32.9 C
Phnom Penh

គណបក្ស​​​ LDP ប្រមូល​​​ផ្តុំ​​​គ្នា​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​សមាជិក​​​១៣​​​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អ្នកគាំទ្ររាប់រយនាក់របស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ (LDP) កាលពីម្សិលមិញបានជួបជុំគ្នានៅខាងក្រៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីទាមទារឲ្យដោះលែងសមាជិកបក្សដែលជាប់ពន្ធនាគារ១៣នាក់។

នគរបាលបានឃាត់ខ្លួនសមាជិកគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យចំនួន១៣នាក់កាលពីថ្ងៃសៅរ៍ ដោយចោទពួកគេថា បានបំផ្លាញដំណាំ និងប៉ុនប៉ងចាប់យកដីរដ្ឋក្នុងឃុំតេជោអភិវឌ្ឍន៍ នៅស្រុកឈូក។

អ្នកតវ៉ាឈ្មោះ រិន កុសល បាននិយាយថា បុរសទាំងនោះជាមនុស្សគ្មានកំហុសទេ ហើយគ្រាន់តែការពារសមាជិកគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យឈ្មោះ លី គឹមហុង ដែលគាត់និយាយថាបានជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីយូរមកហើយជាមួយបងប្អូនស្រីរបស់ខ្លួនទាក់ទិនដីមួយកន្លែងទំហំ២៥អានៅទីនោះ។

គាត់បាននិយាយថា ”នគរបាលបានឃាត់ខ្លួនសមាជិក និងអ្នកគាំទ្ររបស់យើងកាលពីរសៀលម្សិលមិញ ហើយឥឡូវយើងមកស្នើសុំឲ្យសមត្ថកិច្ចដោះលែងពួកគាត់ ពីព្រោះពួកគាត់មិនបានធ្វើអ្វីខុសទេ។ មនុស្ស១៣នាក់នោះបានព្យាយាមឃាត់ស្ត្រីម្នាក់មិនឲ្យដាំដំណាំលើដីមានជម្លោះនោះ ហើយនគរបាលប្រហែល២០នាក់បានមកដល់”។

ស្នងការនគរបាលខេត្ត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងផ្សេងពីនេះ។ លោកមានប្រសាសន៍ថា “យើងបានឃាត់ខ្លួនមនុស្សចំនួន១៣នាក់កាលពីម្សិលមិញ ពីព្រោះពួកគេបានបំផ្លាញដំណាំរបស់អ្នកភូមិម្នាក់ ហើយពួកគេក៏បានឈូសឆាយដីរដ្ឋប៉ុនប៉ងដណ្តើមយកដីនោះដែរ”។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានមានប្រសាសន៍ថា លោកមិនប្រាកដថា ដីចំនួនប៉ុន្មានដែលពួកជនសង្ស័យរងការចោទប្រកាន់ថាបានឈូសឆាយនោះទេ ប៉ុន្តែថា ក្រុមនេះកំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។

លោក ស៊ឹម វុទ្ធា អភិបាលរងខេត្តបានមានប្រសាសន៍ថា ដីមានជម្លោះនោះស្ថិតក្នុងតំបន់សម្បទានសង្គមកិច្ចទំហំ១.២៨០ហិកតាដែលត្រូវបានផ្តល់ជូនគ្រួសារផ្សេងៗទៀតរួចទៅហើយ។

លោកបានមានប្រសាសន៍ថា ”ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្តឹងមកសមត្ថកិច្ចរបស់យើង និងបានចោទមនុស្សចំនួន១៣នាក់នោះ និងឈ្មោះ លី គឹមហុង ថាបានប៉ុនប៉ងដណ្តើមយកដីរបស់គ្រួសារនេះ”។

លោកបានបន្តថា នគរបាលកំពុងបន្តស្វែងរកលោក លី គឹមហុង ដែលបានគេចពីការឃាត់ខ្លួននៅពេលប្រឈមមុខគ្នានោះ។ ជនសង្ស័យ១៣នាក់នោះនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃច័ន្ទនេះ។

លោកបានបដិសេធថា ការចាប់ឃាត់ខ្លួននេះមិនពាក់ព័ន្ធនយោបាយទេ។ “យើងមិនបានឃាត់ខ្លួនសមាជិកគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យទេ។ យើងបានឃាត់ខ្លួនជនល្មើស ពីព្រោះពួកគេបានប៉ុនប៉ងកាន់កាប់ដីសម្បទានសង្គមកិច្ច”។

គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យដឹកនាំដោយលោក ខឹម វាសនា ជាអ្នកនយោបាយនិយាយមិនសំចៃមាត់ដែលល្បីល្បាញដោយសារកម្មវិធីវិទ្យុវាយប្រហាររបស់លោក។ ទោះជាយ៉ាងនេះក្តី គណបក្សរបស់លោកទទួលបានជោគជ័យតិចតួចណាស់នៅក្នុងការបោះឆ្នោត ដោយឈ្នះបានតែអាសនៈក្រុមប្រឹក្សាស្រុកមួយប៉ុណ្ណោះនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៤៕ មានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស