29 C
Phnom Penh

ច្បាប់​ដែលនាយក​​​រដ្ឋ​​​មន្ត្រី​​​​ស្នើ​​​ឡើង​​​​​ អាចនាំ​ឲ្យ​​​​មាន​​​ការ​​​រម្លាយ​​​ចោល​​​គណ​បក្ស​សង្គ្រោះ​​​​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាកែប្រែទាំងស្រុងចំពោះច្បាប់គ្រប់គ្រងគណ បក្សនយោបាយនៅកម្ពុជានៅក្នុងចំណាត់ការមួយដែលអាចរម្លាយគណបក្សសង្គ្រោះជាតិ និងដកលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ឬអ្នកនយោបាយណាមួយដែលត្រូវបានផ្តន្ទាទោសដោយតុលាការ ពីតំណែងជាប្រធានបក្ស។

លោក ហ៊ុន សែន បានលើកឡើងថា ច្បាប់ថ្មីនេះ នឹងរារាំងអ្នកមានទោសមិនឲ្យកាន់តំណែងជាថ្នាក់ដឹកនាំបក្ស កំណត់ឥទ្ធិពលនៃហិរញ្ញវត្ថុបរទេស និងរម្លាយគណ បក្សដែលសមាជិករបស់ខ្លួនធ្វើខុសច្បាប់។

លោក ហ៊ុន សែន បានថ្លែងទៅកាន់និស្សិតជាង៥.០០០នាក់នៅក្នុងពិធីប្រគល់សញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា ”ច្បាប់យើងវានៅធូររលុងណាស់” ដោយលោកលើកឡើងថា តំណាងរាស្ត្រ និងមេធាវីរបស់គណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមធ្វើសេចក្តីព្រាងកែប្រែច្បាប់នេះហើយកាលពីថ្ងៃពុធ ហើយនឹងដាក់ឲ្យសភាអនុម័តឆាប់ៗ។

ដោយសំដៅដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលបាននិរទេសខ្លួន និងដែលប្រឈមការចោទប្រកាន់ពីបទព្រហ្មទណ្ឌមួយចំនួនដែលលោកលើកឡើងថា មានពាក់ព័ន្ធរឿងនយោបាយ ក្នុងនោះមានដូចជាបណ្តឹងបរិហារកេរ្តិ៍ទាមទារសំណងជំងឺចិត្ត១លានដុល្លារដែលដាក់ប្តឹងដោយលោកនាយករដ្ឋមន្ត្រី ជាដើម នោះ លោកហ៊ុន សែន បានមានប្រសាសន៍ថា “វាគួរឲ្យអស់សំណើចដែលអនុញ្ញាតឲ្យអ្នកមានទោសនៅតែអាចធ្វើជាប្រធានបក្ស”។

លោកនាយករដ្ឋមន្ត្រីបានប្រសាសន៍ទៅកាន់អ្នកចូលរួមយ៉ាងច្រើនថា រដ្ឋធម្មនុញ្ញដែលគាំទ្រដោយយោធាថៃផ្តល់គំរូល្អសម្រាប់កម្ពុជា។

លោកបានមានប្រសាសន៍ថា “ខ្ញុំថា យកតាមថៃហ្មង អាណាធ្វើខុសធ្ងន់រម្លាយបក្សចោលតែម្តង”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំឡុងពិធីប្រគល់សញ្ញាបត្រដែលធ្វើឡើងនៅកោះពេជ្រកាលពីម្សិលមិញ ក្នុងរូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក។ ហ្វេសប៊ុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំឡុងពិធីប្រគល់សញ្ញាបត្រដែលធ្វើឡើងនៅកោះពេជ្រកាលពីម្សិលមិញ ក្នុងរូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក។ ហ្វេសប៊ុក

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះយោធាថៃម្តងកាន់អំណាយដោយខ្លួនឯង ម្តងឲ្យរដ្ឋាភិបាលស៊ីវិលគ្រប់គ្រងប្រទេស ហើយរដ្ឋាភិបាលយោធាក្នុងពេលបច្ចុប្បន្នបានពន្យារពេលបោះឆ្នោតដែលខ្លួនបានសន្យាម្តងហើយម្តងទៀត។ លោក ថាក់សីុន ស៊ីណា វ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ព្រមទាំងអ្នកទទួលតំណែងបន្ទាប់ពីលោក គឺលោក សាម៉ាក់ ស៊ុនដារ៉ាវេជ សុទ្ធតែត្រូវបានបណ្តេញ ចេញពីតំណែង ហើយគណបក្សនយោបាយរបស់ពួកគាត់សុទ្ធតែត្រូវបានរម្លាយចោល បន្ទាប់ពីមានជម្លោះជាមួយយោធានិងអ្នកគាំទ្រខាងយោធា។

លោក ហ៊ុន សែន មានប្រសាសន៍ដោយសំដៅដល់ការសំដែងមួយដែលតុលាការថៃចាត់ទុកថា ជាជម្លោះផលប្រយោជន៍ នោះថា “បង្កើតបក្សកម្លាំងប្រជាជនរម្លាយទៀតគ្រាន់តែ សាម៉ាក់ ស៊ុនដារា៉វេជ គាត់ទៅធ្វើមេចុងភៅតាមទូរទស្សន៍ បាត់តំណែងនាយករដ្ឋមន្ត្រី ហើយគេរម្លាយបក្សទៀត”។

លោក ហ៊ុន សែន បានមានប្រសាសន៍ទាក់ទិននឹងការយកគំរូតាមប្រទេសថៃថា “យើងលេងអាធុននឹងដែរមើល។ រម្លាយចោលបក្សហើយ ហាមឃាត់សិទ្ធិធ្វើនយោបាយរបស់មេដឹកនាំ កុំហាមពីរបីនាក់ហាមហែ្អងម៉ាគណៈនាយកហ្មង”។

លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំមិននិយាយលេងសើចទេ យើងប្រាកដជាធ្វើ”។

លោក សម រង្ស៊ី បាននិរទេសខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០១៥ដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទបរិហារកេរ្តិ៍លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ អនុប្រធានរបស់លោក គឺលោក កឹម សុខា ត្រូវបានលើកលែងទោសកាលពីចុងឆ្នាំមុនពាក់ព័ន្ធការផ្តន្ទាទោសទាក់ទិននឹងសំណុំរឿង”សញ្ចរកម្ម”ដែលមជ្ឈដ្ឋានទូទៅក៏មើលឃើញថា ជាការវាយប្រហារផ្នែកនយោបាយពីសំណាក់តុលាការដែរនោះ។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា ច្បាប់ដែលបានស្នើឡើងនេះស្មើនឹងបញ្ហាប្រឈម មិនមែនគ្រាន់តែចំពោះគណបក្សរបស់លោកស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

លោកស្រីបានមានប្រសាសន៍ថា “ពលរដ្ឋគ្រប់រូបអាចជាគោលដៅ។ តើនរណានឹងជាអ្នកចាញ់? គឺប្រជាពលរដ្ឋទាំងមូល”។

លោកស្រី មូរ សុខហួរ មិនបានផ្តល់ព័ត៌មានជាក់លាក់ថា តើគណបក្សរបស់លោកស្រីនឹងតតាំងចំពោះសំណើនេះដោយរបៀបណានោះឡើយ ដោយលើកឡើងថា គណបក្សរបស់លោកស្រី នៅតែបន្តផ្តោតលើការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ២០១៨នាពេលខាងមុខ។

វាមិនមែនជាលើកទី១ទេនៅក្នុងរយៈពេល២ខែកន្លងមកនេះដែលលោកនាយករដ្ឋមន្ត្រីទំនងជាធ្វើតាមប្រទេសជិតខាង។

រដ្ឋាភិបាលបានខ្នះខ្នែងតាមរកជនសង្ស័យដែលត្រូវបានចោទប្រកាន់ពីបទកាត់តរូបភាពដោយយកព្រះភ័ក្ត្ររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដាក់លើដងខ្លួនមនុស្សភេទទី៣ក្នុងទិដ្ឋភាពអាសអាភាសនៅក្នុងចំណាត់ការមួយដែលធ្វើឲ្យគេនឹកឃើញដល់ច្បាប់ដ៏តឹងរឹងរបស់ប្រទេសថៃប្រឆាំងការប្រមាថព្រះមហាក្សត្រ។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) ប្រចាំតំបន់អាស៊ីបានរិះគន់សំណើរបស់លោក ហ៊ុន សែន ថា ជាភ័ស្តុ តាងថ្មីបំផុតបញ្ជាក់ពីគំនិតផ្តាច់ការ ដែល”រីករាលដាលដូចជំងឺផ្តាសាយក្នុងចំណោមមេដឹកនាំអាសា៊ន”។­

លោកបានសរសេរក្នុងអីុម៉េលមួយកាលពីម្សិលមិញថា “គោលការណ៍ ‘ផ្លែប៉ោមស្អុយ ‘ ដែលឲ្យគណបក្សនយោបាយទទួលខុសត្រូវចំពោះទង្វើរបស់សមាជិកក្រុមប្រឹក្សាណាមួយរបស់ខ្លួននោះ ទីបំផុតគេលែងយកមកប្រើហើយនៅក្នុងប្រទេសថៃ ដោយសារវាអយុត្តិធម៌ និងអនុវត្តទៅគ្មានប្រសិទ្ធភាពប៉ុន្តែ ខ្ញុំគិតថា មេដឹកនាំផ្តាច់ការដូច ហ៊ុនសែន នឹងមិនខ្វល់នោះឡើយ”។

លោក អ៊ា សុផល អ្នកវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា ខណៈលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកច្រានចោលការប្រៀនប្រដៅរបស់សហរដ្ឋអាមេរិកនាពេលកន្លងមកអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះ លោក ហ៊ុន សែន នឹងទទួលបានផលប្រយោជន៍ពេញលេញពីស្ថានភាពនោះ។

លោកបានសរសេរក្នុងអីុម៉េលមួយថា “ពិតជាកំពុងមានការរៀនសូត្របន្ត។ ពេលគំនិតល្អៗរីកសាយភាយ គំនិតអាក្រក់ៗក៏រីករាយភាយដំណាលគ្នាដែរ”៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស