38 C
Phnom Penh

បុរស​​​ដែល​សង្គ្រោះ​កុមារ​​ ​​​​​​​​​​​​ក្លាយ​​ជា​អ្នក​ប្រមាញ់​ជន​រួម​ភេទជាមួយ​កុមារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះបីជាលោក អាដាម វីតធីងតុន (Adam Whittington) ទទួលស្គាល់ដោយផ្ទាល់ក្ដី ក៏វាជាការផ្លាស់ប្ដូរមិនធម្មតាឡើយនូវជោគវាសនាសម្រាប់លោក។

កាលពី៨ខែមុន “ភ្នាក់ងារស្វែងរកកុមារ” រូបនេះបានជាប់ពន្ធនាគារនៅក្នុងប្រទេសលីបង់ ដោយប្រឈមនឹងបទចោទចាប់ពង្រត់ បន្ទាប់ពីលោកព្យាយាមចាប់កុមារពីរនាក់នៅតាមផ្លូវក្នុងទីក្រុងបេរូត ហើយប្រគល់ឱ្យទៅម្ដាយរបស់ពួកគេវិញ ប៉ុន្តែមិនបានសម្រេច។

បច្ចុប្បន្នអតីតទាហានអូស្ត្រាលី រូបនេះមានសេរីភាពវិញហើយ ហើយបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីម្សិលមិញ។ លោកបានអង្គុយក្នុងបារ និងភោជនីយដ្ឋានមួយកន្លែងនៅរាជធានីភ្នំពេញ ជជែកអំពីការប្រថុយប្រថានចុងក្រោយរបស់លោកដែលលោកនឹងប្តូរការផ្ដោតយកចិត្តទុកដាក់លើការជួយសង្គ្រោះកុមារដែលត្រូវគេចាប់ពង្រត់ ហើយងាកមកតាមប្រមាញ់ជនរួមភេទជាមួយកុមារតាមរយៈការបង្កើតអង្គការមួយឱ្យឈ្មោះថា គម្រោងសង្គ្រោះកុមារ (Project Rescue Children) ឬហៅកាត់ថា PRC។

លោក វីតធីងតុន មានប្រសាសន៍ថា “PRC មិនមែនជាក្រុមទុច្ចរិតទេ ហើយយើងប្ដេជ្ញាមិនត្រឹមតែជួយស្វែងរកកុមារទេ គឺថែមទាំងធានាថា ជនល្មើសត្រូវបាននាំខ្លួនមកផ្ដន្ទាទោស”។

cam-photo-ngo-intern-800x533ជាបុគ្គលចម្រូងចម្រាស លោក វីតធីងតុន ត្រូវបានសារព័ត៌មានអន្តរជាតិចុះផ្សាយព្រោងព្រាតកាលពីខែមេសាឆ្នាំមុន នៅពេលលោកត្រូវបានចាប់ខ្លួនរួមជាមួយស្ត្រីម្នាក់ឈ្មោះ សែ៊លី ហ្វូលន័រ (Sally Faulkner) ដែលបានបង់ប្រាក់ឱ្យអង្គការស្វែងរកការចាប់ពង្រត់កុមារអន្តរជាតិ (Child Abduction Recovery International) ឬហៅកាត់ថា CARI របស់លោកឱ្យជួយស្វែងរកកូនពីរនាក់របស់គាត់ និងក្រុមការងារទូរទស្សន៍មកពីបណ្ដាញស្ថានីយទូរទស្សន៍ Nine Network របស់អូស្ត្រាលី ដែលបានថតភាពយន្តឯកសារស្ដីពីករណីនេះ។

អ្នកស្រី ហ្វូលន័រ អះអាងថា កូនៗរបស់អ្នកស្រីត្រូវបានឪពុករបស់ពួកគេចាប់ពង្រត់ទៅកាន់ទីក្រុងបេរូត ដោយគ្មានការយល់ព្រមពីអ្នកស្រី។ បន្ទាប់ពីចាប់ក្មេងទាំងពីរនៅតាមផ្លូវរួច ក្មេងទាំងនោះត្រូវបាននាំទៅកាន់កន្លែងលាក់ខ្លួនមួយជាមួយម្ដាយរបស់ពួកគេ ខណៈលោក វីតធីងតុន ជាអ្នករៀបចំឱ្យគេនាំម្ដាយកូនទាំងបីតាមទូកចេញពីប្រទេសនេះ។ ទោះជាយ៉ាងណា នគរបាលលីបង់ ទទួលបានព័ត៌មានឱ្យការណ៍អំពីប្រតិបត្តិការណ៍នេះ  ហើយពួកគេទាំងអស់ក៏ត្រូវបានចាប់ខ្លួន។

ក្រុមការងារទូរទស្សន៍ដែលបានថតភាពយន្តឯកសារសម្រាប់កម្មវិធីដ៏ពេញនិយមមួយមានឈ្មោះថា “៦០នាទី” (60 Minutes) ត្រូវបានដោះលែងជាមួយអ្នកស្រី ហ្វូលន័រ បន្ទាប់ពីបណ្ដាញទូរទស្សន៍នេះបានបង់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទៅប្ដីដែលលែងរួមរស់ជាមួយគ្នារបស់អ្នកស្រីដើម្បីឱ្យគាត់ដកការចោទប្រកាន់។

ចំណែកឯលោក វីតធីងតុន បានជាប់ពន្ធនាគាររយៈពេលជាង៣ខែ។ លោកបានមានប្រសាសន៍ថា “ខ្ញុំជាប់ពន្ធនាគារអស់១០៤ថ្ងៃ វាពិតជាអាក្រក់ណាស់។ ករណីទាំងមូលនោះគឺនិយាយតែពីរឿងលុយ ជាពិសេសនៅពេលទូរទស្សន៍ Channel Nine ចូលមកពាក់ព័ន្ធ។ នៅពេលពួកគេដកសៀវភៅសែកចេញមក ពួកគេបានបង់ប្រាក់កន្លះលានដុល្លារឱ្យទៅបុរសជាឪពុក ហើយពួកគេក៏បានចេញពីពន្ធនាគាររយៈពេល ១៤ថ្ងៃក្រោយមក”។

លោក វីតធីងតុន ជឿថា អ្នកស៊ើបអង្កេតម្នាក់បានឲ្យដំណឹងទៅនគរបាលលីបង់ អំពីអន្ទាក់នេះ។ លោកក៏បានចោទប្រកាន់បណ្ដាញទូរទស្សន៍នេះដែរថាបាននិយាយកុហកតាមរយៈការអះអាងថា ពួកគេមិនបានបង់លុយឱ្យទៅបុរសជាឪពុកដើម្បីដកខ្លួនកុំឱ្យពាក់ព័ន្ធករណីនេះ។

នៅទីបំផុត លោក វីតធីងតុន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែកក្កដា ហើយលោកក៏បានភៀសខ្លួនចេញពីប្រទេសនេះភ្លាមៗ។

អង្គការ PRC ដែលនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនសរសេរថា “យើងប្រមាញ់ជនដែលប្រមាញ់កុមារ” បានបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ ទោះបីជាខ្លួនបានធ្វើការឃ្លាំមើលលើជនសង្ស័យរួមភេទជាមួយកុមារ  និងកុមារដែលប្រឈមគ្រោះថ្នាក់រួចមកហើយក្ដី។

លោកមានប្រសាសន៍ថា “យើងចង់ឱ្យជនរួមភេទជាមួយកុមារមកពីលោកខាងលិចទទួលបានសារនេះថា វាមិនអាចទទួលយកបានទេនៅក្នុងការចូលរួមក្នុង ’ទេសចរណ៍សិច’ ទាំងនេះ”។

PRC ដែលទទួលបានជំនួយមូលនិធិពីភាគីឯកជន ប៉ុន្តែសង្ឃឹមថានឹងទទួលបានជំនួយមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី គឺជាអង្គការមិនមែនរដ្ឋាភិបាលគាំទ្រដោយបរទេសចុងក្រោយដែលសហការជាមួយសមត្ថកិច្ចដើម្បីស៊ើបអង្កេតការរំលោភបំពានផ្លូវភេទកុមារនៅប្រទេសកម្ពុជា។

លោក វីតធីងតុន បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា  អង្គការរបស់លោកបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាំងពីដើមខែមករាមកម្លេ៉ះ។ នៅក្នុងសារមួយបង្ហោះតាមហ្វេសប៊ុកនៅសប្ដាហ៍នេះ លោកសរសេរថា “ពេលនេះ PRC គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលបានបង្កើតឡើងជាផ្លូវការនៅកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា មន្ត្រីនគរបាល និងមន្ត្រីយោធា”។

លោកលើកឡើងថា អង្គការដែលបច្ចុប្បន្នមានបុគ្គលិកប្រាំមួយនាក់នៅក្នុងក្រុមកម្ពុជារបស់ខ្លួននេះ នឹងធ្វើការងារ “ស្រដៀងគ្នា” នឹងអង្គការសកម្មភាពដើម្បីកុមារ (APLE) ប្រឆាំងជនរួមភេទជាមួយកុមារដូច្នោះដែរ ដោយធ្វើប្រតិបត្តិការឃ្លាំមើលក្រោយទទួលបានព័ត៌មានឱ្យការណ៍។

លោកមានប្រសាសន៍ថា “យើងចង់ឱ្យវាបើកចំហជាសាធារណៈ មានការចូលរួមគ្រប់កន្លែង មានមនុស្សសម្រាប់ទទួលការហៅទូរស័ព្ទចូល។ ពួកគេបានចុះទៅបណ្តាខេត្តភាគច្រើនដើម្បីចែកកាត និងអ្វីដូចនេះដល់មេភូមិដើម្បីឲ្យពួកគាត់ដឹង ពីព្រោះវាកើតឡើងច្រើននៅតាមខេត្ត”។

លោក វីតធីងតុន បានបង្ហាញរូបថតកុមារម្នាក់នៅក្នុងទូរស័ព្ទរបស់លោកដែលក្រុមរបស់លោកសង្ស័យថា នាងត្រូវបានគេរំលោភបំពាន។

លោកបានលើកឡើងសំដៅដល់អង្គភាពគាំពារកុមារ (Child Protection Unit) ហៅកាត់ CPU ជាស្ថាប័នធ្វើគោលនយោបាយមួយដែលស៊ើបអង្កេតករណីរំលោភបំពានកុមារថា “ឧទាហរណ៍ ក្មេងស្រីនេះ នាងមានអាយុ១១ឆ្នាំ។ នេះជាការងារមួយដែលបានបញ្ជូនបន្តទៅឱ្យ CPU វាជាករណីដ៏ល្អ។ យើងខំប្រឹងប្រែងអស់ពីលទ្ធភាព ហើយគ្រាន់តែបញ្ជូនវាបន្តប៉ុណ្ណោះ”។

លោក ជេមស៍ ម៉ាកខេប (James McCabe) នាយករបស់ CPU មានប្រសាសន៍ថា លោកមិនដឹងពីអង្គការ PRC ឬពីវិធីដែលពួកគេធ្វើប្រតិបត្តិការនោះទេ ប៉ុន្តែលើកឡើងថា បណ្តាអង្គការមិនមែនរដ្ឋាភិបាលគាំពារកុមារដែលគាំទ្រដោយបរទេស គួរតែជួយពង្រឹងសមត្ថភាពរបស់នគរបាល។ លោកគូសបញ្ជាក់ថា “វាសំខាន់ណាស់ដែលនគរបាលជាតិកម្ពុជា ធ្វើអ្វីដែលនគរបាលគួរធ្វើ ជាក់ស្ដែងដូចនៅក្នុងករណីរបស់យើងជាដើម”។

លោក វីតធីងតុន បានមានប្រសាសន៍ថា គោលបំណងដ៏សំខាន់របស់អង្គការលោក គឺបញ្ជូនព័ត៌មានបន្តឱ្យទៅសមត្ថកិច្ច។ លោកថ្លែងថា ”យើងជាអ្នកចុះផ្ទាល់ធ្វើការងារដ៏ពិបាក ហើយធានាថាវាត្រូវបានតាមដាន និងសង្ឃឹមថាឃើញពួកគេទទួលការកាត់ទោស”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស