31.4 C
Phnom Penh

នាយក​​​រដ្ឋ​​​មន្ត្រី​​​ប្តេជ្ញា​​​រារាំង​​​មិន​​​ឲ្យ​​រដ្ឋ​​​មន្ត្រី​​​បី​​​រូប​​​ទៅ​​​​​​បំភ្លឺ​​​ ដោយ​​​ផ្ទុយ​​​នឹង​​​រដ្ឋធម្មនុញ្ញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំងមានគម្រោងកោះហៅរដ្ឋមន្ត្រី ក្រសួងការ ពារជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រី ក្រសួងការងារមកឆ្លើយបំភ្លឺនៅរដ្ឋសភា លោក  ហ៊ុន សែន កាលពីម្សិលមិញបានប្តេជ្ញារារាំងមិនឲ្យរដ្ឋមន្ត្រីទាំងនេះមកឆ្លើយបំភ្លឺទេជាចំណាត់ការមួយដែលនឹងរំលោភរដ្ឋ ធម្មនុញ្ញ។

កាលពីម្សិលមិញ លោក សុន ឆ័យ តំណាង រាស្ត្រជាន់ខ្ពស់គណបក្សប្រឆាំងបានប្រកាសគម្រោងផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីទាំងបីរូបនេះ តាមរយៈលោក  ហេង សំរិន ប្រធានរដ្ឋសភានៅពីរសប្តាហ៍ក្រោយ។ ក្នុងចំណោមបញ្ហាដែលត្រូវលើកឡើង គឺនឹងសាកសួរលោក ទៀ បាញ់រដ្ឋមន្ត្រីការពារជាតិពាក់ព័ន្ធការដំឡើងឋានន្តរសក្ដិឲ្យអង្គរក្សបីនាក់របស់លោក ហ៊ុន សែន ក្រោយពេលពួកគេត្រូវានដោះលែងពីពន្ធនាគារកាលពីឆ្នាំមុនបន្ទាប់ពីវាយដំយ៉ាងព្រៃផ្សៃលើតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រូប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះវត្តមានពេលអញ្ជើញទៅដល់រដ្ឋសភាមុនពេលចូលរួមសម័យប្រជុំកាលពីថ្ងៃអង្គារ ក្នុងរាធានីភ្នំពេញ។ រ៉យទ័រ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះវត្តមានពេលអញ្ជើញទៅដល់រដ្ឋសភាមុនពេលចូលរួមសម័យប្រជុំកាលពីថ្ងៃអង្គារ ក្នុងរាធានីភ្នំពេញ។ រ៉យទ័រ

ទោះជាយ៉ាងណា នៅក្នុងអត្ថបទមួយចេញផ្សាយដោយគេហទំព័រព័ត៌មាន Fresh News ជាគេហទំព័រដែលចុះផ្សាយព័ត៌មានទាក់ទិនរដ្ឋាភិបាលនោះលោក ហ៊ុន សែន ត្រូវ បានដកស្រង់សម្តីថា លោកនឹងរារាំងរាល់ការព្យាយាមកោះហៅរដ្ឋមន្ត្រីទាំងនេះមកឆ្លើយបំភ្លឺ ដោយលើកឡើងពីការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិមិនចូលរួមការបោះឆ្នោតមួយស្តីអំពីថាតើត្រូវ ឬមិនត្រូវធ្វើវិសោធនកម្មប្រការមួយនៅក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដើម្បីដកឋានៈ “ក្រុមសំឡេភាគតិច” ផ្លូវការរបស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។

លោក ហ៊ុន សែន ត្រូវបានដកស្រង់សម្តី មកថា “ខ្ញុំមិនអនុញ្ញាតឲ្យទៅបំភ្លឺនៅសភាទេអ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់ផង ឲ្យគេចូលបំភ្លឺយ៉ាងម៉េច មិនឲ្យទៅទេ អ្នកឯងត្រូវគោរពច្បាប់សិន”។

គណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតសម្រេចជាឯកច្ឆន្ទកាលពីថ្ងៃអង្គារដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីបញ្ចប់ការកំណត់ឲ្យមានគណបក្សសំឡេងភាគច្រើន និងគណបក្សសំឡេងភាគតិច ជាការកំណត់ដែល បង្កើតឡើងដើម្បីបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិមានឱកាសសំដែងមតិយោបល់តាមរយៈ “វប្បធម៌សន្ទនា”។

នៅក្នុងសម័យប្រជុំដដែលនោះ លោក ហ៊ុន សែន បានបន្តប្រើពាក្យធ្ងន់ៗលើគណបក្សប្រឆាំងដោយគំរាមរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង តាមរយៈតុលាការ ក្នុងនោះរួមមានទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ និងស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ដែលនឹងរារាំងមេដឹកនាំគណបក្សប្រឆាំងជាយូរមកហើយរូបនេះមិនឲ្យធ្វើជាថ្នាក់ដឹកនាំគណបក្សនយោបាយ ព្រោះលោកគឺជាអ្នកទោស។

ពេលទាក់ទងកាលពីម្សិលមិញ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនបានឆ្លើយតបចំៗ ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីនោះឡើយ ប៉ុន្តែ ថា គណបក្សរបស់លោកមានបំណងធ្វើតាមការគ្រោងទុកក្នុងការកោះហៅរដ្ឋមន្ត្រីទាំងនេះមកឆ្លើយបំភ្លឺ។

លោកបានមានប្រសាសន៍ថា “យើងមិនទាន់មានអ្វីជាផ្លូវការ ខាងយើងក៏យើងមិនទាន់ដាក់សំណើជាផ្លូវការ ហើយអ្វីដែលនាយករដ្ឋមន្ត្រីបាននិយាយ អាហ្នឹងក៏មិនផ្លូវការដែរលោកមិននិយាយតាមលិខិតឯណា”។ លោកបានបន្ថែមទៀតថា “យើងមានផែនការរបស់យើងពីរឿងអញ្ជើញរដ្ឋមន្ត្រីយ៉ាងតិច៣រូប ដើម្បីឲ្យគាត់មកបំភ្លឺនៅរដ្ឋសភា ស្របតាមរដ្ឋធម្មនុញ្ញ នៅក្នុងវិស័យរបស់ពួកគាត់”។

លោក មាស នី អ្នកវិភាគនយោបាយបានលើកឡើងថា លោកជឿជាក់ថា នេះគ្រាន់តែជាឧទាហរណ៍មួយផ្សេងទៀតនៃការលើកឡើងរបស់លោក ហ៊ុន សែន នៅមុនការបោះឆ្នោតឃុំសង្កាត់់ដែលនឹងធ្វើឡើងនៅខែមិថុនា ប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “យើងដឹងហើយថា រដូវនេះជារដូវឆ្កែព្រុស បានន័យថា ពលរដ្ឋតែងតែចាត់ទុកពេលជិតបោះឆ្នោត ជារដូវឆ្កែព្រុស ព្រោះគាត់សំដៅទៅលើអ្នកនយោបាយហ្នឹងេញញធ្មេញដាក់គ្នា “។

ទោះជាយ៉ាងណា លោក មាស នី បានគូសបញ្ជាក់ថា ការរារាំងមិនឲ្យរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភាគឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញច្បាស់ក្រឡែត។ មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញចែងថា “គណៈកម្មការទាំងឡាយរបស់រដ្ឋសភាអាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន”។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើជាប្រធានគណៈកម្មការបែបនេះចំនួន៥។

លោក មាស នី បានថ្លែងថា “ការមិនឲ្យរដ្ឋមន្ត្រីទៅបំភ្លឺវាខុសធ្ងន់ធ្ងរនឹងរដ្ឋធម្មនុញ្ញព្រោះរដ្ឋសភាជាស្ថាប័នឯករាជ្យដែលអាចហៅរាល់មន្ត្រីជាន់ខ្ពស់នៅក្នុងស្ថាប័ននីតិប្រតិបត្តិទៅឆ្លើយបំភ្លឺការអនុវត្តការងាររបស់ខ្លួន”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស