រាក់ដែលលោកទទួលបានពីសំណុំរឿងនេះ លោកនឹងយកទៅកសាងផ្ទះសម្រាប់ជនពិការ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមតំណាងរាស្ត្រគណបក្សប្រជាជនដែលមានអាសនៈភាគច្រើននៅរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីដាក់បញ្ចូលប្រការមួយដែលនឹងហាមឃាត់ទណ្ឌិតមិនឱ្យធ្វើជាប្រធានគណបក្សនយោបាយ។ ចំណាត់ការនេះនឹងរារាំងលោក សម រង្ស៊ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទាក់ទិនទោសបរិហារកេរ្តិ៍លើកមុន មិនឱ្យធ្វើជាប្រធានផ្លូវការនៃគណបក្សសង្គ្រោះជាតិ។

លោក ហ៊ុន សែន បានលើកឡើងដូច្នេះថា “ខ្ញុំមានសំណូមពរស្នើអាហ្នឹង ដើម្បីឱ្យវាអស់សិទ្ធិតែម្ដងទៅ។ អ្នកមានទោសគឺអត់មានសិទ្ធិធ្វើប្រធាន អនុប្រធានបក្សនយោបាយអញ្ចឹងតែម្ដងទៅ”។

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានក្លាយជាប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិចាប់តាំងពីលោក សម រង្ស៊ី បានសម្រេចមិនត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីប្រឈមមុខនឹងការចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ តាមសំណើរបស់លោក ហ៊ុន សែន លោក កឹម សុខា ត្រូវបានលើកលែងទោសកាលពីចុងឆ្នាំមុនពីការជាប់ពន្ធនាគាររយៈពេល៥ខែ ពីបទបដិសេធក្នុងការចូលខ្លួនទៅឆ្លើយបំភ្លឺក្នុងតុលាការក្នុងសំណុំរឿង “សញ្ចរកម្ម”។

សម័យប្រជុំសភាកាលពីថ្ងៃអង្គារធ្វើឡើងដើម្បីធ្វើវិសោធនកម្មប្រការ៤៨ នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ជាផ្នែកនៃកិច្ចព្រមព្រៀងឆ្នាំ២០១៤ រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាដែលបានបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោត ដើម្បីដកចេញនូវប្រការស្ដីពីការបង្កើត “ក្រុមមតិភាគតិច” និង “ប្រធានក្រុមមតិភាគតិច” ផ្លូវការដើម្បីចូលរួមជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រី។

វិធានការនោះត្រូវបានអនុម័តដោយតំណាងរាស្ត្រគណបក្សកាន់អំណាច៦៧រូបដែលមានវត្តមាន។ មានតែឧបនាយករដ្ឋមន្ត្រី សុខ អាន ម្នាក់ប៉ុណ្ណោះដែលអវត្តមាន ចំណែកឯតំណាងរាស្ត្រ៥៤រូបរបស់គណបក្សសង្គ្រោះជាតិបានធ្វើពហិការសម័យប្រជុំនេះទេ។

លោក សម រង្ស៊ី បានលើកឡើងតាមរយៈសារអេឡិចត្រូនិកពីទីក្រុងបា៉រីសថា គណបក្សប្រជាជនកម្ពុជាកំពុងបង្ហាញពីការអស់សង្ឃឹមរបស់ខ្លួននៅមុន “បរាជ័យយ៉ាងប្រាកដ” ក្នុងការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា  និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ។

លោកបានសរសេរថា “ការគំរាមកំហែងទាំងនេះបង្ហាញពីភាពស្លន់ស្លោរបស់លោក ហ៊ុន សែន។ ដោយសារតែយល់ច្បាស់ថា គាត់មិនអាចរារាំងឆន្ទៈប្រជារាស្ត្រខ្មែរដែលចង់ឱ្យមានការផ្លាស់ប្ដូរ គាត់បែរជាមករករឿងកាន់តែសាហាវឡើងមកលើរូបខ្ញុំ ពីព្រោះខ្ញុំជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងអំណាចផ្ដាច់ការ និងពុករលួយរបស់គាត់ និងក្រុមគ្រួសារគាត់។ តែការគំរាមកំហែងរបស់លោក ហ៊ុន សែន នេះមិនមានប្រសិទ្ធភាពទេ ហើយនឹងនាំមកនូវការបរាជ័យកាន់តែឆាប់ឡើងចំពោះគណបក្សកាន់អំណាចសព្វថ្ងៃ។ តាំងពីយូរឆ្នាំមកហើយ លោក ហ៊ុន សែន បានប្រើប្រាស់តុលាការក្រោមបញ្ជារបស់គាត់ឱ្យផាត់ខ្ញុំចេញពីឆាកនយោបាយនៅប្រទេសកម្ពុជា ហើយគាត់បានប៉ុនប៉ងកម្ចាត់បំបែកគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្ស សម រង្ស៊ី។ ដូច្នេះវាគ្មានអីប្លែកទេក្នុងការប៉ុងប៉ងដ៏ថោកទាបរបស់លោក ហ៊ុន សែន នេះ។ គាត់នឹងបរាជ័យយ៉ាងអាម៉ាស់ និងជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ ពីព្រោះគណបក្សសង្គ្រោះជាតិនៅតែរួបរួមគ្នា ហើយកាន់តែរឹងមាំឡើងរហូតដល់ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨”។

លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រឆាំងបានថ្លែងក្នុងសន្និសីទកាសែតនៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញថា ការបាត់បង់ទ្រព្យសម្បត្តិណាមួយនឹងធ្វើឱ្យគណបក្សសង្គ្រោះជាតិស្ថិតនៅលើផ្លូវឆ្ពោះរកភាពជោគជ័យទៅវិញទេ។

លោកលើកឡើងថា “វាមិនមែនជារឿងដែលគួរឱ្យព្រួយបារម្ភទេ។ គណបក្សសង្គ្រោះជាតិរងការលំបាកច្រើនណាស់ ហើយការគាំទ្ររបស់យើងមិនមែនមានតែស្នាក់ការនេះនៅទីនេះទេ គឺពលរដ្ឋគាំទ្រចំពោះការខិតខំជំរុញឱ្យមានការកែទម្រង់ ការកែលម្អការគ្រប់គ្រងប្រទេស និងការខិតខំធ្វើម៉េចឱ្យមានការការពារសិទ្ធិមនុស្ស និងយុត្តិធម៌”។

លោកបានគូសបញ្ជាក់ដូច្នេះថា ការបង្កើនការវាយប្រហារពីសំណាក់គណបក្សប្រជាជនកម្ពុជា គឺមានតែធ្វើឱ្យសាធារណជនកាន់តែមិនពេញចិត្តចំពោះគណបក្សកាន់អំណាចខ្លាំងឡើងៗប៉ុណ្ណោះ។

លោកបានលើកឡើងបន្ថែមទៀតថា “ខ្ញុំបារម្ភខ្លាចការធ្វើបែបនេះធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្ត ហើយគាំទ្រគណបក្សសង្គ្រោះជាតិកាន់តែច្រើន។ សូមឱ្យពិចារណាធម្មតា បើយើងប្រៀបធៀបទីរបស់យើងទៅនឹងទីរបស់គណបក្សប្រជាជន គឺខុសគ្នាដូចមេឃនិងដី។ ហើយមធ្យោបាយធ្វើការងារ គឺយើងដឹងហើយថា គណបក្សប្រជាជនមានទាំងអស់គឺ ទូរទស្សន៍ តាំងពីឡាន សម្ភារ តាំងពីមន្ត្រីតូចធំមានលុយច្រើនៗ ហើយយើងអត់មាន តែយើងមានពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ”៕ សុខុម (រាយការណ៍បន្ថែមដោយ Michael Dickison )

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស