ដោយរំលោភរដ្ឋធម្មនុញ្ញខណៈដែលអនុវត្តតាមការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីម្សិលមិញបានចេញបទបញ្ជាដោយលើកឡើងថា រដ្ឋមន្ត្រីទាំងអស់នឹងមិនមកឆ្លើយបំភ្លឺនៅចំពោះមុខតំណាងរាស្ត្រទេ លុះណាតែគណបក្សសង្គ្រោះជាតិឈប់ធ្វើពហិការសម័យប្រជុំសភាជាមុនសិន។
បើទោះជាតំណាងរាស្ត្រគណបក្សកាន់អំណាចបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុង ដែលអាចនាំឲ្យសហសេវិករបស់ខ្លួនត្រូវបានពិន័យចំពោះការមិនមកប្រជុំក៏ដោយ ក៏ពួកគេមិនត្រូវបានតម្រូវឱ្យចូលប្រជុំតាមច្បាប់ដែរ។ រដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រកោះហៅរដ្ឋមន្ត្រីឱ្យមក “ឆ្លើយបំភ្លឺអំពីបញ្ហាមួយចំនួនទាក់ទិនការទទួលខុសត្រូវរបស់ពួកគេបាន”។
លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃពុធថា លោកនឹងមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីរបស់លោកគោរពតាមការកោះហៅរបស់គណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រឆាំងឡើយ ជាការឆ្លើយតបទៅនឹងគណបក្សសង្គ្រោះជាតិដែលធ្វើពហិការមិនចូលប្រជុំសភា ដែលបានដកគណបក្សនេះចេញពីឋានៈ “ក្រុមសំឡេងភាគតិច” ផ្លូវការ។
សេចក្ដីប្រកាសរបស់រដ្ឋសភាធ្វើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។ សេចក្ដីប្រកាសនេះបញ្ជាក់ថា “ដើម្បីធានាឱ្យមានសមធម៌នយោបាយរវាងគណបក្សនយោបាយ ទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងករណីដែលអ្នកតំណាងរាស្ត្រគណបក្សក្រៅរដ្ឋា ភិបាលពុំអនុវត្តការងាររបស់ខ្លួននៅក្នុងរដ្ឋសភាជាប្រក្រតីទេនោះរដ្ឋសភាសម្រេចផ្អាកមិនបញ្ជូនសំណើកោះអញ្ជើញរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាឱ្យមកបំភ្លឺចំពោះគណៈកម្មការនានានៃរដ្ឋសភាឡើយ”។
សេចក្ដីប្រកាសដដែលនេះបានលើកឡើងពីមាត្រា៣១នៃរដ្ឋធម្មនុញ្ញដែលរួមមានកថាខណ្ឌ ចែងថាប្រជាពលរដ្ឋមានភាពស្មើគ្នាចំពោះមុខច្បាប់។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានពន្យល់ថា គណបក្សសង្គ្រោះជាតិកំពុងតែរំលោភសិទ្ធិរបស់ខ្លួនក្នុងការកោះហៅរដ្ឋមន្ត្រីមកបំភ្លឺ។
លោកបានមានប្រសាសន៍ថា “វាមិនមែនជាការរំលោភរដ្ឋធម្មនុញ្ញទេ ព្រោះយើងបានផ្អាកជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ខ្ញុំចង់មានន័យថា វាមិនមានតុល្យភាព ព្រោះគណបក្សប្រឆាំងមិនមកធ្វើការនៅរដ្ឋសភា ហើយពួកគេចេះតែវាយប្រហារឥតឈប់ឈរមកលើរដ្ឋាភិបាល ដូច្នេះហើយរដ្ឋាភិបាលគ្មានរឿងអីត្រូវឆ្លើយតបទេ”។
លោកបានបន្ថែមថា “សរុបមក ខ្ញុំចង់និយាយថា គណបក្សសង្គ្រោះជាតិបានរំលោភច្បាប់។ តួយ៉ាងដូចជា បើគេចង់មក គេមក។ បើគេមិនចង់មក គេមិនមក”។
នៅពេលសួរថាតើច្បាប់ណាដែលតម្រូវឱ្យតំណាងរាស្ត្រចូលប្រជុំសភា ឬធ្វើការនៅរដ្ឋសភានោះ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋបោះឆ្នោតឱ្យពួកគេមកធ្វើការនៅរដ្ឋសភា មិនមែនឱ្យនៅខាងក្រៅទេ”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីថ្ងៃពុធថា គណបក្សមានគម្រោងធ្វើតាមផែនការក្នុងការកោះហៅរដ្ឋមន្ត្រីបីរូបមកឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការរដ្ឋសភាដែលពួកគេគ្រប់គ្រង។
ក្នុងចំណោមរដ្ឋមន្ត្រីទាំងបីរូបនោះគឺលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលពួកគេចង់ចោទសួរអំពីការដំឡើងឋានន្តរស័ក្ដិ ជាពិសេសដល់អង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បីនាក់ដែលបានអនុវត្តទោសជាប់ពន្ធនាគារពីបទវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបយ៉ាងឃោរឃៅ។
បន្ទាប់ពីថ្លែងនៅសាកលវិទ្យាល័យការពារជាតិកាលពីម្សិលមិញ នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា លោកនឹងមិនឆ្លើយសំណួររបស់តំណាងរាស្ត្រទាំងនោះឡើយ។
លោកបាននិយាយដល់ការចោទសួរនោះថា “ខ្ញុំនិយាយថា ទេ។ យើងសុទ្ធតែអ្នកធ្វើការ ត្រូវគោរពច្បាប់ផង។ គេមិនគោរពច្បាប់ យើងទៅគោរពច្បាប់តែម្ខាងយើង ដូចជាមិនកើតទេ”។
ទាក់ទិននឹងអង្គរក្សទាំងនោះ នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា បទល្មើសរបស់ពួកគេមិនមែនជារឿងរបស់លោកទេ ប៉ុន្តែលោកក៏បានអះអាងដែរថា តំណាងរាស្ត្រទាំងនោះ នាំទុក្ខដល់ខ្លួនឯង។
លោកលើកឡើងជាថ្មីអំពីការអះអាងរបស់រដ្ឋាភិបាលដែលថា ពួកគាត់បាននិយាយអាក្រក់ដាក់ទាហានទាំងនោះមុនពេលមុនពេលពួកគាត់ត្រូវវាយដំនោះ លោកបាននិយាយពីលោក ញ៉យ ចំរើន និងលោក គង់ សភា ថា “តំណាងរាស្ត្រទាំងនោះនិយាយពាក្យមិនល្អ ដូច្នេះហើយធ្វើឱ្យមនុស្សមួយចំនួនវាយពួកគាត់ទៅ។
លោកបាននិយាយដល់អង្គរក្សទាំងនោះ ដែលម្នាក់ៗទទួលបានការដំឡើងឋានន្តរស័ក្ដិភ្លាមៗ បន្ទាប់ពីត្រូវបានដោះលែងកាលពីខែវិច្ឆិកាថា “ខ្ញុំមិនបានដឹងថា ពួកគេជាប់ពន្ធនាគារ ទេ។ ប៉ុន្តែខ្ញុំគ្រាន់តែឃើញថា ពួកគេមានសេរី ភាពវិញហើយ ពួកគេមិនស្ថិតក្នុងពន្ធនាគារនោះ ដូច្នេះបញ្ហាពន្ធនាគារគឺជាឆន្ទានុសិទ្ធិរបស់តុលាការ វាមិនមែនជាបញ្ហារបស់ខ្ញុំទេ ហើយខ្ញុំមិនចាំបាច់ដឹងឡើយ”៕ សារុន